ភ្នំពេញ ៖ រនាំងដែកពុះចែកទ្រូងផ្លូវចំនួន ១០ផ្ទាំង និងស្លាកសញ្ញាចរាចរណ៍ ១ដើមទៀត បានបាក់រងការខូចខាតយ៉ាងដំណំ ខណៈដែលត្រូវ រថយន្តកាមរីបាឡែន ពណ៌ទឹកប្រាក់ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2M-1297 បើកបរដោយយុវជនស្រវឹងស្រាជោកជាំ ២នាក់ បានធ្វើដំណើរយ៉ាងលឿនដូចហោះតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច ស្រាប់តែមកដល់ចំណុចមុខសាខារោងចក្រ គង់
ហុង កាត់ដេរ ក៏បានរេចង្កូតទៅបុកនិងរនាំង ដែកពុះចែកទ្រូងពេញទំហឹងតែម្តង ហើយ រថយន្តមិនទានអស់លឿនក៏ជ្រុលឡើងទៅបុកខឿនផ្លូវរងការខូចខាតទាំងស្រុងហើយរថយន្តទៅមុខលែងរួច ចំណែកអ្នកបើកបរបានបន្សល់រថយន្តនៅកន្លែងកើតហេតុរត់គេចខ្លួនបាត់ស្រមោល។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១២ និង ០៥នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ កុម្ភៈ ២០១៤ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ក្រោយកើតហេតុ ប៉ូលិសចរាចរណ៍ក្រុងបានធ្វើការវាស់វែង និងនាំយករថយន្តបង្កខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើង គោករាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយតាមផ្លូវ៕