ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភថវិកា៥០លានរៀល ក្នុង១ខេត្តផងដែរ ដើម្បីឱ្យខេត្តទាំងនោះរៀបចំដោះស្រាយបញ្ហាចំពោះមុខ ដើម្បីទប់ស្កាត់ការចម្លងមេរោគកូវីដ១៩ ពីប្រទេសថៃ។ ខេត្តទាំង៧ ដែលជាប់ព្រំដែនថៃនោះ រួមមានខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ព្រះវិហារ ឧត្តរមានជ័យ ពោធិ៍សាត់ និងកោះកុង។
ជាមួយនេះ សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាទៅអាជ្ញាធរខេត្តចំនួន៧ ដែលនៅជាប់ព្រំដែនកម្ពុជា-ថៃ ឱ្យពង្រឹងការធ្វើចត្តាឡីស័កសម្រាប់ពលករខ្មែរដែលត្រឡប់មកប្រទេសថៃ រយៈពេល១៤ថ្ងៃពេញ ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ដែលកំពុងផ្ទុះឡើងយ៉ាងខ្លាំងក្លា ជាង៥០០ករណីក្នុង១ថ្ងៃ នៅខេត្តសាមុតសាខន ប្រទេសថៃ។ នេះបើតាមលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ។
លោកជំទាវ យក់ សម្បត្តិ បានបន្តថា តាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន, រាល់ពលករទាំងអស់ ដែលត្រឡប់មកពីប្រទេសថៃ ពេលនេះត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ពេញពេលចូលមកកម្ពុជា ហើយសម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យអភិបាលខេត្តទាំង៧ ដែលនៅជាប់ព្រំដែនថៃ រឹតបន្តឹង និងពង្រឹងការធ្វើចត្តាឡីស័កឱ្យបាន រយៈពេល១៤ថ្ងៃ ទាំងពលករខ្មែរទៅធ្វើការនៅប្រទេសថៃ និងត្រឡប់មកវិញ ដើម្បីទប់ស្កាត់ការចម្លងកូវីដ១៩ ហើយការធ្វើចត្តាឡីស័កនេះ ត្រូវធ្វើឡើងនៅព្រំដែនតែម្តង។
កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ប្រទេសថៃ បានប្រកាសពីការរកឃើញករណីឆ្លង COVID-19 ដល់ទៅជាង៥០០ករណី ក្នុងចំណោមពលករចំណាកស្រុក នៅឯខេត្តសាមុតសាខន (Samut Sakhon) ភាគនិរតីទីក្រុងបាងកក ខណៈវាជាចំនួនករណីឆ្លងដ៏ច្រើនបំផុតដែលត្រូវបានរាយការណ៍ក្នុងរយៈពេលត្រឹម១ថ្ងៃ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី២០ ខែធ្នូ ឆ្នាំ២០២០។
អាជ្ញាធរប្រយុទ្ធប្រឆាំងជំងឺឆ្លងនៃប្រទេសថៃ បានឲ្យដឹងថា ករណីឆ្លងថ្មីៗនៃ COVID-19 ចំនួន៥១៦ករណីត្រូវបានរកឃើញ ក្រោយពីការធ្វើតេស្តដែលរួមមានទាំងពលករចំណាកស្រុកចំនួន ១,១៩២នាក់។ ករណីថ្មីៗទាំងនេះ គឺជាប់ពាក់ព័ន្ធជាមួយនឹងករណីឆ្លងក្នុងសហគមន៍៤ករណី ដែលត្រូវបានរកឃើញនៅផ្សារលក់បង្គារមួយកន្លែងក្នុងខេត្ត Samut Sakhon កាលពីថ្ងៃសុក្រ ដោយករណីដំបូងបំផុតជាស្រ្តីវ័យ៦៧ឆ្នាំម្នាក់ ដែលជាអ្នកលក់នៅក្នុងផ្សារ ៕