ស្ថានីយ៍បូមទឹក និងអគាររោងចក្រផលិតទឹកស្អាតមួយ នៅខេត្តស្ទឹងត្រែង គ្រោងនឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅដើមឆ្នាំ២០២២ ខាងមុខនេះ

0

ខេត្តស្ទឹងត្រែង៖ ស្ថានីយ៍បូមទឹក និងអគាររោងចក្រផលិតទឹកស្អាតមួយ ដែលបានសាងសង់ឡើងនៅក្រុងស្ទឹងត្រែង ក្រោមជំនួយហិរញ្ញប្បទាន ឥណទាន សម្បទាន របស់ធនាគារអភិវឌ្ឍអាស៊ី (ADB) គ្រោនឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាដើមឆ្នាំ២០២២ ខាងមុខនេះ ក្រោយបញ្ចប់ការស្ថាបនារួចរាល់ ក្នុងការចំណាយទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ទាប់ នោះមក។

ដើម្បីពន្លឿនលើការស្ថាបនា អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន កាលពីថ្ងៃទី២កញ្ញាឆ្នាំ២០២១ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យការដ្ឋាន និងដំណើរការសាងសង់ស្ថានីយ៍បូមទឹក និងអគាររោងចក្រផលិតទឹកស្អាត ដែលជាហិរញ្ញប្បទាន ឥណទាន សម្បទាន របស់ធនាគារអភិវឌ្ឍអាស៊ី (ADB) ដែលបានសាងសង់ឡើង នៅក្នុងសង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ។

អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន​ បានមានប្រសាសន៍ថា  យោងតាមផែនការ ស្ថានីយ៍បូមទឹក និងអគាររោងចក្រផលិតទឹកស្អាតនេះ នឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវ នៅដើមឆ្នាំ២០២២ ខាងមុខនេះ ដែលគ្រាបច្ចុប្បន្ន ស្ថានីយ៍បូមទឹកសម្រេចបានលើការស្ថាបនា ១០០ភាគរយ ,អគាររោងចក្រផលិតទឹកស្អាត សម្រេចបាន ៩៥ភាគរយ និងការរៀបចំណ្តាញទឹកស្អាតបាន ៨០ភាគរយ នោះហើយ។

លោកអភិបាលខេត្ត មានប្រសាសន៍ទៀតថា គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ជាច្រើន ដល់ប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ទឹកស្អាតក្នុងក្រុងទាំងមូល និងស្រុកចំនួនពីរទៀត គឺស្រុកថាឡាបរិវ៉ាត់ និងស្រុកសេសាន ក៏នឹត្រូវតភ្ជាប់បណ្តាញទឹកស្អាតនេះ ផងដែរ ក្នុងគោលបំណង សម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងខេត្តស្ទឹងត្រែង ភាគឥសាន្តកម្ពុជា។

អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន​ បានមានប្រសាសន៍​ ដោយវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការល្អ រវាងអាជ្ញាធរខេត្ត អង្គភាពទឹកស្អាតសាធារណៈ ក្រុមហ៊ុនឯកជន និងដៃគូអភិវឌ្ឍមកពីធនាគារ(ADB) ក៏ដូចជា ធនាគារពិភពលោក (WB) ពិសេស ក្រោមការជួយគាំទ្រពី លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់ការអភិវឌ្ឍលើវិស័យទឹកស្អាត។

លោក ម៉ុម សារឿន​ អភិបាលខេត្តស្ទឹងត្រែង ​បានមានប្រសាសន៍ ណែនាំដល់ក្រុមការងាររៀបចំបណ្តាញទឹកស្អាត ត្រូវសហការជាមួយមន្ទីរពាក់ព័ន្ធ ដើម្បីធ្វើការសំអាតតាមដងផ្លូវនានាក្នុងខេត្ត ក្នុងពេលបញ្ចប់ការជីកដាក់ប្រព័ន្ធ រៀបចំបញ្តាញទឹករួចរាល់ ត្រូវបោសសម្អាតដីចេញពីផ្លូវបេតុង និងផ្លូវកៅស៊ូ នៅក្នុងក្រុងឲ្យបានស្អាត ដើម្បីធានាការប្រើប្រាស់ផ្លូវបានយូរអង្វែង ប្រកបដោយសោភ័ណ្ឌភាពស្រស់ត្រកាល និងធានាបាននូវផាសុខភាពជូនប្រជាពលរដ្ឋ ទូទៅ ផងដែរ៕ ដោយ៖ឡុង សំបូរ