​ជលផល​ខេត្តតាកែវ​បើកដៃ​ឲ្យ​កើតមាន​បទល្មើស​ជលផល​ពេញ​ផ្ទៃ​បឹង​ស្រុក​អង្គរបុរី​

0

តាកែវ ៖ បទល្មើស​ជលផល​កើតមាន ឬ មិនមាន​វា​អាស្រ័យទៅលើ​មន្ត្រី​ជំនាញ​ជលផល តែបើ​មន្ត្រី​ជំនាញ​ទាំង​អនុវត្ត​ច្បាប់​ជលផល ប្រាកដជា​បទល្មើស​ជល​ផល​ក៏​មិនអាច​កើតមាន​បែប​អាណាធិបតេយ្យ​ស្អី​ដែរលុះត្រាតែ​មន្ត្រី​ជំនាញ​ទាំងនោះ​នៅ​ពីក្រោយ​ខ្នង​បទល្មើស យ៉ាងណា​ម៉ិ​ញ​នៅលើ​ផ្ទៃ​បឹង​តំបន់​អតីត​ឡូ​ត៏​លេខ​១០.១១.១២.១៣ ក្នុងស្រុក​អង្គរបុរី ខេត្តតាកែវ ពោរពេញ​ទៅ​ទូក​បទល្មើស​នេសាទ​ឆ្លងដែន​រាប់រយ​ទូក  ចំណែក​មន្ត្រី​ជំនាញ​ជលផល​ចាប់ពី​សង្កាត់​រហូតដល់​ខណ្ឌ​អធិការដ្ឋាន រដ្ឋបាល​ជលផល​ចតុមុខ សុទ្ធតែ​បានដឹងថា​ពីបទ​ល្មើស​ទាំងនេះ​តែ​ម្នាក់ៗ​មិន​ខ្ចី​ចេញមុខ​បង្ក្រាប​គឺ​សម្ងំ​នាំគ្នា​លាក់ខ្លួន​ពួន​អាត្មា​យក​សមាគម​ន៏​ឡូ​ត៏​នេសាទ​ធ្វើជា​ដំបូល​រួច​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ទ​ទូល​លុយ​ពីបទ​ល្មើស​យ៉ាង​ស្ងាត់ស្ងៀម បណ្តែតបណ្តោយ​ឲ្យ​ជនជាតិ​វៀតណាម​ឆ្លងដែន​ចូល​ប្រព្រឹត្ត​បទល្មើស​ជលផល​ដោយ​សេរី ។​ 1

យោងតាម​មាត្រា​103 ស្តីពី​ច្បាប់​ជលផល​ចំពោះ​សកម្មភាព​ដែល​ប្រព្រឹត្តឡើង​ដោយ​មន្ត្រីរដ្ឋបាល​ជលផល​ត្រូវ​ចាត់ទុកជា​បទល្មើស និង​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​១​ឆ្នាំទៅ​៣​ឆ្នាំ ពិន័យ​ជា​ប្រាក់​ពី​៥​លាន​រៀល​រហូតដល់​៥០​លាន​រៀល ។ មានន័យថា​មន្ត្រី​ជំនាញ​ទាំងនោះ​ផ្តល់​ការ​អនុ​ញ្ញា​ត្តិ​ណាមួយ​ដែល​ផ្ទុយ​នឹង​បទ​ប្បញ្ញា​តិ្ត​នៃ​ច្បាប់​នេះ ។ ប៉ុន្តែ​ច្បាប់​ជលផល​ដែល​តាក់តែងឡើង​របស់​នាយកដ្ឋាន​រដ្ឋបាល​ជ​ល​ផល​ហាក់​គ្មាន​ប្រសិទ្ធិ មិនដែល​ឃើញ​យកទៅ​ប្រើប្រាស់ ឬ អនុវត្ត​ទៅលើ​មន្ត្រីជលផល​ខិលខូច​ម្តងណា​ទេ ។

