(ខេត្តកែប)៖ ក្នុងរយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ គិតចាប់ពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ មានអ្នកទេសចរជាតិ និងបរទេសមកកម្សាន្ត លម្ហែ នៅរមណីយដ្ឋានខេត្តកែប ចំនួន៧៥,៨៦៨នាក់ និងភ្ញៀវបរទេសចំនួន៦៦៧នាក់។នេះជាតួលេខសរុបដែលទទួលបានពីរដ្ឋបាលខេត្តកែប កាលពីល្ងាចថ្ងៃទី២០ខែវិច្ឆិកា ឆ្នាំ២០២១។
របាយការណ៍បានបញ្ជាក់ដែរថា ក្នុងរយៈពេលបីថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ តាមបណ្តាភូមិសាស្ត្រខេត្តកែប ពិតជាមានស្ថានភាពល្អ ដោយអាជ្ញាធរនិងសមត្ថកិច្ចបានរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ និងរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ បានល្អប្រសើរ គ្មានករណីកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។
សូមជម្រាបថា បើទោះជាក្នុងពិធីបុណ្យអំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ឆ្នាំនេះមានអ្នកទេសចរធ្វើដំណើរតាមរថយន្តចូលមកកាន់ខេត្តកែប មានចំនួន៩,១៣៩គ្រឿង ដែលជាតួលេខកើនឡើងជាងឆ្នាំមុន ប៉ុន្តែតម្លៃភាស៊ីចំណតរថយន្តមិនមានការឡើងថ្លៃនោះទេ។
ជាមួយគ្នានេះ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ រយៈពេល៣ថ្ងៃ គេឃើញវត្តមាន ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ក៏ដូចជា វត្តមានលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្ត បានដឹកនាំកម្លាំងដើម្បីរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ នៅតាមដងផ្លូវ គ្រប់ភូមិសាស្ត្រខេត្ត ពិសេសការរៀបចំសណ្តាប់ធ្នាប់នៅតាមមាត់ឆ្នេរ ចាប់ពីផ្សារក្តាម រហូតដល់ឆ្នេរលេងទឹក ដែលលទ្ធផលកិច្ចប្រតិបត្តិការនេះ ធ្វើឱ្យភូមិសាស្ត្រខេត្តកែបទាំងមូលមានលក្ខណៈល្អប្រសើរ គឺគ្មានបទល្មើសកើតឡើងគួរឱ្យកត់សម្គាល់នោះឡើយ៕ សេង ណារិទ្ធ








































