កំពង់ឆ្នាំង៖សកម្មភាពបទល្មើសឈ្នាងអូសលៀសខុសច្បាប់នអូសទាញដោយកម្លាំងម៉ាស៊ីនធំៗ បើទោះជាគេដឹងថាការនេសាទកាវលៀសដោយបែបនេះប៉ះពាល់យ៉ាងខ្លាំងដល់វារីសត្វ រុក្ខជាតិស្រទាប់បាត និងប្រព័ន្ធអេកូឡូស៊ីជលផលយ៉ាងធ្ងន់ធ្ងរ ដែលនាំឲ្យហិនហោចដល់មច្ឆាជាតិបែបណាក៍ដោយ ក៍គេនៅតែសង្កេតឃើញបទនេះពុំមានការថមថយ ខណៈសមត្ថកិច្ច និងជំនាញនៅទ្រឹងមិនចាត់វិធានការណ៍ទប់ស្កាត់ និងបង្ក្រាបឲ្យមានប្រសិទ្ធិភាពឡើយ ។
បើយោងតាមប្រភពប្រជានេសាទលក្ខណៈគ្រួសារក្នុងទឹកដីឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ និងភូមិបាឡត ឃុំពាមបាង ស្រុកស្ទោង បានប្រាប់ឲ្យដឹងថា សកម្មភាពអូសលៀសដោយខុសច្បាប់កើតឡើងជារៀងរាល់ឆ្នាំគ្មានការថមថយឡើយ។ នៅក្នុងរដូវឆ្នាំ២០២១ នេះ ទូកកាវលៀសប្រើប្រាស់ម៉ាស៊ីនធំៗមានប្រមាណពី៣០ទៅ៤០គ្រឿង និងមានទូកខ្នាតតូចៗប្រមាណ២០ទៅ៣០គ្រឿងផ្សេងទៀតដែលក្រុមអ្នកប្រព្រឹត្តទាំងនោះមកពីឃុំកំពង់ហ្លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ និងភាគច្រើនមកពី ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។
ប្រភពដដែលបានបង្ហើបឲ្យដឹងថា ក្រុមអ្នក នេសាទកាវលៀសល្មើសច្បាប់ទាំងនោះ ធ្វើការនេសាទយ៉ាងគគ្លើនគ្មានការកោតក្រែងអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចជំនាញឡើយ ដែលកន្លងមកក្រុមទូកកាវលៀសទាំងនោះបានអូសបំផ្លាញឧបករនេសាទលក្ខណៈគ្រួសាររបស់ពួកគាត់ដូចជា មង សន្ទូច និង សៃយ៉ឺនកំពិសរបស់គាត់ខូចខាតគ្មានសល់ ពេលពួកគាត់ទៅប្តឹងសមត្ថកិច្ចជួយដោះស្រាយ បែរជាធ្វើព្រងើយកន្តើយដាក់ពួកគាត់ទៅវិញ ។
បើយោងតាមអ្នករកស៊ីកាវលៀសមួយចំនួន បានបង្ហើបឲ្យដឹងថា ពួកគេនេសាទអូសលៀសបានដោយសេរីបែបនេះ មកពីពួកគេចេះរៀបចំកាដូតាមបែបវប្បធម៌ចែករម្លែកជូនដល់សមត្ថ កិច្ចពាក់ព័ន្ធគ្រប់ស្ថាប័ន ដូចជាបានបង់ខែជូនទៅស្ថាប័នផ្នែករដ្ឋបាលជលផលផាត់សណ្តាយ ដែលមានលោកយ៉ាន់ វិសាក់ ជានាយផ្នែក ក្នុងមួយក្បាលទូកបង់ពី២០ម៉ឺនទៅ៣០ម៉ឺនរៀល តាមទូកតូចឬធំ រីឯ លោក ចាយ គង់ម៉េង ជានាយរងខណ្ឌរដ្ឋបាលជលផលកំពង់ធំ ដែលគេដឹងថាចុះមកស៊ើបអង្កេតបទល្មើសនេសាទក្នុងភូមិសាស្ត្របឹងទន្លេសាបនៃទឹកដីខេត្តកំពង់ធំ យកទទួលប្រាក់ច្រើនជាងគេ ដោយអ្នក នេសាទអូសលៀសបង្ហើបឲ្យដឹងថាក្នុងមួយទូកៗចាប់ពី៤០ម៉ឺនរៀល ទៅ៦០ម៉ឺនរៀល ក្នុងមួយខែៗ ។
