សៀមរាប៖ ក្រុមហ៊ុនអាកាសចរណ៍ Thai Smile របស់ប្រទេសថៃ នឹងចាប់ផ្តើមហោះហើរឡើងវិញ ពីទីក្រុងបាងកក មកកាន់ខេត្តសៀមរាប និងពីខេត្ត
សៀមរាប ទៅកាន់ទីក្រុងបាងកក ចាប់ពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២តទៅ។នេះបើតាមការប្រកាសព័ត៌មានរបស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ។
តាមការប្រកាសព័ត៌មានដដែលនេះ បញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិរបស់ប្រទេសថៃមួយនេះ នឹងបើកការហោះហើរត្រង់ ២ជើង ក្នុង១សប្តាហ៍។ ក្នុងនោះក្រសួងទេសចរណ៍ក៏បានអំពាវនាវដល់សមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ និងសាធារណជនបន្តចូលរួមផ្សព្វផ្សាយ ក៏ដូចជាជំរុញទេសចរអន្តរជាតិ មកកាន់គោលដៅទេសចរណ៍ខេត្តសៀមរាប ដែលជាគោលទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្រ្តដ៏សំខាន់បំផុតមួយរបស់កម្ពុជា។
ក្រសួងបានបន្តថា ដោយអត្រានៃការចាក់វ៉ាក់សំាងការពារជំងឺកូវីដ-១៩ ទូទំាងប្រទេសកម្ពុជា សម្រេចបានប្រមាណជាង៩០% នៃចំនួនប្រជាជនសរុប ១៦លាននាក់ គិតត្រឹមថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ និងការអនុវត្តវិធានសុវត្ថិភាពបានយ៉ាងល្អ កម្ពុជាគឺជាគោលដៅទេសចរណ៍សុវត្ថិភាព និងបានបើកទទួលទេសចរអន្តរជាតិដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័ក ក្នុងករណីអ្នកដំណើរពិនិត្យឃើញអវិជ្ជមានកូវីដ-១៩ ពេលមកដល់កម្ពុជា៕
អត្ថបទ៖ Reach








































