កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរដោយអភិបាលរងខេត្ត និងមន្ត្រីពាក់ពន្ធ័ នារសៀលថ្ងៃទី២ ខែមករា ឆ្នាំ
២០២២នេះ បានអញ្ជើញចុះពិនិត្យស្ពានឬស្សី កោះប៉ែន ដែលមានភ្ញៀវទេសចរណ៍ដេីរលេងកម្សាន្ត នៅរមណីយដ្ឋានធម្មជាតិឆ្នេរខ្សាច់កោះប៉ែន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន សរុប ៣៩៨៧នាក់ ខណៈភ្ញៀវទេសចរណ៍ដេីរលេងកម្សាន្តនៅរមណីយដ្ឋាននានាក្នុងខេត្តកំពង់ចាម សរុបចំនួន ១៧,១៨៥នាក់ និងភ្ញៀវទេសចរណ៍បរទេសប្រមាណជា៥០នាក់ ។
បេីតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកំពង់ចាម បានឲ្យដឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្រាប់រមណីយដ្ឋាន និងកន្លែងកម្សាន្តនានា ក្នុងខេត្តកំពង់ចាម មានភ្ញៀវទេសចរណ៍ដេីរលេងកម្សាន្ត សរុបចំនួន ១៧,១៨៥នាក់ ខណៈភ្ញៀវភ្ញៀវទេសចរណ៍ដេីរលេងកម្សាន្តក្នុងក្រុងកំពង់ចាម ប្រមាណជា៦,៩២៤នាក់ និងរមណីយដ្ឋានធម្មជាតិឆ្នេរខ្សាច់កោះប៉ែន ៣,៩៨៧នាក់ ហេីយក៏មានរមណីយដ្ឋានមួយចំនួនទៀត ក្នុងនោះមានដូចជា រមណីយដ្ឋានទឹកឆា រមណីយដ្ឋានកសិទេសចរណ៍-ថ្មដាទឹកឆា រមណីយដ្ឋានប្រាសាទភ្នំហាន់ជ័យ រមណីយដ្ឋានបែមប៊ូរីសត រមណីយដ្ឋានភ្នំប្រុស-ភ្នំស្រី រមណីយដ្ឋាននគរបាជ័យ រមណីយដ្ឋានប្រាសាទភ្នំជើងព្រៃ និងអាហារដ្ឋានស្មៅទន្លេក្រុងកំពង់ចាម ។
ចំពោះស្ថានភាពទូទៅ នៅក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំចិន រយៈពេល៣ថ្ងៃនេះ ភ្ញៀវទេសចរណ៍មានចំនួនច្រើនកុះករ ដោយនៅតាមបណ្តាមូលដ្ឋានអាជីវកម្ម សេវាកម្ម និងនៅតាមរមណីយដ្ឋាន មានសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយល្អ ហើយបានអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល ក៏ដូចជាការណែនាំរបស់ក្រសួងសុខាភិបាល ។ ចំពោះម្ចាស់អាជីវកម្ម ក៏ដូចជាបុគ្គលិកដែលបម្រើសេវាកម្មទេសចរណ៍ បានចាក់វាក់សាំងទៅតាមចំនួនដូសដែលរាជរដ្ឋាភិបាលបានកំណត់ ហើយបានអនុវត្តតាមការណែនាំរបស់អាជ្ញាធរ និងបានពាក់កាត់វាក់សាំងគ្រប់ៗគ្នា ។ ចំណែកឯភ្ញៀវទេសចរក៏មានការប្រុងប្រយ័ត្នខ្ពស់ បានយកបណ្ណ័ចាក់វ៉ាក់សាំងតាមខ្លួន និងចូលរួមអនុវត្តវិធានសុវត្ថិភាព “៣ការពារ ៣កុំ” ជាពិសេសការពាក់ម៉ាស់ ប្រើអាល់កុល ជែលសំអាតដៃ រក្សាគម្លាតសុវត្ថិភាពជាដើម ដែលនៅតាមរមណីយដ្ឋាននីមួយៗ ចំណាយជាមធ្យមរបស់ភ្ញៀវទេសចរ ក្នុង១នាក់ ចាប់ពី ២០,០០០៛ ទៅ ៦០,០០០៛ ៕








































