សៀមរាបៈប្រជាពលរដ្ឋជិត៣០០នាក់ ក្នុងភូមិតានី និងភូមិខ្នារសង្គ្រាម ឃុំរុនតាឯក ស្រុកបន្ទាយស្រី នៅ ព្រឹកថ្ងៃទី១ខែសីហាឆ្នាំ២០១៤ បានលើកគ្នាមករារាំងបិទផ្លូវគ្រួសក្រហមមួយខ្សែ ប្រឆាំងមិនឲ្យក្រុមហ៊ុន ដឹក ដីនិងខ្សាច់ធ្វើចរាចរណ៏ទៀត ប្រសិនបើមិនមានលក្ខណ័រឿងធ្វើផ្លូវសងវិញ។ ក្រុមអ្នកភូមិថា ផ្លូវលំក្រាលគ្រួសក្រហមមួយខ្សែ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៦៧(ហាយវេ) ឆ្ពោះ ទៅកាន់ភូមិរបស់ពួកគាត់មានចម្ងាយជាង៣គីឡូម៉ែត្រ ផ្លូវនេះត្រូវបានបំផ្លាញជិត៣ឆ្នាំមកហើយ ដោយក្រុមហ៊ុន ដឹកដីក្រហមនិងខ្សាច់។
នៅរដូវប្រាំងពួកគេដឹកដីបង្ហុយ បង្កផលប៉ះពាល់ក្នុងការរស់នៅរបស់ពលរដ្ឋយ៉ាងខ្លាំង លុះរដូវវស្សាពួកគេសម្រុកដឹកដីនិងខ្សាច់បំផ្លាញផ្លូវយ៉ាងធ្ងន់ធ្ងរ ទោះបីពលរដ្ឋទាមទារឲ្យជួយជួសជុល ក៏ក្រុម ហ៊ុន ខាងលើមិនខ្វាយខ្វល់ គឺគិតតែប្រយោជន៏ពួកគេ។ ប្រភពបន្តថា កាលពីឆ្នាំកន្លងទៅទោះបីមានការបំផ្លាញ ផ្លូវពីសំណាក់ក្រុមឈ្មួញទាំងនេះ តែពលរដ្ឋនៅអាចធ្វើដំណើរចេញចូលបានខ្លះៗ តែពេលនេះចាប់ពីដើមរដូវ វស្សាមក មានឡានធំៗដឹកដីនិងខ្សាច់ក្នុងមួយថ្ងៃ៨០ទៅ៩០គ្រឿង។
ការដែលឡានធំៗទាំងនោះសម្រុកដឹករាប់ សិបឡានក្នុងមួយថ្ងៃ បានធ្វើឲ្យផ្លូវមួយខ្សែនេះបែកផុកលិចលង់ មិនអាចឲ្យអ្នកភូមិជិះកង់ឬម៉ូតូបាន សូម្បីតែ កូនសិស្សក៏មិនអាចធ្វើដំណើរទៅកាន់សាលារៀនបានឡើយ។ ករណីនេះហើយដែលបង្ខំឲ្យពួកគាត់ទាំងពីរភូមិ ធ្វើការរារាំង រហូតសម្រេចបិទផ្លូវបែបនេះ។ ក្រុមអ្នកភូមិបញ្ជាក់ថា ការបិទផ្លូវរបស់ពួកគាត់គឺមិនបញ្ឍប់ឡើយ ប្រសិនបើមិនមានតំណាងក្រុមហ៊ុន ដឹកដីនិងខ្សាច់ ចូលមកចរចារឬដាក់លក្ខណ័ អំពីការជួសជុលផ្លូវមួយខ្សែនេះនោះទេ។
