តម្លៃគ្រឿងសមុទ្រហាក់គ្មានភាពប្រែប្រួល បើទោះជាពុំសូវមានអ្នកទេសចរចូលមកកម្សាន្តក្នុងដើមសប្តាហ៍

(ខេត្តកែប)៖ បើទោះជាថ្ងៃដើមសប្តាហ៍ ពុំសូវមានក្រុមភ្ញៀវមកទស្សនានៅខេត្តកែប ប៉ុន្តែបើក្រលេកមើលការលក់ដូរគ្រឿងសមុទ្រនៅក្នុងផ្សារនៃតំបន់ខាងលើហាក់នៅតម្លៃធម្មតា គ្មានភាពប្រែប្រួល ដែលជាកត្តាមួយបង្កភាពងាយស្រួលដល់ពលរដ្ឋមានលទ្ធភាពអាចប្រកបអាជីវកម្មរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាព និងចិញ្ចឹមគ្រួសារបានកាន់តែប្រសើរ។នេះបើយោងតាមការលើកឡើង ពី លោក ឯម រតន៍មុន្នី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកែប នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១។

ទោះជាយ៉ាងណាក្តី លោក ឯម រតន៍មុន្នី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកែប បានបញ្ជាក់ថា ទោះជាប្រទេសកម្ពុជាយើង ពិសេសខេត្តកែប កំពុងរងនូវវិបត្តិខ្លះៗដោយសារកូវីដ-១៩ តែការលក់ដូរទំនិញនិងគ្រឿងសមុទ្រ គឺមានហាងឆេងធម្មតា(តម្លៃទូទៅ)។ប៉ុន្តែមានពេលខ្លះតម្លៃគ្រឿងសមុទ្រអាចមានហាងឆេងឡើងចុះបន្តិចបន្តួច តែក៏មិនឡើងថ្លៃហួសហេតុពេកនោះដែរ។

លោកប្រធានបានបញ្ជាក់ផងដែរថា សម្រាប់តម្លៃទូទៅក្នុងសប្តាហ៍នេះ ដូចជា៖ បង្គាស្រស់លេខ១ ក្នុង១គីឡូក្រាម តម្លៃ ៥០,០០០៛,មឹកស្រស់លេខ១ ក្នុង១គីឡូក្រាម តម្លៃត្រឹមតែ ៤៥,០០០៛ឬ៤០,០០០៛ ,ក្តាមសេះលេខ១ មានតម្លៃ ៦៥,០០០៛។ចំណែកមុខទំនិញផ្សេងៗទៀត គឺមានភាពប្រែប្រួលបន្តិចបន្តួច។

ដោយឡែកបើយោងតាម ការលើកឡើង ពីលោក ស្រី កុម្ភៈ ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពត ក៏បានបញ្ជាក់ផងដែរថា តម្លៃគ្រឿងសមុទ្រ រួមទាំងមុខទំនិញផ្សេងៗ នៅទីផ្សារខេត្តកំពត ក៏មានហាងឆេងប្រហាក់ប្រហែលគ្នានឹងខេត្តកែបដែរ ជួនកាលអាចខុសគ្នាបន្តិចបន្តួចប៉ុណ្ណោះ ហើយទោះជាបែបណា លោកនឹងខិតខំជំរុញឱ្យរាល់មុខទំនិញក្នុងស្រុកមានលំនឹង និងមានគុណភាពខ្ពស់ ដើម្បីប្រកួតប្រជែងមុខទំនិញនានាក្នុងទីផ្សារក្នុងស្រុករបស់យើង៕ សេង ណារិទ្ធ