ឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តស្ទឹងត្រែង អញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ស្ថានីយ៍ស្រាវជ្រាវ និងផលិតកូនត្រីពូជ នៅស្រុកសេសាន ខេត្តស្ទឹងត្រែង

នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តស្ទឹងត្រែង អមដំណើរដោយឯកឧត្តមអភិបាលរងខេត្ត ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត និងមន្ទីរជំនាញជុំវិញខេត្ត បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ស្ថានីយ៍ស្រាវជ្រាវ និងផលិតកូនត្រីពូជ ស្ថិតក្នុងភូមិសាមឃួយ ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង លើទំហំដី ១០ ហិកតា ។

ស្ថានីយ៍នេះបានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយគ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងរយៈពេល ១០ ខែ។ ថវិកាសម្រាប់ការសាងសង់នេះគឺប្រមាណ ១,៧ លាន ដុល្លារអាមេរិក ដែលជាថវិកាហិរញ្ញប្បទានពីធានាគារពិភពលោក រួមជាមួយនឹងថវិកាបដិភាគពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈគម្រោងគ្រប់គ្រងធនធានទឹកចម្រុះទន្លេមេគង្គ ដំណាក់កាលទី ៣ សមាសភាគទី ១។ នៅក្នុងស្ថានីយ៍នេះ សំណង់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួននឹងត្រូវសាងសង់ រួមមាន រោងភ្ញាស់កូនត្រី រោងបំប៉នកូនត្រី អគារពិសោធន៍ អគារឃ្លាំង អគារស្នាក់នៅ អគារបណ្តុះបណ្តាល និងបណ្ណាល័យ រោងបូមទឹក ស្រះបំប៉នកូនត្រី ស្រះចិញ្ចឹមត្រីសាច់ ស្រះត្រីមេពូជ ស្រះស្តុកទឹកកខ្វក់ ស្រះស្តុកទឹកសម្រាប់ផ្គត់ផ្គង់ និងប្រព័ន្ធបង្ហូរទឹកជាដើម ។ល។

ឯកឧត្តមអ្នកតំណាងរាស្ត្រមានប្រសាសន៍បន្ថែមថា៖ ខេត្តស្ទឹងត្រែងគឺជាតំបន់ត្រីមេពូជសំខាន់ៗរស់នៅ និងពងកូន អញ្ចឹងទេស្ថានីយ៍នេះគឺពិតជាអាចរួមចំណែកមួយភាគធំក្នុងការស្រាវជ្រាវដើម្បីឈានទៅដល់ការផលិតកូនត្រីពូជសំខាន់ៗសម្រាប់ចែកចាយជូនដល់ប្រជាពលរដ្ឋចិញ្ចឹម និងមួយចំនួនទៀតព្រលែងចូលដែនទឹកធម្មជាតិដើម្បីបង្កើនផលស្តុកឡើងវិញ។
លោក ទុំ នីរ៉ូ នាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង បានបញ្ជាក់បន្ថែមថា ស្ថានីយ៍ស្រាវជ្រាវ និង ផលិតកូនត្រីពូជនៅខេត្តស្ទឹងត្រែងនេះគឺជាសំណង់ប្រវត្តិសាស្រ្តថ្មីមួយទៀត ក្រោមម្លប់សន្តិភាពនៃរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ពិនប្រសព្វរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ លោកនាយខណ្ឌបន្ថែមថា បន្ទាប់ពីការសាងសង់ហើយ ខណ្ឌនឹងខិតខំជម្រុញប្រជាពលរដ្ឋឲ្យធ្វើវារីវប្បកម្មដើម្បីបង្កើនជីវភាពគ្រួសារ ហើយម្យ៉ាងទៀតគឺកាត់បន្ថយការពឹងផ្អែកទាំងស្រុងលើត្រីពីធម្មជាតិ ដែលធនធានទាំងនេះមិនអាចបន្តផ្គត់ផ្គង់ដល់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋតទៅទៀតទេ។
ក្នុងនាមខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង លោកនាយខណ្ឌសូមអំពាវនាវដោយទទូចចំពោះបងប្អូនប្រជានេសាទទាំងអស់ សូមមេត្តាធ្វើនេសាទតែឧបករណ៍ស្របច្បាប់ ដើម្បីរួមគ្នាថែរក្សា ការពារ និងប្រើប្រាស់នូវធនធានជលផលដ៏កម្រនៃយើងឲ្យមាននិរន្តរភាពដល់កូនចៅជំនាន់ក្រោយៗទៀត។