ខេត្ត ក្រចេះ ៖ កូនត្រីឆ្តោប្រមាណជិត៤មុឺនក្បាលដែលលួចចិញ្ចឹមក្នុងបែរជាច្រើនតាមដងទន្លេមេគង្គ ត្រូវបានកម្លាំងជំនាញខណ្ឌរដ្ឋបាលជលផលក្រចេះ ដឹកនាំដោយលោក ម៉ុក ពន្លក នាយេងខណ្ឌ រួមសហការជាមួយអជ្ញាធរខេត្ត អជ្ញាធរស្រុក ឃុំ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អធិការដ្ឋានរដ្ឋបាលជលផលមេគង្គ និងសហគមន៍នេសាទ ចុះធ្វើការទប់ស្កាត់និងបង្ក្រាបរយះពេល២ថ្ងៃជាប់គ្នាគឺថ្ងៃទី៤-៥ ខែកញ្ញា ឆ្នាំ២០១៤ នៅចំណុចឃុំពង្រ និងឃុំខ្សាច់អណ្តែត ឃុំកញ្ជរ ឃុំព្រែកសាម៉ាន់ និងឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ ។
លោក ម៉ុក ពន្លក នាយរងខណ្ឌរដ្ឋបាលជលផលក្រចេះ បានឲ្យដឹងថា កិច្ចប្រតិបត្តិការចុះទប់ស្កាត់និងបង្ក្រាបនេះគឺធ្វើឡើងដោយមានការចង្អុលបង្ហាញពីលោក ឡុង គន នាយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ និងលោក សៀន គិន នាយខណ្ឌរដ្ឋបាលជលផលក្រចេះ ហើយជាលទ្ធផលទទួលបាន គឺសមត្ថកិច្ចចម្រុះរឹបអូសនិងចាក់លែងកូនត្រីឆ្តោប្រមាណជិត៤មឺុនក្បាលដែលលួចដាក់ចិញ្ចឹមក្នុងបែរចំនួន៤៧បែរ នៅក្នុងឃុំទាំង៥នៃស្រុកឆ្លូង ។
លោកនាយរងខណ្ឌ បានឲ្យដឹងបន្តទៀតថា សកម្មភាពចិញ្ចឹមត្រីឆ្តោ ត្រីរ៉ស់ គឺត្រូវបានច្បាប់ហាមឃាត់តាំងពីឆ្នាំ២០០៤រហូតមកដល់បច្ចុប្បន្ននេះ ជាពិសេសពេលថ្មីៗនេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានចេញនូវសេចក្តីជូនដំណឹង លេខ៣១៨៤ កសក ចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៤ ស្តីពី ការចាត់វិធានការយ៉ាងតឹងរឹងចំពោះជនណាដែលបានប្រព្រឹត្តបទល្មើសចិញ្ចឹមត្រីឆ្តោ និងត្រីរ៉ស់ ដោយត្រូវពិន័យ ឬដាក់ទណ្ឌកម្មតាមច្បាប់ស្តីពីជលផលជាធរមាន ។
លោក សៀន គិន នាយខណ្ឌរដ្ឋបាលជលផលក្រចេះបានឲ្យដឹងដែរថា ដោយអនុវត្តន៍តាមច្បាប់ស្តីពីជលផល និងបទបញ្ជាលេខ០២បប របស់រាជរដ្ឋាភិបាល និងសេចក្តីជូនដំណឹងលេខ៣១៨៤ កសក របស់ក្រសួងកសិកម្ម ពិសេសដោយមានការមានការណែនាំពីឯកឧត្តម ណៅ ធួក ប្រធានរដ្ឋបាលជលផល និងឯកឧត្តម សរ ចំរុង អភិបាលខេត្តក្រចេះ ក្នុងនាមខណ្ឌរដ្ឋបាលជលផលក្រចេះ លោកបានជំរុញដល់មន្ត្រីជំនាញក្រោមឧិវាទទាំងអស់ត្រូវសហការជាមួយអជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនិងសមត្ថកិច្ចពាក់ព័ន្ធនានាដើម្បីចុះត្រួតពិនិត្យនិងបង្ក្រាបបទល្មើសជលផលគ្រប់ប្រភេទដូចភ្លៀងរលឹម ជាពិសេសបទល្មើសចិញ្ចឹមត្រីឆ្តោ និងត្រីរ៉ស់ នៅក្នុងខេត្តក្រចេះទាំងមូល ។
លោកនាយខណ្ឌក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមមេត្តកុំបន្តចិញ្ចឹមប្រភេទត្រីឆ្តោ និងត្រីរ៉ស់ ដែលច្បាប់កំពុងហាមឃាត់នោះអី ព្រោះត្រីទាំង២ប្រភេទនេះវាជាត្រីដែលស៊ីសុទ្ធតែចំណីកូនត្រីទាំងអស់ ជាហេតុបណ្តាលឲ្យកើតមានបទល្មើសនេសាទកើនឡើង ពិសេសបទល្មើសនេសាទដោយប្រើប្រាស់ឧបករណ៍ស្បៃមុងដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ធនធានជលផលនៅក្នុងធម្មជាតិរបស់យើង៕