ស្ទឹងត្រែង:រថយន្តប្រភេទសាំយ៉ុងដឹកឈើបន្តគ្នាចេញពីសិប្បកម្មក្នុងក្រុងស្ទឹងត្រែងរាល់យប់ដោយឆ្លងកាត់ចំណុចអូរពងមាន់តាមផ្លូវជាតិលេខ 7 ឆ្ពោះទៅកាន់ខេត្តក្រចេះ។សកម្មភាពនោះទំនងជាឈ្មួញស៊ុំគ្រលុំគ្នាជាមួយសមត្ថកិច្ចនៅតាមដងផ្លូវលាក់បាំងមិនឲ្យអភិបាលខេត្តស្ទឹងត្រែងដឹង។
តាមប្រភពព័ត៌មានបានឲ្យដឹងថារាល់ទៀបភ្លឺគេតែងតែឃើញរថយន្តក្រុមផ្ដាច់ព្រលឹងបើកលឿនដូចព្យុះដឹកឈើចេញពីក្រុងស្ទឹងត្រែងឆ្លងកាត់អូរពងមាន់ទៅខេត្តក្រចេះបន្តគ្នា។ពេលរថយន្តក្រុមនោះចេញដំណើរម្ដងៗគ្មានសមត្ថកិច្ចណាហ៊ានឃាត់ត្រួតពិនិត្យឡើយទោះបីជាដាក់បង្កប់ឈើប្រណីតខុសច្បាប់យ៉ាងណាក៏ដោយ។
អ្នករកស៊ីតូចតាចត្អូញត្អែថាបើសិនជាហ៊ានប្រកបមុខរបរដឹកឈើកែច្នៃទ្វាបង្អួចបន្តិចបន្តួចតាមផ្លូវជាតិលេខ 7 មិនបានប្រាប់សមត្ថកិច្ចតាមដងផ្លូវទេប្រាកដជាឃាត់រថយន្តដាក់ខ្នោះទាំងមនុស្សយកទៅកន្លែងរបស់សមត្ថកិច្ចដោយដាក់បន្ទុកថាដឹកជញ្ជូនឈើគ្មានការអនុញ្ញាតពីជំនាញរដ្ឋបាលព្រៃឈើ។តែបើសិនជាត្រូវរ៉ូវគ្នាហើយគេមិនហ៊ានទៅក្បែររថយន្តដឹកឈើឡើយ។
ប្រភពមួយទម្លាយឱ្យដឹងថាសព្វថ្ងៃនេះមានឈ្មួញជាច្រើននាក់ក្នុងនោះឈ្មួញចាស់វស្សាម្នាក់ឈ្មោះចែភ័ណ្ឌ។នៅពេលរៀងរាល់ព្រលប់គេតែងឃើញរថយន្តសាំយ៉ុង 3 ទៅ 4 គ្រឿងដើរប្រមូលឈើគ្រឿងសង្ហារឹមពីរោងសិប្បកម្មក្នុងខេត្តស្ទឹងត្រែងរួចហើយហើយទៅឈប់ថតនៅផ្ទះឈ្មោះចែភ័ណ្ឌនៅផ្លូវខាងក្រោយវិទ្យាល័យព្រះរាជបូជនីយកិច្ចស្ថិតក្នុងភូមិព្រែកសង្កាត់ស្ទឹងត្រែងក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែង។
តាមប្រភពព័ត៌មានបានប្រាប់ឲ្យដឹងទៀតថាក្រុមរថយន្តរបស់ឈ្មោះចែភ័ណ្ឌបើកលឿនណាស់ត្រូវបានគេដាក់ឈ្មោះថាគឺជាក្រុមដាច់ព្រលឹងដែលដឹកឈើចេញពីក្រុងស្ទឹងត្រែងឆ្លងកាត់ខេត្តក្រចេះបន្តកន្ទុយគ្នាហើយគ្មានសមត្ថកិច្ចណាហ៊ានប៉ះពាល់ឡើយ។នៅខេត្តក្រចេះមាននគរបាលម្នាក់នៅពីក្រោយខ្នងរត់ការរថយន្តដឹកឈើឈ្មោះចែភ័ណ្ឌនោះ។
ពេលក្រុមផ្ដាច់ព្រលឹងចេញដំណើរម្ដងៗសូម្បីតែកម្លាំងនគរបាលចរាចរណ៍ខេត្តស្ទឹងត្រែងឈរជើងលើកំណាត់ផ្លូវជាតិលេខ 7 ព្រំប្រទល់ស្ទឹងត្រែងក្រចេះក៏ពុំហ៊ានប៉ះពាល់ដែរ។
ឈើកែច្នៃដែលក្រុមផ្ដាច់ព្រលឹងដឹកជញ្ជូនគឺគ្មានច្បាប់អនុញ្ញាតពីមន្ត្រីជំនាញឡើយ។រីឯប្រភពឈើត្រូវបានគេដឹកជញ្ជូនតាមម៉ូតូរឺុម៉កនិងរថយន្ដជារាងរាល់យប់ចូលទៅកែច្នៃនៅក្នុងសិប្បកម្មក្នុងក្រុងស្ទឹងត្រែងរាប់សិបកន្លែងជាមុនសិន។រួចហើយទើបគេដឹកជញ្ជូនចេញទៅក្រៅខេត្តនិងមានបង្កប់ឈើខុសច្បាប់ជាច្រើននៅពីក្រោម។
កន្លងមកក្រុមគណៈកម្មការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិបានចុះពិនិត្យតាមសិប្បកម្មច្រើនកន្លែងក្នុងក្រុងស្ទឹងត្រែងឃើញថាសិប្បកម្មទាំងអស់ភាគច្រើនមានការអនុញ្ញាតពីជំនាញរដ្ឋបាលព្រៃឈើមន្ទីរកសិកម្មខេត្តស្ទឹងត្រែងអាជ្ញាធរពាក់ព័ន្ធ។ប៉ុន្តែការដឹកប្រមូលឈើយកទៅកែច្នៃអាណាធិបតេយ្យគ្មានប្រភពច្បាស់លាស់ឡើយធ្វើឲ្យរដ្ឋបាត់បង់ប្រាក់ចំណូលក៏មិនតិចដែរ។
ក្រោយពីមានការចុះពិនិត្យរបស់គណៈកម្មការមិនបានប៉ុន្មានផងសិប្បកម្មស្ទើរទាំងក្រុងស្ទឹងត្រែងត្រូវបានដំណើរការបន្លឺសំឡេងលាន់រំពងគ្រប់កន្លែង។សូមថ្នាក់ជាតិចុះពិនិត្យមើលផង៕