អាជ្ញាធរជាតិអប្សរា ក្រោមការទទួលបន្ទុករបស់នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ សហការជាមួយស្ថាប័ន JASA ប្រទេសជប៉ុន និងអង្គការយូណេស្កូ បានរៀបចំសែនព្រែន សុំសេចក្តីសុខចម្រើន ដើម្បីបើកការដ្ឋានជួសជុលប្រាសាទបាយ័ន្តនៅជាន់ទី៣ ឱ្យផុតពីបញ្ហាប្រឈម មុននឹងបើកដំណើរការឱ្យភ្ញៀវចូលទស្សនាជាថ្មី។
តាមការបញ្ជាក់ពីឯកឧត្តម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅព្រឹកថ្ងៃទី០៦ខែមករាឆ្នាំ២០២១នេះថា ប្រាសាទបាយ័ន្តនៅរួតទី៣ បានទ្រុឌទ្រោមដោយសាររចនាសម្ព័ន្ធថ្មប្រាសាទក្រៀកចេញពីគ្នា ព្រោះតែអាកាសធាតុ អាយុកាលសំណង់ ការចុះខ្សោយនៃគុណភាពនៃរចនាសម្ពន្ធសំណង់ ដែលអាចនាំឱ្យមានគ្រោះថ្នាក់ដល់សំណង់ប្រាសាទទាំងមូល រួមទាំងទេសចរផង បើជួសជុលមិនទាន់ពេលវេលា។ឯកឧត្តមបញ្ជាក់ថា អាជ្ញាធរជាតិអប្សរានឹងដំណើរការជួសជុលមានដូចជា៖ ការរើថ្មចេញ ហើយរុញចូលវិញនៅជ្រុងទី៣ទិសខាងត្បូង ការទល់ទ្រកន្លែងដែលមានហានិភ័យរកកលនឹងរលំដួលចំនួន៥៦ចំណុចផ្សេងៗគ្នា។ក្នុងនោះក៏នឹងមានការរៀបចំបិទភ្ជិតលើថ្នេរថ្មដែលវាប្រេះកុំឱ្យវាជ្រាបទឹកចូល និងសម្រួលថ្មរដិបរដុបមិនរាបស្មើដើម្បីកុំឱ្យបង្កគ្រោះថ្នាក់ដល់ភ្ញៀវពេលដើរទស្សនាប្រាសាទ។ ក្នុងការអនុវត្តការងារនេះ ចាប់ផ្ដើមឡើងនៅដើមឆ្នាំ២០២១នេះ ដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរាខ្លួនឯងហើយនឹងចំណាយរយៈពេលមួយឆ្នាំដើម្បីជួសជុលប្រាសាទបាយ័ន្តនៅរួតទី៣នេះឱ្យរួចរាល់ជាស្ថាពរបើពុំមានបញ្ហារាំងស្ទះអ្វីកើតឡើងទាំងការរៀបចំគូសប្លង់សិក្សាស្រាវជ្រាវចងក្រងឯកសារនិងឆ្លងយោបល់ពីអ្នកជំនាញការអាដហុក។
យោងតាមឯកសារផ្សេងៗបានបង្ហាញថា ប្រាសាទបាយ័នមានទីតាំងស្ថិតនៅចំកណ្តាលនៃរាជធានីអង្គរធំ។ ប្រាសាទនេះកសាងនៅចុងសតវត្សរ៍ទី ១២ និងដើមសតវត្សរ៍ទី ១៣ ដោយព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទនេះមាន តួប៉មនីមួយៗ មានមុខបួន ដែលមានកំពូល ៤៩ និងកំពូលក្លោងទ្វារចូល៥ ទៀត សរុបទាំងអស់ ៥៤ កំពូល ដែលតំណាងឲ្យខេត្តក្រុងខ្មែរ ទាំង ៥៤ នៅសម័យកាលនោះ។ មានអ្នកប្រាជ្ញមួយចំនួនបានគិតថា មុខទាំង ៤ នោះតំណាងឲ្យព្រះពោធិសត្វលោកេស្វរៈនៃព្រះពុទ្ធសាសនាមហាយាន អ្នកខ្លះទៀត គិតថា ជារូបតំណាងព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទបាយ័នមានប្លង់បីជាន់។ ជាន់ទី១ និងទី ២ មានថែវដែលមានចម្លាក់ដ៏ល្វិចិត្រអ។ ប្រាង្គនៅកណ្តាល ១៦ និងស្ថិតនៅជាន់ទី ៣ មានរាងកាកបាទ។ សំណង់ប្រាសាទបាយ័នមានលក្ខណៈស្មុគស្មាញ ទាំងថែវ ផ្លូវដើរ និងជណ្តើរ។ ក្រៅពីទឹកមុខញញឹមនៃរូបបាយ័ន ប្រាសាទនេះមានចម្លាក់ដ៏ល្អប្រណីត ដែលរៀបរាប់ពីរឿងទេវកថានៅថែវខាងក្នុង និងខាងក្រៅ រៀបរាប់ពីជីវភាពរស់នៅរបស់ប្រជាជននៅសម័យអង្គរ មានទាំងផ្សារ ការនេសាទ ពិធីបុណ្យ ល្បែងប្រដាល់ ជល់មាន់។ល។ និងថែមទាំងមានការរៀបរាប់ពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្តចម្បាំង និងព្យុហយាត្រាជាដើម។ ចម្លាក់នោះឆ្លាក់បានជ្រៅជាងនៅ ប្រាសាទអង្គរវត្ត តែមានលក្ខណៈសាមញ្ញ។ ទិដ្ឋភាពនៃចម្លាក់ បង្ហាញដោយផ្ទាំងតាមជួរ ពីរឬបីជួរ៕