(ខេត្តកំពត-កែប)៖ រហូតមកទល់ពេលនេះ បើទោះជាថ្ងៃបុណ្យឆ្លងឆ្នាំសកលឈានជិតចូលមកដល់ ប៉ុន្តែនៅខេត្តកំពត និងខេត្តកែប ហាក់ពុំទាន់មានភ្ញៀវណាម្នាក់មកកក់សណ្ឋាគារ ផ្ទះសំណាក់ ឬរីស្សត ដើម្បីសម្រាក លម្ហែឆ្លងឆ្នាំសកលនៅឡើយ។
នេះបើតាមការបញ្ជាក់ប្រាប់ឱ្យដឹងពីប្រធានមន្ទីរទេសចរណ៍ខេត្តកំពត និងម្ចាស់សណ្ឋាគារ ផ្ទះសំណាក់នានា នៅក្នុងខេត្តទាំងពីរ។
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានប្រាប់នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះថា បើទោះជាថ្ងៃឆ្លងឆ្នាំសកលជិតមកដល់ហើយ គឺនៅខ្វះតែកន្លះខែទៀតប៉ុណ្ណោះនឹងដល់ថ្ងៃឆ្លងឆ្នាំសកល តែពេលនេះមិនទាន់មានភ្ញៀវណាម្នាក់មកកក់សណ្ឋាគារ ផ្ទះសំណាក់ ក្នុងខេត្តកំពត នៅឡើយ។លោកថា វេលាដែលភ្ញៀវត្រូវមកកក់កន្លែងស្នាក់នៅ លុះត្រាតែជិតកៀកថ្ងៃបុណ្យ ដោយភាគច្រើននៅមុនថ្ងៃឆ្លងឆ្នាំប្រហែល ៣ទៅ៤ថ្ងៃ ទើបក្រុមភ្ញៀវសម្រុកមកកក់សណ្ឋាគារ និងផ្ទះសំណាក់ យ៉ាងពពាក់ពពូន។
ដោយឡែកបើតាមការរៀបរាប់ពីម្ចាស់ផ្ទះសណ្ឋាគារ ម្ចាស់ផ្ទះសំណាក់ ឬម្ចាស់រីស្សត ធំៗ ល្បីៗ នៅខេត្តកែបក៏បានប្រាប់ដែរថា ថ្វីដ្បិតខេត្តកែបជាខេត្តទេសចរណ៍យ៉ាងប្រណិត ប៉ុន្តែរឿងភ្ញៀវមកកក់សណ្ឋាគារ ផ្ទះសំណាក់នៅពេលនេះ មិនទាន់មាននៅឡើយទេ ព្រោះថាទម្លាប់ភ្ញៀវដែលមកពីបណ្តាខេត្តឆ្ងាយៗ សុទ្ធសឹងតែមកកក់មុនថ្ងៃឆ្លងឆ្នាំ យ៉ាងហោចណាស់ក៏៥ទៅ៦ថ្ងៃដែរ ព្រោះអ្នកមកពីខេត្តឆ្ងាយៗ ភាគច្រើនជាប់រវល់ប្រកបការងាររកស៊ី មិនខុសគ្នានឹងពលរដ្ឋនៅខេត្តកែបនោះទេ។
ទោះបែបណាក៏ដោយ ថ្វីបើភ្ញៀវមិនទាន់មកកក់សណ្ឋាគារ ផ្ទះសំណាក់ តែរៀងរាល់ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដែលជាថ្ងៃសម្រាកការងារ គេកត់សម្គាល់ឃើញ នៅតំបន់រមណីយដ្ឋានជាច្រើន ក្នុងខេត្តកំពត និងខេត្តកែប មានភ្ញៀវទេសចរសម្រុកមកលម្ហែ កម្សាន្ត រៀងរាល់សប្តាហ៍។កត្តាបែបនេះបញ្ជាក់ឱ្យឃើញថា នេះមកពីប្រទេសយើងមានសុខ សន្តិភាពពេញបរិបូរណ៍៕ សេង ណារិទ្ធ








































