បាល់ទាត់៖ សម្រាប់ការប្រកួតនៅក្នុងសប្ដាហ៍ទី ២៥ នៃក្របខណ្ឌកំពូលរបស់អេស្ប៉ាញ La Liga BBVA គឺមានរឿងរ៉ាវជាច្រើនដែលមិនស្មានដល់គឺក្រុមខ្លាំងចំនួន ២ គឺ Barcelona នឹង Atletico Madrid រងបរាជ័យយ៉ាងអាម៉ាស់ ខណៈដែលក្រុម Real Madrid កាក់កបជាងគេដោយបានបំបាក់ Elche 3-0 កាលពី ថ្ងៃ សៅរ៍កន្លងមក ។
ទោះបីការប្រកួតមិនមានវត្តមានរបស់ កីឡាករឆ្នើមរបស់ពិភពលោក Christiano Ronaldo ក៏ដោយ Real Madrid នៅតែអាចយកបាន ៣ ពិន្ទុ ក្រោយពីកីឡាករដែលទើបបង្ហាញខ្លួនលើកដំបូង Asier Lllarramendi ស៊ុតមួយជើងបានយ៉ាងល្អ ក្នុងនាទីទី ៣៤ ។
ហើយការប្រកួត ត្រូវអូស បន្លាយរហូតដល់នាទីទី ៧២ ទើប Real Madrid រកបានគ្រាប់ទី ២ របស់ខ្លួនបានដោយកីឡាករតំលៃខ្ពស់ មហាសាល Gareth Bale ដែលជាការបញ្ជូនពី Xabi Alonso ប្រើជើងឆ្វេងយ៉ាងប៉ិនប្រសព្វជាទីបំផុត ខណៈគ្រាប់ទី ៣ រកបានពីកីឡាករ Isco នៅនាទីទី ៨១ ដែលលើកនេះជាការ ហុចបាល់ ពីខ្សែ ប្រយុទ្ធ Karim Benzema ចប់ការប្រកួតក្រុម Real Madrid ឡើងទៅឈរលំដាប់ទី ១ ដោយមាន ៦៣ ពិន្ទុ ។
ការប្រកួតជាបន្តទៀតនេះគឺក្រុម Atletico Madrid សោកស្ដាយជាទីបំផុតក្រោយពីបរាជ័យក្រៅដីក្រោមថ្វីដៃនៃក្រុម Osasuna ដែលធ្វើឡើង នៅពហុកីឡដ្ឋាន Estadio El Sader ។ ការប្រកួតដំណើរការបានត្រឹមតែ ៦ នាទីប៉ុណ្ណោះ ក្រុមម្ចាស់ផ្ទះ Osasuna ដែលមានឯកសណ្ឋានពណ៌ឈាមជ្រូកគឺមាន ឧកាសធ្វើការនាំមុខមុនបានយ៉ាងល្អក្រោយពីការបញ្ជូន បាល់ពី Emilliano Daniel Armenteros ទៅឲ្យកីឡាករ Alvaro Cejudo ទំលុះអ្នកចាំទី At Madrid, Thibaut Courtois ។
ក្រុមម្ចាស់ផ្ទះហាក់ដូចជាលេងដោយមានទំនុកចិត្តដោយកីឡាករ Emilliano Daniel Armenteros ដោយលើកនេះស៊ុត ខ្លួនឯងមួយជើងពីចំងាយនាំមុខ 2-0 ខណៈមួយគ្រាប់ចុងក្រោយក្នុងវគ្គទី ១ នេះកើតឡើងនាទីទី ៤២ ពីកីឡាករ Roberto Torres Morales តែតមួយក្បាលចូលទី ធ្វើឲ្យអ្នកចាំទី At Madrid ខកចិត្តជាខ្លាំង ។ គួរបញ្ជាក់ថានៅវគ្គទី ២ បន្តនោះគឺក្រុមទាំង ២ បានត្រឹមរក្សាលទ្ធ 3-0 នេះដល់ចប់ ៩០ នាទី ចប់ការប្រកួតក្រុម Osasuna រំកិលឡើងមកឈរលំដាប់ទី ១២ មាន ២៩ ពិន្ទុ ។
ដោយឡែកសម្រាប់ការប្រកួតមួយគូនេះវិញក្រុម Barcelona ក៏ជួបរឿងអាក្រក់ផងដែរ ដែលចាញ់ការប្រកួតក្រុម Real Sociedad ក្រៅដី បើទោះបីជាក្រុម Barcelona មានកីឡាករ Super Star ជាច្រើនដូចជា Lionel Messi, Neymar នឹង Alexis Shanchez ក៏ដោយ ។ ក្រោយការលេងបានត្រឹមនាទី ៣២ កីឡាករខ្សែការពារ Barcelona , Alexander Song តែតបញ្ចូលទីខ្លួនឯងធ្វើឲ្យក្រុមម្ចាស់ផ្ទះឯកសណ្ឋានពណ៌ស ឆ្នូតខៀវ Sociedad រីករាយជាខ្លាំង ក្រោយពីបានធ្វើការនាំមុខ 1-0 ។
តែក្តីរីករាយរបស់ម្ចាស់ផ្ទះក៏សាបរលាបទៅវិញក្រោយពីកីឡាករ Lionel Messi ស៊ុតយកស្មើវិញលទ្ធផល 1-1 បានយ៉ាង ល្អក្រោយពីលេងបានស៊ីចង្វាក់គ្នានឹងកីឡាករ Martin Montoya នាទីទី ៣៦ ។ ហើយការប្រកួតនៅវគ្គទី ២ ក្ដីសង្ឃឹមរបស់ Barcelona ថានឹងវាយយក ឈ្នះនោះ បែរទៅជាកាន់តែដុតបំផ្លាញ ខណៈក្រុម Sociedad រកបាន ២ គ្រាប់ផ្ទួនៗគ្នានៅនាទីទី ៥៤ ដែលជាការស៊ុតបញ្ចូលទីពីកីឡាករ Antonio
Griezmann ក្រោយពីការលេងមិនបានល្អត្រង់ខ្សែការពារ នឹងគ្រាប់ទី ៣ កើតឡើងនាទីទី ៥៩ ពីកីឡាករ David Zurutuza ស៊ុតបញ្ចូលទី បន្ទាប់ពី ខ្សែការពារ Barcelona នាំគ្នាលួចបាល់ offside ចប់ការប្រកួតក្រុម Sociedad បាន ៣ ពិន្ទុ រក្សាតំណែងលេខ ៥ របស់ខ្លួន ហើយ Barcelona ធ្លាក់មកឈរលំដាប់ទី ២ វិញដោយមាន ៦០ ពិន្ទុស្មើគ្នានឹង At Madrid ស្របពេលដែល Real Madrid ឈរលើគេបណ្ដោះអាសន្ននៅក្នុងសប្ដាហ៍ទី ២៥ នេះ ៕