នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាឲ្យទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ តែមិនត្រូវបង្ក្រាបការធ្វើអាជីវកម្មស្របច្បាប់ ដែលរាជរដ្ឋាភិបាល បានផ្តល់ឲ្យនោះទេ

0

ខេត្តព្រះវិហារ៖ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរៈភូមិន្ទ នាយឧត្តមសេនីយ៍ សៅ សុខា ដែលជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញបញ្ជាបែបនេះ ក្នុងគ្រាដែលលោកនាយឧត្តមសេនីយ៍ បានអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលា សាងសង់អគារសេនាធិការដ្ឋានថ្មី កងរាជអាវុធហត្ថខេត្តព្រះវិហារ ដែលអគារនោះនឹងត្រូវសាងសង់ឡើង ក្នុងតម្លៃទឹកប្រាក់ជាង ៦៥ម៉ឺនដុល្លារអាមេរិក នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ នៅលើដីអតីតប្រលានយន្តហោះ ស្ថិតក្នុងសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

នាយឧត្តមសេនីយ៍ សៅ សុខា បានមានប្រសាសន៍ថា គណៈកម្មការជាតិទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ គ្មានសិទ្ធិទប់ស្កាត់ ការធ្វើអាជីវកម្មស្របច្បាប់ ដែលរាជរដ្ឋាភិបាលបានផ្តល់ឲ្យនោះទេ តែគណៈកម្មការជាតិ មានសិទ្ធិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលគ្មានច្បាប់អនុញ្ញាត។

លោកនាយឧត្តមសេនីយ៍ មេបញ្ជាការ បានមានប្រសាសន៍ ដោយតម្រូវឲ្យមានការបែងចែកឲ្យបានច្បាស់ រវាងបទល្មើសឈើដូចគ្នា ឈើដែលល្មើសច្បាប់ រ៉ែដែលល្មើសច្បាប់ និងឈើដែលមានការអនុញ្ញាតិដោយច្បាប់ គឺជាឈើដែលបានបង់ពន្ធ បានអនុវត្តកាតព្វកិច្ចក្នុងការធ្វើអាជីវកម្ម គណៈកម្មាការជាតិ គ្មានភារកិច្ចទៅបង្ក្រាបសកម្មភាពដឹកជញ្ជូនជញ្ជូនឈើ ឬការកាប់ឈើ ដែលមានច្បាប់អនុញ្ញាតនោះទេ បើមិនដូច្នេះទេ ក្រុមហ៊ុនទាំងអស់នោះគេនឹងប្តឹងគណៈកម្មាការតែម្តង មិនត្រឹមតែមិនបានគុណសម្បត្តិទេ តែគណៈកម្មាការនេះនឹងទទួលកំហុស អាចជាវិន័យ និងអាចជាការបំពានច្បាប់។ លោកថា ចំពោះធនធានធម្មជាតិរ៉ែនៅនៅក្នុងដីនោះវិញ បើទោះបីជាលោកគ្មានជំនាញខាងរ៉ែមែន តែលោកមានភារកិច្ចទប់ស្កាត់បទល្មើសរ៉ែទាំងនោះ។

នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងបញ្ជាក់ថា តាមរយៈការស្រាវជ្រាវ និងបទពិសោធន៍ លោកយល់ថា រ៉ែបើនៅជាមួយដី តម្លៃវាមានកម្រិតមួយផ្សេង អាចអត្រាស្មើសូន្យ ប៉ុន្តែ បើយើងដាក់កម្លាំងមនុស្សចូលទៅធ្វើការកែឆ្នៃវា ពីដីដែលមានរ៉ែ ហើយយើងសម្រិតសម្រាំងយកតែរ៉ែ នៅពេលនោះទើបរ៉ែមានតម្លៃ។

