ខេត្តមណ្ឌលគិរី៖ សហគមន៍ចំនួន ១១ និងសហគមន៍ជាច្រើនទៀត នៃសមាគមឃ្មុំព្រៃមណ្ឌលគិរី ប្រមូលបានផលទឹកឃ្មុំ ចេញពីព្រៃសហគមន៍ ដែលជាតំបន់ការពារធម្មជាតិ នៅជុំវិញដែនជម្រកសត្វព្រៃស្រែពក និងភ្នំព្រិច បានប្រមាណ ២០០ តោន ក្នុងមួយឆ្នាំ សម្រាប់ទ្រទ្រង់ និងការផ្គត់ផ្គង់លើតម្រូវការ របស់ប្រជាសហគមន៍នៅក្នុងតំបន់ នៃខេត្តមណ្ឌលគិរី។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភ័ក្ត្រា បានថ្លែងថា នៅ ថ្ងៃទី២៩មករា ខាងមុខនេះ គឺជាខួប១ឆ្នាំកាលដែល«ទឹកឃ្មុំព្រៃមណ្ឌលគិរី» ត្រូវបានក្រសួងពាណិជ្ជកម្ម ចុះបញ្ជីទៅក្នុងបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញកម្ពុជា (GI)។
លោក នេត្រ ភ័ក្ត្រា បានបន្តឲ្យដឹងទៀតថា «ទឹកឃ្មុំព្រៃមណ្ឌលគិរី» គឺជាទំនិញទី ៤ ដែលក្រសួងពាណិជ្ជកម្ម បានចុះបញ្ជីទំនិញម៉ាកសម្គាល់ភូមិសាស្ត្រ បន្ទាប់ពីម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ និងក្រូចថ្លុងកោះទ្រង់ ខេត្តក្រចេះ។ លោកថា ការចុះបញ្ជីនេះ មានន័យថា «ទឹកឃ្មុំព្រៃមណ្ឌលគិរី» នឹងត្រូវបានការពារដោយមានដើមកំណើត ផ្សារភ្ជាប់ជាមួយទីតាំងភូមិសាស្ត្រជាក់លាក់ មានគុណភាព និងគុណតម្លៃច្បាស់លាស់ ព្រមទាំងធ្វើឱ្យប្រជាជន និងផលិតករនៅក្នុងតំបន់ អាចធ្វើការផ្ទេរចំណេះ និងជំនាញ បន្តពីជំនាន់មួយទៅជំនាន់មួយទៀតបានយ៉ាងគាប់ប្រសើរ។
លោករដ្ឋលេខាធិការ បានបញ្ជាក់ថា លក្ខណៈពិសេសរបស់ទឹកឃ្មុំព្រៃមណ្ឌលគិរី គឺមានរសជាតិផ្អែមឆ្ងាញ់ ខាប់ និងមានក្លិនក្រអូប ដែលបានប្រមូលចេញពីសហគមន៍ចំនួន ១១ ក្នុងនោះ ៩ សហគមន៍ គឺជាសហគមន៍តំបន់ការពារធម្មជាតិ នៅជុំវិញដែនជម្រកសត្វព្រៃស្រែពក និងភ្នំព្រិច នៃសមាគមឃ្មុំព្រៃមណ្ឌលគិរី។ ហើយសមាគមនេះ បាននិងកំពុងអនុវត្តការប្រមូលទឹកឃ្មុំ GI អាចប្រមូលបានជាង ៥០តោន ក្នុងមួយឆ្នាំ រួមទាំងសហគមន៍ផ្សេងទៀត គ្រាន់តែនៅក្នុងខេត្តមណ្ឌលគិរីមួយ សហគមន៍អាចប្រមូលផលទឹកឃ្មុំព្រៃ បានចន្លោះពី ១៥០ ទៅ២០០តោន ក្នុងមួយឆ្នាំ។
លោក នេត្រ ភ័ក្ត្រា បានថ្លែងអំណរគុណ ដល់អង្គការដៃគូ ជាពិសេស អង្គការ (WWF) ដែលបានជួយជ្រោមជ្រែងលើការងារស្នើសុំចុះបញ្ជី នៅក្រសួងពាណិជ្ជកម្ម និងការជួយគាំទ្រសហគមន៍ ដើម្បីបង្កើតមុខរបរ បង្កើនចំណូល និងការបង្កើនជីវភាពរស់នៅ របស់ប្រជាពលរដ្ឋសហគមន៍នៅក្នុងតំបន់ ឲ្យកាន់តែមានជីវភាពធូរធា កាត់បន្ថយបាននូវភាពក្រីក្រ ស្របតាមគោលនយោបាយ រាជរដ្ឋាភិបាលកម្ពុជា៕ដោយ៖ឡុង សំបូរ