មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានប្រាប់មន្ត្រីដឹកនាំរដ្ឋបាលខេត្តព្រះវិហារ ត្រូវខិតខំពង្រឹងយន្តការគ្រប់គ្រងលើមេឃុំ-ចៅសង្កាត់ ស្មៀនឃុំ-សង្កាត់ មេប៉ុស្តិ៍នគរបាលរដ្ឋបាល និងមេភូមិ ឲ្យពង្រឹងការអនុវត្ត គោលនយោបាយភូមិឃុំមានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាពខ្ពស់

0

ខេត្តព្រះវិហារ៖ រដ្ឋខាធិការក្រសួងមហាផ្ទៃ លោក អ៊ុំ ម៉ារ៉ា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍បែបនេះ ក្នុងពេលដែលលោក បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ ៤រូប នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ នៅសាលាខេត្តព្រះវិហារ។

នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្តទាំង ៤រូបនោះទៀត ក៏មានការអញ្ជើញចូលរួមពី ប្រតិភូក្រសួងក្រសួងមហាផ្ទៃ ,ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ ,អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី ,ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោក ទី សុវិន្ទថាល់ ,ប្រធានសាលាដំបូងខេត្ត លោក យុត្ត ពន្លឺ ,សមាជិកក្រុមប្រឹក្សាខេត្ត ,អភិបាលរងខេត្ត ,មេបញ្ជាការកងកម្លាំងទាំង៣ ,ប្រធានមន្ទីរ ,អង្គភាពជុំវិញខេត្ត ,អភិបាលក្រុង ,ស្រុក និងមេឃុំ-ចៅសង្កាត់ នៅក្នុងខេត្តព្រះវិហារ ។

អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ ទាំង ៤រូប ដែលត្រូវប្រកាសចូលកាន់មុខតំណែង នាល្ងាចថ្ងៃម្សិលមិញនោះ គឺ ១.លោក មិន ស៊ីថា អតីតអនុប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ នៃក្រសួងមហាផ្ទៃ ជាអភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ ,២.លោក អ៊ុក គឹមសាន អតីតមន្ត្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជាអភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ ,៣.លោក សុខ សាន្តដារ៉ា អតីតអភិបាលស្រុកឆែប ជាអភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ និង ៤.លោក យឹម បញ្ញា អតីតនាយករងទីចាត់ការហិរញ្ញវត្ថុខេត្ត ជាអភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ។

អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានឡើងរាយការណ៍ អំពីសភាពការណ៍ទូទៅ នៅក្នុងខេត្តព្រះវិហារ ជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងលោកបានបញ្ជាក់ថា ខេត្តព្រះវិហារ មានផ្ទៃដីសរុប ១៣ម៉ឺន ៨សែន ២ពាន់ ១៧៦ម៉ែត្រក្រឡា មានផ្លូវប្រវែង ២៩៨គីឡូម៉ែតពី រាជធានីភ្នំពេញ មកទីរួមខេត្តព្រះវិហារ កាត់តាមផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ ៦២ មានព្រំប្រទល់ខាងជើងជាប់ប្រទេសថៃ ប្រវែង ១២៩គីឡូម៉ែត្រ និងជាប់ប្រទេសឡាវ ប្រវែង ១៤០គីឡូម៉ែត្រ មានលក្ខណះជាជួរភ្នំ ព្រៃ និងមួយផ្នែកជាទន្លេ ខាងត្បូងជាប់ខេត្តកំពង់ធំ ខាងកើតជាប់ខេត្តស្ទឹងត្រែង ខាងលិចជាប់ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ រដ្ឋបាលខេត្តចែកចេញជា ៧ស្រុក ១ក្រុង មាន ៤៩ឃុំ និង ២សង្កាត់ មាន ២៣២ភូមិ មានប្រជាពលរដ្ឋសរុប ៦ម៉ឺន ២ពាន់ ២៩៦គ្រួសារ ស្មើរនឹងចំនួនមនុស្ស ២៥ម៉ឺន ៣ពាន់ ៤០៤នាក់ ក្នុងនោះស្រី ១២ម៉ឺន ៧ពាន់ ៣២៦នាក់ និងដង់ស៊ីតេប្រជាពលរដ្ឋប្រមាណ ១៨នាក់ ក្នុង១គីឡូម៉ែត្រក្រឡា។

