ស្ទឹងត្រែង៖ជារៀងរាល់ឆ្នាំកសិករតែងតែត្អូញត្អែរពីតម្លៃ កសិផលរបស់ខ្លួនថាលក់បានថោក ខណៈដែលវត្ថុធាតុដើមក្នុងការដាំដុះទាំង ពូជ ជី និង ថ្នាំ គីមីដែលនាំចូលពីប្រទេសជិតខាង ដូចជាប្រទេសវៀតណាម និងប្រទេសថៃ ថ្លៃកប់ពពក។ រដូវប្រមូលផលដំឡូងដើមរដូវនាឆ្នាំនេះ មានការស្រុតចុះខ្លាំងបើប្រៀបធៀបនឹងតម្លៃដំឡូងនៅឆ្នាំមុន ការស្រុតចុះនេះ ឈ្មួញបានអះអាងថា
ដោយសារតែខាងទីផ្សារប្រទេសថៃ ផ្អាកទទួលទិញ ដោយហេតុផលវិបត្តិនយោបាយនៅប្រទេសថៃ។ អ្នកស្រី ទូច សាភឿន ឈ្មួញទិញ ដំឡូងទៅលក់ឲ្យជាប្រចាំ ខេត្តស្ទឹងត្រែង ឲ្យដឹងថា អំឡុងពាក់កណ្តាលខែកក្កដានេះ អ្នកស្រីបានប្រមូលទិញកសិផលដំឡូង ពីកសិករ ក្នុងតម្លៃមួយគីឡូ ១៥០ទៅ២០០រៀល ដើម្បីបម្រុងនាំចេញលក់ឲ្យឈ្មួញថៃ តែដោយសារតែឈ្មួញថៃមិនចូលទិញ ហើយមានភ្លៀងធ្លាក់ផង ធ្វើឲ្យដំឡូងដែលប្រមូលពីកសិករខូចខាត។
អ្នកស្រីបានបញ្ជាក់ថា គាត់បានបង្វែរទិសលក់ទៅឲ្យឈ្មួញវៀតណាមវិញ តែឈ្មួញវៀតណាមទម្លាក់ថ្លៃទៀត ជាមូលហេតុដែលធ្វើឲ្យអ្នកស្រីផ្អាក ទិញបន្តពីកសិករ។ លោក ហុង ខាន់លី កសិករ រស់នៅ ស្រុកថាឡាបរិវ៉ាត់ បាននិយាយថាដំឡូងរបស់គាត់ចំនួន ២ហិកតា បន្ទាប់ពីប្រមូលផលហើយ ការលក់ចេញ ទៅឲ្យឈ្មួញ មានតម្លៃថោក ហើយតម្លៃនោះចុះ ជាបន្តបន្ទាប់។ លោកថា កាលពីឆ្នាំមុន ដំឡូងស្ងួត ក្នុងមួយ គីឡូក្រាម លក់បានតម្លៃ ៦០០ ទៅ៨៥០សិបរៀល តែឆ្នាំនេះលក់បានថោកជាងឆ្នាំមុនហើយភ្លៀងជោគជាំហាលមិនកើតផង។
ចំណែក កសិករនៅស្រុកសេសាន និងស្រុកសៀមបូកវិញក៏ជួបបញ្ហាទីផ្សារដូចគ្នាដោយហេតុថាមានឈ្មួញប្រមូលទិញតែមួយ ដែលធ្វើឲ្យតម្លៃទីផ្សារ ធ្លាក់ថ្លៃយ៉ាងខ្លាំង។ កសិករមួយរូប ទៀត អ្នកស្រី លី សាម៉ាសឃុំស្រែក្រសាំងបានឲ្យដឹងថា តម្លៃដំឡូងស្រស់លក់បានតែមួយគីឡូ ២០០រៀល ប៉ុណ្ណោះ បើប្រៀបឆ្នាំមុនតម្លៃជាង៣០០រៀលឯណោះ។ អ្នកស្រីថាឆ្នាំមុនមានឈ្មួញកណ្តាលប្រមូលទិញដឹកលក់ទៅឲ្យឈ្មួញ វៀតណាម និងថៃ តែពេលនេះ មានតែទីផ្សារខាងឈ្មួញវៀតណាមតែប៉ុណ្ណោះ។ អ្នកស្រីបានបញ្ជាក់ថាតម្លៃដំឡូងធ្លាក់ថ្លៃនេះធ្វើឲ្យកសិករខាតបង់ជា ច្រើន ដោយសារការចំណាយខ្ពស់លើកម្មករ និង ពូជ ជី និងថ្នាំគីមី ឡើងថ្លៃ រាល់ឆ្នាំ។
លោក លន់សាយលីន ប្រធានសភាពាណិជ្ជកម្មខេត្តស្ទឹងត្រែងបានថ្លែងថា ការធ្លាក់ថ្លៃនេះដោយសារតែរដូវប្រមូលផលដំឡូងកសិករ ស្របគ្នាជាមួយកសិករជាច្រើននៅតាមបណ្តាខេត្ត ប្រមូលផលដែរ ហើយចំណែកប្រទេសកម្ពុជានៅតាមតំបន់ព្រំដែន ពុំមានរោងចក្រធំៗសម្រាប់កែច្នៃ ធ្វើឲ្យកសិករជួបបញ្ហាទីផ្សារនេះ។ លោក ប្រធានពាណិជ្ជកម្ម ថ្លែងទៀតថា បច្ចុប្បន្ននេះពុំមានក្រុមហ៊ុនវិនិយោគបរទេសចូលមកបង្កើតរោងចក្រ កែច្នៃនៅក្នុងប្រទេសកម្ពុជានោះទេ គឺមានតែក្រុមហ៊ុនក្នុងស្រុក ក៏ជាមូលហេតុធ្វើឲ្យកសិផលជួបបញ្ហាទីផ្សារដែរ។
ទីផ្សារ កសិផល ក្នុងប្រទេសកម្ពុជា មានដូចជា ពោត ដំឡូងមី ស្រូវ និងកសិផលផ្សេងៗទៀត ដែលឈ្មួញកណ្តាល ភាគច្រើន ប្រមូលទិញពីកសិករ ត្រូវលក់បន្ត ទៅឲ្យ ឈ្មួញ នៅប្រទេស ជិតខាង ដូចជា ថៃ វៀតណាម ជាដើម ហើយស្របពេលដែលប្រទេសថៃ មានវិបត្តិនយោបាយ ប្រទេសកម្ពុជាក៏មិនទាន់អាចមានលទ្ធភាពរកទីផ្សារកសិផលជូនកសិករ បាន ធ្វើឲ្យកសិករមានក្តីព្រួយបារម្ភ នារដូវប្រមូលផលចុងដៃទៀត អំពីបញ្ហាទីផ្សារនេះ៕