រាជភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានជំរុញបណ្តាប្រទេស ក្នុងមហាអនុតំបន់មេគង្គ ប្តេជ្ញាពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការ និងសកម្ម ភាពអាទិភាព ដែលបានអនុម័តក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រថ្មី ដើម្បីដឹកនាំបណ្តាប្រទេសក្នុងមហាអនុតំបន់មេគង្គ ក្នុងការតស៊ូ និងជម្នះនូវបញ្ហាប្រឈមស្មុគស្មាញថ្មីៗ ក្នុងទសវត្សរ៍នេះ ។
សម្តេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា បានមាន ប្រសាសន៍ នៅក្នុងពិធីបិទកិច្ចប្រជុំកំពូល មហាអនុតំបន់មេគង្គលើកទី៧ ក្រោមមូលបទ មហាអនុតំបន់មេគង្គ ពង្រឹងភាពខ្លាំង ដើម្បីទប់ទល់នឹងបញ្ហាប្រឈមនៃទសវត្សរ៍ថ្មី នៅព្រឹកថ្ងៃទី៩ ខែកញ្ញាឆ្នាំ២០២១ នៅរាជធានីភ្នំពេញ ។
សម្តេចតេជោ មានប្រសាសន៍ទៀតថា កិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គរៀង រាល់៣ឆ្នាំម្តងនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់នៅក្នុងក្របខ័ណ្ឌ នៃកម្មវិធីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច នៃមហាអនុតំបន់មេគង្គ ដែលនៅក្នុងកិច្ចប្រជុំកំពូលលើកទី៧នេះ បានអនុម័តលើក្របខ័ណ្ឌយុទ្ធសាស្ត្រថ្មី ដែលជា ឯកសារទី៣ សម្រាប់កម្មវិធីសហប្រតិបត្តិការមហាអនុតំបន់មេគង្គ ។
សម្តេចបានថ្លែងបន្តថា បណ្តាប្រទេសក្នុងមហាអនុតំបន់មេគង្គ កំពុងចាប់ផ្តើមទសវត្សរ៍ថ្មីនេះ ក្រោមវិបត្តិដ៏ស្មុគស្មាញមួយ ដែលកើតឡើងពីជំងឺកូវីដ-១៩ បាននាំមកជាមួយនូវផលប៉ះពាល់ ដែលអូសបន្លាយពេលយូរ និងធ្ងន់ធ្ងរ ចំពោះសុខភាពសាធារណៈនិងសេដ្ឋកិច្ច ។
សម្តេចនាយករដ្ឋមន្ត្រី មានប្រសាសន៍ទៀតថា ឥឡូវនេះ ទោះបីជាមានវ៉ាក់ សាំងដែលជាពន្លឺនៃក្តីសង្ឃឹមក៏ដោយ ត្រូវបានរំពឹងទុកថា កិច្ចខិតខំប្រឹងប្រែងនិងការប្តេជ្ញាយ៉ាងមុតមាំនៅតែចាំបាច់ ដើម្បីគ្រប់គ្រងជំងឺរាតត្បាតនេះ និងស្តារសេដ្ឋកិច្ចឱ្យមានប្រក្រតីភាពពេញលេញឡើងវិញ ខណៈដែលក្របខ័ណ្ឌយុទ្ធសាស្ត្ររយៈពេលវែង នៃមហាអនុតំបន់មេគង្គឆ្នាំ២០៣០ បានគូសបញ្ជាក់យ៉ាងត្រឹមត្រូវ ហើយឥឡូវនេះនៅមាននិន្នាការរយៈពេលវែង និងទូលាយជាងនេះ កំពុងស្ដែងចេញឡើង ដែលនឹងគំរាម កំហែងដល់ពិភពលោកទាំងមូល កំពុងត្រូវបានព្រមានអំពី“ភាពអាសន្ននៃអាកាសធាតុ”ដោយយើងកំពុងទទួលរងផលប៉ះពាល់ជាក់ស្តែង ពីគ្រោះមហន្តរាយធម្មជាតិ ផងដែរ។ បណ្តាប្រទេសក្នុងមហាអនុតំបន់មេគង្គ ក៏កំពុងមើលឃើញពីការគំរាមកំហែងជាបន្តបន្ទាប់ ទៅលើវឌ្ឍនភាព និងកំណើនសេដ្ឋកិច្ចពិភពលោក ដែលបណ្តាលមកពីគោលនយោ បាយពាណិជ្ជកម្មគាំពារនិយម និងមានលក្ខណៈជាឯកតោ ភាគីនិយម ។
« ដូច្នេះខ្ញុំសូមជំរុញឱ្យយើងទាំងអស់គ្នាប្តេជ្ញាពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរបស់យើងនិងបន្តអនុវត្តយុទ្ធសាស្ត្រនិងសកម្មភាពអាទិភាពដែលមាននៅក្នុងឯកសារពីរដែលយើងបានអនុម័តនៅថ្ងៃនេះ។ ខ្ញុំជឿជាក់ថា យុទ្ធសាស្រ្តទាំងនេះគឺត្រឹមត្រូវ និងត្រូវបានបង្កើតឡើងដោយផ្អែក លើការវាយតម្លៃយ៉ាងច្បាស់ លាស់លើបរិបទតំបន់និងពិភពលោក ដោយប្រកាន់ យកនូវដំណោះស្រាយដែលផ្អែកលើចំណេះដឹងជាមូល ដ្ឋាន ទោះយ៉ាងណាក៏ដោយ ជោគជ័យនឹងអាស្រ័យលើការអនុវត្តប្រកបដោយប្រសិទ្ធ ភាព ដូច្នេះយើងត្រូវតែប្រឹង ប្រែងក្នុងការតាមដានវឌ្ឍន ភាព និងវាយតម្លៃជានិច្ចនូវស្ថានភាពផ្លាស់ប្តូរឆាប់រហ័ស និងត្រូវមានភាពបត់បែនក្នុងការដោះស្រាយបញ្ហា » ។
ទោះជាយ៉ាងណា បណ្តាប្រទេសក្នុងមហាអនុតំបន់មេគង្គ បានបង្ហាញពីភាពធន់និងសមត្ថភាពឆ្លើយតបម្តងហើយម្តងទៀត ក្នុងការចាត់ វិធានការជាក់ស្តែងដើម្បីដោះ ស្រាយកង្វល់រួមទាំងនេះ ។ បណ្តាប្រទេសក្នុងមហាអនុតំបន់មេគង្គ យល់ច្បាស់អំពីសារសំខាន់នៃកិច្ចសហប្រតិ បត្តិការ និងសកម្មភាពរួមគ្នាជាងពេលណាៗទាំងអស់ ។ ការគំរាមកំហែងនិងបញ្ហាប្រឈមដែលជួបប្រទះ គឺមានផលរំខាននិងរាលដាលឆ្លងដែន ដូច្នេះត្រូវធ្វើសកម្ម ភាពរួមគ្នា។ សម្តេចជឿជាក់ថា កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ មានតម្លៃគួរឱ្យកត់សម្គាល់លើសពីការរួមបញ្ចូលនៃកិច្ចខិតខំប្រឹងប្រែងរៀងៗខ្លួន ក្នុងការដោះស្រាយបញ្ហារួម ៕