ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរមួយបង្ករឡើងដោយម៉ូតូម៉ាក ហុងដាសេ១២៥ មួយគ្រឿងបើកបរក្នុងល្បឿនលឿន វាប្រជេងជាមួយរថយន្តមួយគ្រឿងទៀតដែលនៅខាងមុខ វ៉ាក់ទៅបុកស្ត្រីម្នាក់ ដែលកំពុងដើរឆ្លងផ្លូវ យ៉ាងពេញទំហឹងបណ្តាលឲ្យបាក់.ក ស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធម្មនៅលើដងផ្លូវ ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី២៤ កុម្ភៈ២០១៤ នៅតាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិព្រៃកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចនគរបាលចរាចរដែលបានចុះធ្វើការវាស់វែងនៅកន្លែងកើតហេតុបានឲ្យដឹងថា ស្ត្រីរងគ្រោះខាងលើមានឈ្មោះ ខឹម សុខា ភេទស្រី អាយុ ៤៥ឆ្នាំ មានមុខរបរជាអ្នកអនាម័យ នៅក្នុងរោងចក្រផាកស្រ៊ុន ស្នាក់នៅផ្ទះជួលក្បែកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិកណ្តាលស្ទឹង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ចំណែកអ្នកបើកបរម៉ូតូបង្ករម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ1N- 96 68 មានឈ្មោះ គន់ វ៉ន ភេទប្រុស អាយុ២៣ឆ្នាំ មានមុខរបរជាកម្មករជួយលក់ដូរឲ្យគេនៅក្នុងផ្សារអូរឡាំពិក មានស្រុកកំណើតនៅក្នុងភូមិពោធិរៀង ស្រុកពោធិរៀង ខេត្តព្រៃវែង ។ យោងតាមប្រភពព័ត៌មានពីសាក្សីដែលបានឃើញហេតុការណ៏គ្រោះថ្នាក់ចរាចរខាងលើបានឲ្យដឹងថាមុនពេលកើតហេតុ គេបានម៉ូតូម៉ាក ហុងដាសេ
១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1N-9668 បើកបរដោយយុវជនម្នាក់ ក្នុងទិសដៅចេញពីតាខ្មៅ មកភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ២ ដោយបានឌុបគ្នាពីរនាក់នៅខាងក្រោយ ក្នុងល្បឿនលឿន លុះបានមកដល់ចំណុចកើតហេតុ ម៉ូតូបង្ករបានបើកវ៉ាប្រជេងជាមួយរថយន្តមួយគ្រឿង ដែលនៅខាងមុខម៉ូតូ ជាហេតុមិនបានឃើញស្ត្រីរងគ្រោះដែលកំពុងដើរឆ្លងផ្លូវនៅខាងមុខពីលិចមកកើត ក្នុងបំណងដើរចូល
ទៅក្នុងរោងចក្រផាកស្រ៊ុន ចាប់ហ្វាំងមិនទាន់ ទៅបុកស្ត្រីរងគ្រោះយ៉ាងពេញទំហឹងបណ្តាលឲ្យបាក់.ក ស្លាប់ភ្លាមៗ យ៉ាងអណោចអធម្ម ចំណែកអ្នកបើកបរម៉ូតូបង្ករ ត្រូវបានសមត្ថកិច្ចនគរបាលចរាចរខណ្ឌមានជ័យ ចាប់ឃាត់ខ្លួនប្រគល់ទៅឲ្យ ការិយាល័យចរាចរជើងគោក រាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ។ ចំណែកសាកសពស្ត្រីរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យនៅឯស្រុកកំណើត តាមប្រពៃណី ៕