លោកនាយឧត្តមសេនីយ៍ បានបញ្ជាក់ទៀតថា ទន្ទឹមនឹងសក្តានុពលរ៉ែ ដែលមាននៅខេត្តព្រះវិហារ ជនខិតខូចអ្នកឈ្លាតឱកាស គេបានឆក់ឱកាស ក្នុងពេលដែលយើងមិនទាន់គ្រប់គ្រងបាន យើងមិនទាន់យល់អស់អំពីបញ្ហារឿងរ៉ែនេះ គេអាចនឹងមកលួចធ្វើអាជីវកម្ម ទ្រង់ទ្រាយជាសិប្បកម្មតូចតាច ប៉ុន្តែ នោះហើយ គឺជាការបំផ្លាញយ៉ាងធំ ចំពោះផលប្រយោជន៍ជាតិ។

នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងបញ្ជាក់ទៀតថា ចំពោះករណីនេះ គណៈកម្មាការជាតិទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ក៏ធ្លាប់បង្រ្កាបដែរ រ៉ែមាសនៅក្នុងស្រុករវៀង ហើយចំពោះរ៉ែដែក លោកមិនដឹងថា នៅចំណុចណាទេ ប៉ុន្តែបញ្ហារ៉ែដែក លោកថា ក្នុងនាមលោកជាប្រធានគណៈកម្មាការជាតិ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ទាមទាឲ្យលោកត្រូវតែដឹងដែរ ថាមួយណារ៉ែ? និងមួយណាមិនមែនរ៉ែ? បើលោកអត់ដឹង អត់ស្គាល់ ធ្វើដូចម្តេចលោកទៅទប់ស្កាត់បាន? កន្លែងណាដែលមានច្បាប់ ដែលយើងត្រូវការពារ? កន្លែងណាដែលល្មើសច្បាប់ ដែលយើងត្រូវតែបង្រ្កាប?។

ស្របពេលជាមួយគ្នានោះ នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែង កោតសរសើរដល់អាជ្ញាធរខេត្តព្រះវិហារ ដែលបានផ្តល់ទីតាំងដីសម្រាប់ការកសាងអគារសេនាធិការដ្ឋានថ្មី នាពេលនេះ និងលោកក៏សូមថ្លែងអំណរគុណដល់ លោកមេបញ្ជាការ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តព្រះវិហារ ដែលមានទិសដៅច្បាស់លាស់ ក្នុងការគិតគូកសាងអគារសេនាធិការដ្ឋានថ្មីនេះ សម្រាប់បម្រើផលប្រយោជន៍ រួមរបស់អង្គភាព។ លោកថា បើគ្មានទិសដៅទេ មិនអាចយកប្រាក់ ៦៥ម៉ឺនដុល្លារ មកកសាងអគារថ្មីនេះ តែមួយថ្ងៃបានទេ ក្រៅពីនោះ គឺការតុបតែងផ្សេងៗ លោកសង្កត់ធ្ងន់ថា អ្នកដែលធ្វើអ្វីកើត ធ្វើអ្វីបាន ទាំងខ្លួនគ្មានអ្វីសោះ ទើបជាការអស្ចារ្យ លោកបានលើកទឹកចិត្តដល់ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ ឲ្យធ្វើអគារនេះដោយកុំខ្លាច កុំភ័យឲ្យសោះ រឿងបញ្ហាខ្វះថវិកានោះ។

គួរបញ្ជាក់ថា នៅក្នុងការសាងសង់អគារសេនាធិការដ្ឋានថ្មី កងរាជអាវុធហត្ថខេត្តព្រះវិហារ នាពេលនេះ នឹងត្រូវចំណាយថវិកាអស់ប្រមាណជាង ៦៥ម៉ឺនដុល្លារអាមេរិក ក្នុងនោះ នាយឧត្តមសេនីយ៍ សៅ សុខា បានជួយឧបត្ថម្ភ ១០ម៉ឺនដុល្លារ និងលោកបានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធក្នុងខេត្ត និងសប្បុរសជននានា សូមបន្តជួយគាំទ្រឧបត្ថម្ភថវិកា ដើម្បីឲ្យដំណើរការសាងសង់អគារថ្មីនេះ បានសម្រេចដោយជោគជ័យ និងទុកជាសម្បត្តិរដ្ឋ៕ដោយ៖ឡុង សំបូរ