រដ្ឋខាធិការក្រសួងមហាផ្ទៃ លោក អ៊ុំ ម៉ារ៉ា បានថ្លែង ជំរុញរដ្ឋបាលខេត្តព្រះវិហារ ខិតខំបន្តរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម តាមរយៈការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ទប់ស្កាត់ការចរាចរគ្រឿងញៀននៅតាមបណ្តោយព្រំដែន ចូលរួមជាមួយសហគមន៍ ដើម្បីពង្រឹងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ជម្រុញប្រជាពលរដ្ឋ ឲ្យទៅពិនិត្យបញ្ជីឈ្នោះ និងចុះឈ្មោះបោះឆ្នោតសម្រាប់នីតិកាលទី៧ ឆ្នាំ២០២៣ ,អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តចុះអប់រំប្រជាពលរដ្ឋ ឲ្យអនុវត្តវិធានសុខាភិបាល ៣កុំ ៣ការពារ ពិសេស ត្រូវជម្រុញពួកគាត់ឲ្យទៅចាក់វ៉ាក់សាំងឲ្យគ្រប់ៗគ្នា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅតាមសហគមន៍ ,ត្រូវលើកកម្ពស់ការគ្រប់គ្រងធនធានធម្មជាតិ ប្រកបដោយចិរភាព ត្រូវទប់ស្កាត់ឲ្យបានម៉ឹងម៉ាត់ តាមរយៈការសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ និងគ្រប់ភាគី ពិសេស ត្រូវបំផុសប្រជាពលរដ្ឋ ឲ្យចូលរួមការពារធនធានធម្មជាតិ ការពារការកាប់ទន្ទ្រានដីរដ្ឋធ្វើជាកម្មសិទ្ធិ ដោយខុសច្បាប់ ,ត្រូវបន្តជម្រុញការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព គណនេយ្យភាព មានប្រសិទ្ធភាព ឆាប់រហ័ស និងទាន់ពេលវេលា តាមរយៈយន្តការច្រកចេញចូលតែមួយ ,ត្រូវបន្តការអនុវត្តកំណែទម្រងវិជ្ឍការ និងវិសហមជ្ឍការរបស់ រាជរដ្ឋាភិបាល តាមរយៈការអនុវត្តកម្មវិធីជាតិ រយៈពេល ១០ឆ្នាំ ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០៣០ ,ត្រូវបន្តពង្រឹងអភិបាលកិច្ចនៅថ្នាក់មូលដ្ឋាន ការពង្រឹងតួនាទី សិទ្ធិអំណាច រវាង គណៈអភិបាល និងក្រុមប្រឹក្សា ការទទួលខុសត្រូវជាមួយប្រជាពលរដ្ឋ លើការសម្រេចចិត្តនានារបស់ខ្លួន ,ក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលទើបប្រកាសចូលកាន់តំណែងថ្មីៗកន្លងទៅ ត្រូវបំពេញភារកិច្ចដែលប្រជាពលរដ្ឋប្រគល់ជូន ខិតខំបម្រើសេវាជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋានឃុំ-សង្កាត់ឲ្យបានកាន់តែល្អប្រសើរ មិនត្រូវប្រកាន់និន្នាការនយោបាយនោះឡើយ។

រដ្ឋខាធិការក្រសួងមហាផ្ទៃ​ លោក អ៊ុំ ម៉ារ៉ា បានស្នើដល់គណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ ត្រូវពង្រឹងការគ្រប់គ្រងសភាពការណ៍តាមមូលដ្ឋាន ដើម្បីដាក់ចេញនូវវិធានការនានា សំដៅទប់ស្កាត់ឲ្យបានទាន់ពេលវេលា សកម្មភាពប៉ុនប៉ងបង្កឲ្យមានចលាចលវឹកវរ និងអសន្តិសុខក្នុងសង្គម ,ត្រូវធានាការពារសន្តិសុខ និងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ ដែលមានរយៈពេល ៤៨ថ្ងៃ ចាប់ពីថ្ងៃទី២០តុលា ដល់ថ្ងៃទី៨ធ្នូ២០២២  បញ្ជីបោះឆ្នោតនេះត្រូវបានប្រើប្រាស់ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះ ,ត្រូវយកចិត្តទុកដាក់គ្រប់គ្រង ដោះស្រាយជម្លោះ ការពារការទាមទារ ការតវ៉ាប្រកបដោយប្រសិទ្ធភាព ផ្អែកតាមគោលការណ៍ច្បាប់ យុត្តិធម៌សង្គម និងជៀសវាងដាច់ខាតនូវអំពើហឹង្សាតាមគ្រប់រូបភាព ,ជំរុញនិងបំផុតចលនាឲ្យមានការចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពរបស់ រាជរដ្ឋាភិបាល ដែលមានលក្ខណៈសម្បត្តិទាំង ៧យ៉ាង ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។

លោករដ្ឋខាធិការក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ដើម្បីជំរុញការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ គណៈអភិបាលខេត្ត ត្រូវពង្រឹងយន្តការគ្រប់គ្រងនៅថ្នាក់ឃុំ-សង្កាត់ គឺត្រូវពង្រឹងតួរអង្គទាំង៥ ឲ្យលើកកម្ពស់ការបំរើសេវាជូនប្រជាពលរដ្ឋ ក្នុងនោះរួមមាន៖ មេឃុំ ចៅសង្កាត់ ស្មៀនឃុំ-សង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ មណ្ឌលសុខភាព ឬ ប៉ុស្តិ៍សុខភាព និងមេភូមិ តួរអង្គទាំង ៥នេះ ត្រូវយកចិត្តទុកដាក់អនុវត្តតួរនាទី ភារកិច្ចរបស់ខ្លួន និងការផ្តល់សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានល្អប្រសើរ ,ត្រូវបន្តពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និងកែលំអរឥរិយាបថ ក្នុងការប្រើប្រាស់ ប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព គណនេយ្យភាព យុត្តិធម៌ ដោយមិនត្រូវធ្វើការរើសអើង ឬ បែងចែកបក្សពួក និន្នាការនយោបាយ នោះឡើយ។​

រដ្ឋខាធិការក្រសួងមហាផ្ទៃ​ លោក អ៊ុំ ម៉ារ៉ា ​បានស្នើឲ្យប្រធានក្រុមប្រឹក្សាខេត្ត ,អភិបាល  ,អភិបាលរងខេត្តព្រះវិហារ ,ប្រធានអង្គភាពភាពនានា ,មន្ត្រីរាជការ ,កងកម្លាំងប្រដាប់អាវុធ រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហារ ផ្តល់ការគាំទ្រ ដល់លោកអភិបាលរងខេត្តថ្មីទាំង ៤រូប ដើម្បីបន្តរួមគ្នាថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពសង្គម សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងខិតខំរួមគ្នាក្នុងការអភិវឌ្ឍខេត្តព្រះវិហារ ឲ្យកាន់តែប្រសើរ និងរីកចម្រើនទៅមុខថែមទៀត ៕ ដោយ៖ឡុង សំបូរ