បានសេចក្តីថា​ច្បាប់​នេះ​បង្កើតឡើង​គ្រាន់​ល្អមើល តែ​ការអនុវត្ត​ន៏​ច្បាប់​ហ្សេ​រ៉ូ ។ ដោយសារតែ​ច្បាប់​ជលផល​ធូររលុង​នេះឯង​ទើប​ធ្វើ​ឲ្យ​មន្ត្រី​ជំនាញ​ជលផល​នៅ​ខេត្តតាកែវ​តាម​បណ្តា​ស្រុក​ពាក់ព័ន្ធ​បទល្មើស​ជលផល​មិន​ខ្លាចញញើត​ថែមទាំង​បើកដៃ​ឲ្យ​ជនជាតិ​វៀតណាម​ឆ្លងដែន ចូលមក​នេសាទ​ត្រី​ប្រើ​ឧបករណ៍​ល្មើស​ពេញ​ផ្ទៃ​បឹង​ស្រុក​អង្គរបុរី រួច​ឲ្យ​មេខ្យល់​ជនជាតិ​វៀតណាម​ពីរ​នាក់​ចេញមុខ​ដើរ​ប្រមូល​លុយ​ពី​ទូក​នេសាទ​ទាំងនោះ​យក​ចែកគ្នា​រាប់ពាន់​ដុល្លា​ដែល​ករណីនេះ​ជាប់​ពាក់ព័ន្ធ​ដល់​អាជ្ញាធរ​ស្រុក​-​ខេត្តតាកែវ ផងដែរ ។​

ប្រភព​មាត់ចាបមាត់ព្រាប​បាន​ខ្សឹប​ខ្សេវ​ថា មន្ត្រីជលផល​ថ្នាក់លើ​រួមមាន​អធិការដ្ឋាន និង​នាយកដ្ឋាន រដ្ឋបាល​ជលផល​ក៏បាន​ទទួល​លាភសក្ការៈ​ពីបទ​ល្មើស​ជលផល​នេះ​ផងដែរ ទើប​អ្វីៗ​ស្ងាត់ស្ងៀម​បែបនេះ ។​ គួរ​បញ្ជាក់ថា​បទល្មើស​ជលផល​កំពុង​កើតមាន​លើ​ផ្ទៃ​បឹង​ក្នុងស្រុក​អង្គរបុរី​យ៉ាង​គគ្រឹកគគ្រេង​ប្រព្រឹត្ត​ដោយ​ជនជាតិ​វៀតណាម​ឆ្លងដែន​រួមមាន សៃ​យឺន​យក្ស សៃ​យឺន​ស្បៃ​មុង​ខៀវ ក​ន្ទ​យ​កណ្តុរ ប​ក្តាម លប​បង្កង និង​លប​ត្រី​រ៉ស់ ។​

ដោយ​មើលឃើញ​ពី​ស្ថានភាព​នៃ​ការបំផ្លាញ​មច្ឆា​ជាតិ​មាន​ទំហំធំធេង​បែបនេះ​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ស្រុក​អង្គរបុរី​អំពាវនាវ​ស្នើសុំ​ឲ្យ​លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ចាត់វិធានការ​ចុះបង្ក្រាប​ជាបន្ទាន់ ពីព្រោះ​មន្ត្រី​ជំនាញ​ជលផល និង​មន្ត្រី​អាជ្ញាធរ​ដែនដី​ស្រុក ខេត្ត​នេះ​ដេក​ដួល​ក្រោម​ឥទ្ធិពល​លុយ​ពីបទ​ល្មើស​ទើប​គ្មាន​វិធានការ​ទប់ស្កាត់​បង្ក្រាប ។ និយាយ​រួម​បទល្មើស​ជលផល​កើតមាន​រាល់​ឆ្នាំ​នៅ​ស្រុក​អង្គរបុរី​នេះ ៕ សីហា​1(1)