ខេត្តស្ទឹងត្រែង៖ ការថ្លែងលើកទឹកចិត្តដល់ប្រជាកសិករ នៅក្នុងខេត្តស្ទឹងត្រែង ឲ្យបង្កើនការដាំដុះដំណាំដំឡូងមី ដោយជ្រើសរើសយកពូជប្រភេទថ្មី ខេយូ៥០ ឲ្យបានច្រើនរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន ក្នុងគ្រាដែលលោករដ្ឋមន្ត្រី បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រគល់ផ្ទះសំណាញ់ សម្រាប់ការពង្រីកពូជដំឡូងមីឆាប់រហ័ស និងគ្មានជំងឺ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង កាលពីល្ងាចថ្ងៃទី ១១ឧសភាឆ្នាំ២០២២។
នៅក្នុងពិធីនោះទៀត លោកស្រី Amber Cernobs លេខាទី១ អគ្គរាជទូតអូស្ត្រាលី , អភិបាលខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង ក៏បានអញ្ជើញចូលរួមជាគណៈ អធិបតីនៅក្នុងពិធីនោះ ព្រមទាំងថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង មន្ទីរ អង្គភាព ជុំវិញខេត្ត ក្រុមហ៊ុន និងប្រជាកសិករ សរុបប្រមាណ ១៧០នាក់។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង លោក ទុំ នីរ៉ូ បានថ្លែងថា គម្រោងផ្ទះសំណាញ់ ត្រូវបានគាំទ្រដោយមូលនិធិ រដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធីខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី អនុវត្តដោយក្រុមហ៊ុន ខាតណ្ហ អ៊ីមើជីង ម៉ាឃីត និងគាំទ្របច្ចេកទេស ដោយមជ្ឈមណ្ឌលអន្តរជាតិ សម្រាប់កសិកម្មតំបន់ត្រូពិច (CIAT)។
អភិបាលខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង បានថ្លែងថា នៅខេត្តស្ទឹងត្រែងមានកសិករប្រមាណជាង ៨០ភាគរយ ដែលបានប្រកបរបរកសិកម្ម ហើយបច្ចុប្បន្ន ប្រជាកសិករទាំងនោះ កំពុងប្រែក្លាយផ្ទៃដីដែលនៅទំនេរ មកជាផ្ទៃដីដាំដុះដំណាំឧស្សាហកម្ម ដូចជា ដំណាំស្វាយ ចន្ទី កៅស៊ូ ស្វាយកែវរមៀត និងដំណាំដំឡូងមី ដែលត្រូវបានប្រជាកសិករដាំដុះច្រើនជាងដំណាំនានា។
លោក ស្វាយ សំអ៊ាង បានសម្តែងការគាំទ្រ ដល់ការផ្តល់គម្រោងនេះ របស់ក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ និងរដ្ឋាភិបាលអូស្រ្តាលី តាមរយ:កម្មវិធី CAVAC ដែលធ្វើឲ្យខេត្តស្ទឹងត្រែង កាន់តែមានសក្តានុពលលើវិស័យកសិកម្ម ហើយក៏សង្ឃឹមថា លទ្ធផលដែលទទួលបានពីគម្រោងនេះ នឹងជួយឲ្យផលិតកម្មដំឡូងមីនៅខេត្តស្ទឹងត្រែង កាន់តែមានការកើនឡើង ធានាបានពូជដំឡូងមី មានសុខភាពល្អ និងទទួលបានទិន្នផលខ្ពស់។
