ភ្នំពេញ ៖ ក្មេងទំនើងអណាថាជាអ្នករើសអេតចាយម្នាក់ ត្រូវបានយុវជនដែលជាក្មេងស្ទាវម្នាក់ទៀត ចាក់នឹងកូនកន្ត្រៃបណ្តាលឲ្យរងរបួសសន្លប់បាត់ស្មារតី ដោយសារតែមានការទាស់ពាក្យសម្តីគ្នា ពីការជំពាក់លុយចំនួន ៥០០០រៀល ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង ៩ និង១៥នាទី ព្រឹក ថៃ្ងទី ២៤ ខែកុម្ភៈ ឆ្នាំ២០១៤ ស្ថិតនៅខាងលិចវត្តបុទម ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ជនសង្ស័យដែលជនដៃដល់ ត្រូវបានគេស្គាល់ឈ្មោះ អា ត្រេន អាយុប្រហែល ២០ឆ្នាំជាង ជាអ្នករើសអេតចាយ និងអូសរទេះ ទីកន្លែងស្នាក់នៅមិនពិតប្រាកដ ហើយជនដៃដល់រូបនេះ ធ្លាប់បានជាប់គុកម្តងរួចមកហើយ ។ ចំណែកជនរងគ្រោះ មិនត្រូវបានគេស្គាល់ឈ្មោះនោះទេ គ្រាន់តែដឹងថា ជាអ្នករើសអេតចាយ និងអូសរទេះដូចគ្នា ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះនិងជនដៃដល់មានការជជែកគ្នាពីរឿងជំពាក់លុយចំនួន៥០០០រៀល ពេលនោះជនរងគ្រោះបាននិយាយថា ខ្លួនមិនទាន់មានលុយសងនោះទេ បន្ទាប់ពីនិយាយគ្នារួចមក ជនដៃដល់បានដើរត្រឡប់ទៅវិញ លុះបានបន្តិចក្រោយមកជនដៃដល់បានត្រឡប់មកវិញ និងបានកាន់កូនកន្ត្រៃជាប់នឹងដៃ បានមកចាក់លើជនរងគ្រោះ
ចំស្នៀតផ្កា និងពោះ របស់ជនរងគ្រោះ ខណៈពេលដែលយុវជនដែលជនរងគ្រោះកំពុងអង្គុយហូបនំបញ្ចុកនៅខាងក្រោយវត្តបុទមដោយមិនបានដឹងខ្លួនជាមុន ហើយជនរងគ្រោះបានត្រដរ រត់មកឲ្យគេជួយ ប៉ុន្តែគ្មានអ្នកណាម្នាក់ ហ៊ានជួយជនរងគ្រោះនោះទេ ទើបជនរងគ្រោះបានដួលសន្លប់នៅត្រង់ចិញ្ចើមផ្លូវខាងមុខ បន្ទាយកងអង្គរក្ស ខាងជើងវត្តបុទមតែម្តង ហើយត្រូវបានប្រជាពលរដ្ឋ ទូរសព្ទ័ហៅរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យកាល់ម៉ែត្រទៅធ្វើការសង្គ្រោះនិងព្យាបាលនៅទីនោះ ។
ចំណែកជនដៃដល់ ក្រោយពីធ្វើសកម្មភាពរួច បានរត់គេចខ្លួនបាត់ពីស្រមោលពីកន្លែងកើតហេតុតែម្តង ។ បន្ទាប់ពីហេតុការណ៏នេះបានកើតឡើង ទើបគេឃើញមានសមត្ថកិច្ចនគរបាលចុះទៅធ្វើការសួរនាំតែប៉ុណ្ណោះ បើយោងតាមប្រជាពលរដ្ឋដែលរស់នៅក្បែកន្លែងកើតហេតុបានឲ្យថា ពួកគាត់ជាប្រជាពលរដ្ឋ តែងតែបានឃើញក្រុមក្មេងស្ទាវទាំងនេះ វាយតបើគ្នាជាញឹកញាប់ ក៏ប៉ុន្តែមិនត្រូវបានសមត្ថកិច្ចចុះធ្វើការបង្ក្រាបនិងចាប់ខ្លួនក្រុមក្មេងស្ទាវទាំងនោះបានឡើយ ៕