កម្លាំង​សមត្ថកិច្ច​ខេត្តសៀមរាប​ធ្វើការ​បង្ក្រាប​កន្លែង​បើក​អាជីវកម្ម​ស៊ី​ហ្សា​ចំនួន​៤​ទីតាំង​

0

​សៀមរាប ៖ ក្រោម​ការបញ្ជា របស់ ឯ​.​ឩ ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប និង ជា​ប្រធាន​គណ​:​បញ្ជាការ​ឯកភាព​ខេត្ត ក៏ដូចជា​ក្រោម​ការចង្អុលបង្ហាញ​ពី​សំណាក់​លោក​ឩ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប​ក្នុងការ​យកចិត្តទុកដាក់​ខ្ពស់ លើ​ការ ការពារ​ថែរក្សា​សន្តិសុខ សុវត្ថិភាព និង សណ្តាប់​សង្គម​ពោលគឺ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​និង​ភ្ញៀវ​ទេសចរណ៍​ឲ្យ​កាន់​តែមាន​សុវត្ថិភាព​ក៏ដូចជា​អនុវត្ត​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​ផង​នោះ​។

​ជាក់ស្តែង​នៅ​យប់​ថ្ងៃទី​២៥​ខែ​កុ​ម្ភះ​ឆ្នាំ​២០១៤​នេះ​កម្លាំង​នគរបាល​ចំរុះ​ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ដែល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក អ៊ុំ អមរា ស្នងការរង​និង​ជា​ប្រធានការិយាល័យ​កណ្តាល​នគ​របាល​ប្រឆាំង​បទល្មើស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​និង​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ដែល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ស្រី យូ​រ៉ា មេបញ្ជាការរង​និង​ជា​ប្រធាន​មន្ទីរ​ស្រាវជ្រាវ​និង​យុត្តិធម៌​បាន​ចុះ​ប្រតិបត្តិ​ការណ៍​រួមគ្នា​ធ្វើការ​បង្ក្រាប​និង​បានធ្វើ​ការបិទ​ទីតាំង​ចំនួន​៤​កន្លែង​ដែល​បាន​បើក​បំរើសេវា​កម្ម​លក់​ស៊ី ហ្សា​ក្នុង​ក្រុង​សៀមរាប​។​

លោក​វរសេនីយ៍ត្រី ទិ​ត្យ ណា​រ៉ុង អធិការនគរបាល​ក្រុង​សៀមរាប​នៅ​និង​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​ក្នុង​កិច្ច​ចុះ​ប្រតិបត្តិ​ការណ៍​នេះ​កម្លាំង​សមត្ថកិច្ច​យើង​បានធ្វើ​ការដកហូត​បាន​នូវ​វត្ថុតាង​បំពង់​ស៊ី​ហ្សា​ចំនួន​៥២​ដើម​និង​បានធ្វើ​ការប្រមូល​យុវជន​ចំនួន​២៩​នាក់​និង​យុវនារី​បាន​ចំនួន​៣​នាក់​ដើម្បី​ធ្វើការ​សួរនាំ​និង​បានធ្វើ​ការអប់រំ​រួច​ធ្វើ​កិច្ចសន្យា​ឲ្យ​វិល​ប្រ​ឡប់​ទៅផ្ទះ​វិញ​។​ដោយឡែក​ចំពោះ​ម្ចាស់​អាជីវកម្ម​ទាំងអស់​ត្រូវបាន​សមត្ថ​កិច្ច​ឲ្យ​មក​ធ្វើ​កិច្ចសន្យា​និង​បញ្ឈប់​ជាបន្ទាន់​នៅ​ការបើក​អាជីវកម្ម​បំរើសេវា​កម្ម​លក់​ស៊ី​ហ្សា​នេះ​ដែល​ខុសពី​ច្បាប់​បានកំណត់ ។

​លោក​វរសេនីយ៍ត្រី ទិ​ត្យ ណា​រ៉ុង បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថាបើ​ក្នុងករណី​ដែលមាន​ម្ចាស់​ទីតាំង​ណាមួយ​លួចលាក់​ក្នុង​ការបើក​ធ្វើ​អាជីវកម្ម​បំរើ​លក់​ស៊ី​ហ្សា​ដែល​ច្បាប់​បាន​ហាមឃាត់​នេះ​សមត្ថកិច្ច​និង​ចំណាត់ការ​ទៅតាម​និតិ​វិធី​ជា​បន្ត ។​គួរ​បញ្ជា​ថា​តាម​ការបញ្ជាក់​នៅតាម​គេហទំព័រ​នៃ​សារព័ត៌មាន​មួយចំនួន​បាន​ឲ្យ​ដឹងថា សារធាតុ​នៃ​ការជក់​ស៊ី​ហ្សា​នេះ នឹង ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​កោសិកា​របស់​អ្នកប្រើប្រាស់ ធ្វើ​ឲ្យ​មាន​ដំបៅ​តាម​ជើង​ឆ្មេ​ញ សារពាង្គកាយ និង ធ្វើ​ឲ្យ ចុះខ្សោយ​កម្លាំង រហូតដល់​បាត់បង់​ជីវិត​ទៀតផង ៕3 4 5 6 7

ដោយ លោក ខេង ខេមរា​ ​