ក្នុងស្ថានការដែលក្រុមអ្នកអ្នកភូមិ ពោពេញដោយកំហឹងមិនអនុញាតិឲ្យឡានធំៗចូលទៅដឹកដីនិងខ្សាច់ ជាបន្តនោះ គេឃើញឡានជាច្រើនគ្រឿងបានចតនៅមុខចំណុចទីតាំងកើតហេតុ ។ ជាមួយគ្នានោះដែរក៏មាន សមត្ថកិច្ចប៉ូលិសមូលដ្ឋាន នៅក្នុងហេតុការផងដែរ ក្នុងការរងចាំទប់ស្កាត់ខ្លាចក្រែងមានអំពើហឹង្សាកើតឡើង។ លោកអនុសេនីយ៏ត្រីគង់ កែន នាយប៉ុស្តិ៏នគរបាលឃុំ រុនតាឯក បាននិយាយថា ការបិទផ្លូវជាសិទ្ធិរបស់ ពលរដ្ឋ ឯសមត្ថកិច្ចរបស់លោក មានតួនាទីត្រឹមតែការពារប៉ុណ្ណោះ។
លោកបន្តថា តាមពិតផ្លូវមួយខ្សែនេះ ស្ទើតែ ជិះកង់ម៉ូតូលែងកើតទៅហើយ ប្រសិនបើមិនមានការជួសជុលមែននោះ។ មេឃុំរុនតាឯក លោកគុយ វ៉ៃ បានប្រាប់តាមទូរសព្ទ័ថា ពលរដ្ឋក្នុងមូលដ្ឋានពិតជាបានបិទផ្លូវមែន ទោះបី មានការស្នើសុំពីរូបលោក ឲ្យបើកវិញសិនរងចាំដោះស្រាយ។ តែពួកគាត់មិនព្រម ថែមទាំងទាមទារឲ្យតំណាង ក្រុមហ៊ុនចូលមកជួបចរចារ ដាក់លក្ខណ័ពីការជួសជុលទើមព្រមបើកវិញ។ លោកបន្តថា នៅព្រឹកកើតហេតុ លោកអភិបាលស្រុក បំរ៉ុងមកដោះស្រាយដែរតែដោយជាប់ប្រជុំ ទើបខកខានទៅវិញ លោកមេឃុំបានឲ្យដឹងទឿតថា ក្រុមហ៊ុនខាងលើនេះមានចំនួនបី ទី១ក្រុមហ៊ុនលី អ៊ុំអេង(ដឹកខ្សាច់)ទី២ ក្រុមហ៊ុន សំរតនា(ដឹកខ្សាច់)និងទី៣ក្រុមហ៊ុន អេង សុខហ្គិច(ដឹកដីក្រហម)។
ពេលនេះបុរសឈ្មោះចាម តំណាង ក្រុមហ៊ុនសំរតនា បានមកជួបពលរដ្ឋហើយ តែពួកគាត់មិនព្រម ពួកគាត់ទាមទារឲ្យតំណាងក្រុមហ៊ុន លីអ៊ុំអេង និងអេងសុខហ្គិច មកដាក់លក្ខណ័ពីកាជួសជុលផ្លូវទើបព្រម។ តំណាងក្រុមហ៊ុនលី អ៊ុំអេង លោកអូ មេង បានប្រាប់តាមទូរសព្ទ័ថា រឿងនឹងលោកបានដឹងហើយ តាមពិត ក្រុមហ៊ុនលោកតូចជាងគេទេ ពេលនេះខាងលោកគ្រោងដកខ្លួនចេញពីទីតាំងនោះហើយ។ ប៉ុន្តែលោកក៏មាន ជំហ៊រជួយធ្វើផ្លូវវិញដែរ បើក្រុមហ៊ុនផ្សេងទៀតព្រមធ្វើ។ ចំណែកក្រុមហ៊ុនពីរផ្សេងទៀត គេមិនអាចទំនាក់ទំនង ការបំភ្លឺបានទេ ជុំវិញការបិតផ្លូវរបស់ក្រុមអ្នកភូមិ។ រហូតមកទល់ល្ងាចថ្ងៃដដែល ក្រុមអ្នកភូមិនៅតែបន្តបិទផ្លូវនៅឡើយ ហេតុដូច្នេះដំណោះស្រាយយ៉ាង ណានោះគេមិនទាន់ដឹងនៅឡើយទេ៕