ពលរដ្ឋ នៅ ឃុំ ថ្មពូន ស្រុក ព្រៃឈរ និយមដាំ ដំណាំចេក ណាំវ៉ា ដើម្បីផ្គត់ផ្គង់ជីវភាព គ្រួសារ

កំពង់ចាម : ប្រជាពលរដ្ឋ នៅឃុំ ថ្មពូន ស្រុក ព្រៃឈរ ខេត្តកំពង់ចាម ដែល និយម ប្រកប មុខរបរ កសិកម្ម ប្រមាណ ជា ៦០% លេី ផ្ទៃដី ប្រមាណ ជាជាង ៥ពាន់ ហិកតា នៅ តែ បន្ត ដាំដុះ ដំណាំ ចេកណាំវ៉ា ព្រោះ វា មាន ទីផ្សារ ដែល អាច ផ្គត់ផ្គង់ ជីវភាពក្នុង គ្រួសារ បាន យ៉ាង ល្អ ប្រសើរ ។

លោកស្រី សុទ្ធ សុភាព ជា អ្នក ដាំ ដំណាំ ចេក ណាំវ៉ា និង ជាឈ្មួញ កណ្ដាល ម្នាក់ រស់នៅ ភូមិ ទួល ថ្ម ឃុំ ថ្មពូន បាន ឲ្យដឹងថា ការ ដាំ ចេក ណាំវ៉ា នេះ ក្នុង រយៈពេល ១ខែ ត្រូវ ប្រមូល ផល បាន ២ដង ដោយ ក្នុង ១ដងបានពី ៣០០ទៅ៦០០ស្និត ចំពោះ ការ ប្រមូល ទិញ ចេកណាំវ៉ា ជារៀង រាល់ ថ្ងៃ នេះ គឺ គាត់ បាន ទិញ ចូល ក្នុង ១ស្និត តម្លៃ ១៥០០រៀល ហើយ ដឹក យក ទៅ លក់ នៅ រាជធានីភ្នំពេញ ក្នុង ១ស្និត តម្លៃ ១៨០០រៀល ដោយ ក្នុង ១រថយន្ត ពី ២ទៅ៤ពាន់ ស្និត ។
ដោយ ឡែក លោក ស្រី ថ្លាង ចាន់លីម រស់នៅ ភូមិទួលថ្ម ឃុំ ថ្មពូន បាន ឲ្យដឹងថា ការ ប្រមូល ទិញ ចេក ណាំវ៉ា នេះ ដែរ គាត់ បាន ទិញ ចូល ក្នុង ១ស្និត តម្លៃ ១៥រៀល ហើយ ដឹក យក ទៅ លក់ នៅ រាជធានីភ្នំពេញ ក្នុង ១ស្និត តម្លៃ១៧០០រៀលទៅ១៨០០រៀល ដោយ ក្នុង ១ រថយន្ត ដឹក បានពី៣ពាន់ ស្និត ទៅ ៤ពាន់ ស្និត ហេីយ ក្នុង ខែ ដឹក បានពី ៧ទៅ ៨ជេីង ចំពោះ ប្រាក់ ចំណេញ ត្រូវ បែងចែក ទៅ ឲ្យ ថ្លៃ ឈ្នួល កម្មករ និង ការ ដឹក ជញ្ជូន ផងដែរ ។

លោក វុទ្ធី រស់នៅ ក្នុង ឃុំ ថ្មពូន បាន ឲ្យដឹងថា ការ ប្រកប មុខ របរ ដាំ ដំណាំ ចេក ណាំវ៉ា នេះ គឺ វា ពិបាក កំណត់ ដែរ ព្រោះ ទិន្នន័យ មិន សូវ ទៀងទាត់ អាស្រ័យ លើ ចេក ដាំ ថ្មី និង ចេក ចាស់ ព្រមជាមួយ អាកាសធាតុ តាម រដូវ កាល ទៀត ផង ក្នុង នោះ គាត់ មាន ដី ទំហំ ជាង ៣ ហិកតា ដោយ ប្រមូល ផល បាន ២ដង ក្នុង ១ខែ ដែល បាន ប្រាក់ កម្រៃ ចាប់ ពី ៤០ ម៉ឺន រៀល ទៅ៥០ ម៉ឺន រៀល ក្នុង ១ហិកតា គ្រាន់ ដោះស្រាយ ជីវភាព ក្នុង គ្រួសារ ។

សូមបញ្ជាក់ផងដែរថា ដំណាំចេកគឺមានសារសំខាន់ណាស់សំរាប់ធ្វើម្ហូប និងចំនីអាហាររួមមាន យកផ្លែចេកមកធ្វើ ចេកឆាប ចេកចៀន ស្ករគ្រាប់ចេក ចំរាញ់ចេញជាស្រាចេក ហើយត្រសូង និងដើមគេយកធ្វើម្ហូបឬអន្លក់ផងដែរ៕