លេខាទី១ អគ្គរាជទូតអូស្រ្តាលី លោកស្រី Amber Cernobs បានថ្លែងថា ការផ្តល់នូវគម្រោងផ្ទះសំណាញ់ សម្រាប់ពង្រីកពូជដំឡូងមីឆាប់រហ័ស និងគ្មានជំងឺ ដែលរដ្ឋាភិបាលអូស្រ្តាលី តាមរយ:កម្មវិធី CAVAC ជួយឧបត្ថម្ភដល់ រាជរដ្ឋាភិបាលកម្ពុជា នាពេលនេះ ក៏ព្រោះផលិតកម្មដំឡូងមី មានឥទ្ធិផលជាវិជ្ជមាន លើសេដ្ឋកិច្ចគ្រួសារ ចូលរួមកាត់បន្ថយភាពក្រីក្រ ហើយមិនមែនតែកម្ពុជា នោះទេ សូម្បីប្រទេសក្នុងតំបន់មួយចំនួន ក៏បាននិងកំពុងរងផលប៉ះពាល់ ដោយសារជំងឺម៉ូសាអ៊ិចនេះយ៉ាងធ្ងន់ធ្ងរ ធ្វើឲ្យទិន្នផលដំឡូងមីរបស់ប្រជាកសិករធ្លាក់ចុះយ៉ាងគំហុក ហើយបានប៉ះពាល់ជាអវិជ្ជមានដល់សេដ្ឋកិច្ចគ្រួសារ។ លោកស្រីសង្ឃឹមថា គម្រោងនេះនឹងជួយដោះស្រាយបញ្ហាចំពោះមុខ ជូនប្រជាកសិករ គឺផលិតពូជសុទ្ធល្អ គ្មានជំងឺឆ្លង ផ្តល់ទិន្នផលខ្ពស់ និងធានាបាននូវគុណភាពល្អ។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានថ្លែងលើកទឹកចិត្តដល់កសិករ ត្រូវបន្តដាំដំឡូងមីពូជថ្មី ខេយូ៥០ ឱ្យបានច្រើន ព្រោះនៅខេត្តស្ទឹងត្រែង មានផ្ទះសំណាញ់ជាមូលដ្ឋាន ដ៏មានសារៈសំខាន់ សម្រាប់ឱ្យមន្ត្រីបច្ចេកទេសរៀបចំបណ្តុះពូជ ឈានទៅពង្រីកធនធាននៅក្នុងស្រុក ទាំងបរិមាណ និងគុណភាព ផ្តល់ទៅឲ្យកសិករដែលមានលទ្ធភាព ក្នុងការដាំដំណាំដំឡូងមី ទទួលបានទិន្នផលខ្ពស់ ដើម្បីបង្កើនការនាំចេញទៅកាន់ទីផ្សារ ខណ:ឆ្នាំ២០២១កន្លងមក កម្ពុជានាំចេញផលដំឡូងមីបានជាង ១៤លានតោនរួចមកហើយ។
លោករដ្ឋមន្ត្រី វេង សាខុន បានថ្លែង ចាត់ទុកដំឡូងមី គឺជាដំណាំយុទ្ធសាស្ត្រមួយ ដែលបានជួយកែប្រែជីវភាពរស់នៅរបស់ប្រជាកសិករ បានល្អប្រសើរ ព្រោះផ្ទៃដីនៅខេត្តស្ទឹងត្រែង អំណោយផលទៅលើដំណាំដំឡូងមី ទើបក្រសួងកសិកម្មស្វែងរកពូជធន់នឹងជំងឺមកជូនកសិករ ដើម្បីជំរុញដល់ការផលិត តាមរយៈកម្មវិធី CAVAC ។
លោករដ្ឋមន្ត្រី វេង សាខុន បានជំរុញមន្ត្រីជំនាញកសិកម្មខេត្ត ត្រូវពន្លឿនលើការផ្តល់បច្ចេកទេស ការបង្កាត់ ការជ្រើសរើស និងការបន្សុតពូជដំណាំដំឡូងមីនេះ នៅតាមចំការ និង ក្រុមហ៊ុនផ្ទាល់ ដើម្បីធ្វើការផ្សព្វផ្សាយពូជ និងបច្ចេកទេស ជូនកសិករនៅទូទាំងតំបន់នេះ ឲ្យទទួលបានប្រសិទ្ធភាពផលិតកម្ម និងសេដ្ឋកិច្ចខ្ពស់។ ហើយលោករដ្ឋមន្ត្រី នឹងណែនាំឲ្យអគ្គនាយកដ្ឋានកសិកម្ម (នាយកដ្ឋានពូជដំណាំ) សហការ ជាមួយមន្ទីរ បន្តសកម្មភាពគម្រោងឲ្យមាននិរន្តរភាព៕ ដោយ៖ឡុង សំបូរ