ទោះជាមានការប្រព្រឹត្តបទល្មើសនេសាទកាវលៀសទ្រង់ទ្រាយធំៗបែបនេះក្តី ក្រុមអ្នក នេសាទកាវលៀសល្មើសច្បាប់ទាំងនោះ បានត្អូញត្អែរថាមិនធ្លាប់ឃើញមានការតម្រូវឲ្យបង់ប្រាក់ប្រចាំខែដូច លោក ចាយ គង់ម៉េង ពេលនេះឡើយ ពួកគាត់និយាយទាំងអស់សំណើចថា លោកចាយ គង់ម៉េង បំបែកឯកកត្តកម្មសាហាវ រហូតពួកគាត់ប្រឹងរកលុយបង់ជិតដាច់ខ្យល់ ។
គួររម្លឹកផងដែរ ៖ ការតម្រូវឲ្យបង់លុយប្រចាំខែ របស់លោក ចាយ គង់ម៉េង បែបនេះហាក់ដូចជាផ្គើនទៅនឹងសេចក្តីជូនដំណឹងឲ្យបញ្ឈប់ នូវសកម្មភាពនេសាទលៀសល្មើស ច្បាប់ លេខ ១១៧៣ របស់ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ចុះថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ បានបញ្ជាក់ថា ក្នុងករណីមិនបញ្ឈប់សកម្មភាពបទល្មើស ជនល្មើសត្រូវទទួលទោសតាមច្បាប់ស្តីពីជលផលដូចក្នុងមាត្រា ៩៤ ដែលបានចែងថាត្រូវពិន័យអន្តរ ការណ៍ពីរដ្ឋបាលជលផលពីមួយដងទៅពីរដងនៃតម្លៃទីផ្សារនៃវត្ថុពិតប្រាកដ ឯវត្ថុតាងត្រូវប្រគល់អោយសាម៉ីជនវិញ។ ដោយឡែកជនណាដែលប្រព្រឹត្តល្មើសចាប់ពីពីរដងទើងទៅ ឬនៅពេលយប់ត្រូវពិន័យអន្តរការណ៍ពី រដ្ឋបាលជលផលទ្វេរដងនៃប្រាក់ពិន័យវត្ថុតាងពិតប្រាកដ ឯវត្ថុតាងទាំងអស់ត្រូវរឹបអូសជាសម្បត្តិរដ្ឋបាលជលផលត្រូវសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិចាត់វិធាន ការទប់ស្កាត់និងបង្ក្រាបបទល្មើសនេះឲ្យបានតឹងរឹង និងម៉ឺងម៉ាត់បំផុត។
ពាក់ព័ន្ធនិងករណីប្រភពព័ត៌មានទទួលបានខាងលើនេះ អង្គភាពសារព័ត៌មានយើង មិនអាចសុំការបកស្រាយណាមួយពីលោក យ៉ាន់ វិសាក់ បាននៅឡើយទេ នៅព្រឹកថ្ងៃ០៦ ខែមីនា ឆ្នាំ២០២១ នេះ ដោយទូរស័ព្ទចូលលោកសួរថានរណា រួចក៍ដាច់ទូរស័ព្ទទៅវិញឯលោក ចាយ គង់ម៉េង វិញក៍មិនអាចសុំការបកស្រាយណាមួយបាននៅឡើយទេនៅព្រឹកថ្ងៃដដែលនេះ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល ។
យ៉ាងណាក្តីមហាជនរងចាំមើលថា តើក្រុមអ្នកនេសាទលៀសល្មើសច្បាប់ទាំង នោះមានការខ្លាចក្រែងរអានិងសេចក្តីជូនដឹងនោះឬទេ ? ចំណែកលោក ចាយ គង់ ម៉េង និង លោក យ៉ាន់ វិសាក់ យកទៅអនុវត្តនៅពេលណា?
- សារព័ត៌មានយើង លើកយកប្រភពទទួលបានយកមកចុះផ្សាយពេលនេះគឺគ្មានបំណងអ្វីក្រៅពីជាសារមួយជូនដល់ថ្នាក់ដឹកនាំបានជ្រាប ដើម្បីកំណត់មុខសញ្ញានិងទីតាំង ធ្វើការបង្ក្រាបអោយមានប្រសិទ្ធិភាព ដើម្បីការពារធនធានធម្មជាតិ និងបរិស្ថាន៕