
ភ្នំពេញៈ នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤ ឯឧសាយ ឈុំ អនុប្រធានទី១ព្រឹទ្ឋសភា បានអនុញ្ញាតិឱ្យឯឧ Joachim Baron von Marschall ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហព័ន្ឋអាល្លឺម៉ង់ប្រចាំកម្ពុជា ចូលជួបសម្តែងការសម និងធ្វើសវនការ ។

មានប្រសាសន៍នៅក្នុងជំនួបនេះ ឯឧ សាយ ឈុំ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលក៏ដូចជាប្រជាជនអាល្លឺម៉ង់ ដែលបានជួយដល់ប្រទេសកម្ពុជាជាច្រើន រួមទាំងអង្គការសង្គមស៊ីវិលផងដែរ ជាពិសេស គឺកិច្ចសហប្រតិបត្តិការដ៏ល្អរបស់អង្គការខនរ៉ាត ជាមួយអគ្គលេខាធិការដ្ឋានព្រឹទ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ហើយខនរ៉ាត់ក៏បានជួយលើវិស័យជាច្រើនដល់កម្ពុជា ដូចជា កំណែទម្រង់រដ្ឋបាលនិងវិមជ្ឍការ ការពង្រឹងគណបក្សនយោបាយ ការអប់រំនយោបាយ ការអភិវឌ្ឍសកម្មភាពនៅក្នុងរដ្ឋសភា ព្រឹទ្ឋសភា កំណែទម្រង់ច្បាប់និងអនុវត្តន៍ច្បាប់ ជាពិសេសគឺការអភិវឌ្ឍវិស័យពត៌មាន ។
ជាមួយគ្នានេះ ឯឧឯកអគ្គរដ្ឋទូត Joachim Baron von Marschall បានថ្លែងនូវការអប់អរសាទរ នូវកិច្ចពិភាក្សាបញ្ចប់វិបត្តិនយោបាយក្រោយការបោះឆ្នោត កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣កន្លងមក ដោយជោគជ័យ ដែលគណបក្សនយោបាយទាំងពីរ បានរកដំណោះស្រាយតាមរយៈការពិភាក្សា ឈានដល់ការស្រុះស្រួលគ្នា ព្រមទាំងបានចូលគាល់ព្រះមហាក្សត្រថែមទៀតផង ។

ឯកឧត្តម បានសន្យាថា នឹងជួយជ្រោមជ្រែងដល់ប្រទេសកម្ពុជា ក្នុងការអភិវឌ្ឍច្បាប់ តាមរយៈអង្គការខនរ៉ាត់ ក៏ដូចជាខ្លួនលោកផ្ទាល់ ដែលជាអ្នកជំនាញផ្នែកច្បាប់រដ្ឋធម្មនុញ្ញ ។ ឯ .ឧ ឯកអគ្គរដ្ឋទូត ក៏បាលើកជាសំនួរ ជំរាប ឯឧ សាយ ឈុំ ថា តើព្រឹទ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងមានការប្រែប្រួលអ្វី និងការកែសម្រួលអ្វី ឬក៏អត់ ? ។
ជាការឆ្លើយតប ឯឧអនុប្រធានទី១នៃព្រឹទ្ឋសភា ប្រសាសន៍ថា ជាដំបូងយើងនឹងពិភាក្សាគ្នា ដើម្បីរៀបចំល័ក្ខតិកៈ និងបទបញ្ជាផ្ទៃក្នុងជាមុនសិន ហើយការកែ ឬរៀបចំអ្វីទៀតនោះ គឺរង់ចាំភាពជាក់ស្តែង ៕




































