នៅថ្ងៃទី១៨ខែកញ្ញា ពលរដ្ឋស្កូតឡែន ប្រមាណ4,3លាននាក់នាំគ្នាទៅបោះឆ្នោតស្តីពីការផ្តាច់ខ្លួនចេញពីប្រទេសអង់គ្លេសដែរឬអត់ ក្រោយរយៈ៣០៧ឆ្នាំដែលស្កូតឡែនរស់នៅក្រោម ការ គ្រប់គ្រងរបស់ច័ក្រភពអង់គ្លេស សារព័ត៌មានBBC បានផ្សាយថា ពលរដ្ឋដែលត្រូវបោះឆ្នោត មានចម្លើយពីរ Yes/No សម្រាប់ ឆ្លើយ តប់និងសំណួរ ថាតើស្កូតឡែនគួរតែក្លាយជាប្រទេសឯករាជ្យដែរឬទេ? ក្នុងចំណោមពលរដ្ឋទាំងអស់មាន៩៧ភាគរយបានចុះឈ្មោះទៅបោះឆ្នោតសម្រេចវាសនារបស់ខ្លួន។ ការិយាបោះឆ្នោតជាង២៦០៨ កន្លែង នៅទូទាំងតំបន់ស្កូតឡែន បានបើកទ្វានៅព្រឹកថ្ងៃទី១៨ខែកញ្ញា ហើយលទ្ធផលនឹងត្រូវប្រកាសនៅថ្ងៃទី១៩ខែកញ្ញា។
ការដែលស្កូតឡែងបោះឆ្នោតផ្តាច់ខ្លួនបានធ្វើឲ្យមានសំណួរជាច្រើនកើតឡើង ស្តីអំពីការបែងចែកទ្រព្យសម្បត្តិ និងគោលនយោបាយការបរទេស។ តើស្កូតឡែនអាចក្លាយទៅជាសមាជិករបស់សហគមន៍អឺរ៉ុបនិងអង្គការណាតូ? តើបន្តប្រើប្រាស់ប្រាក់ហ្វោន អង់គ្លេសដែរឬទេ? ការដែលស្កូតឡែងទទួលបានឯករាជ្យ ប្រាកដជាធ្វើឲ្យតំបន់ជាច្រើននៅអឺរ៉ុបរង្គោះរង្កើរចង់ផ្តាច់ខ្លួនដូចគ្នា ។ជាក់ស្តែងពលរដ្ឋរស់នៅតំបន់ Catalonia ប្រទេសអេស្ប៉ាញបាននាំគ្នាធ្វើមហាបាតុកម្មទាមទារធ្វើប្រជាមតិផ្តាច់ខ្លួនចេញពីប្រទេសអេស្ប៉ាញ។
ពលរដ្ឋនៅក្នុងតំបន់ Catalonia ជិត ២លាននាក់បាននាំគ្នាដង្ហែក្បួនបាតុកម្មទាមទារផ្តាច់ខ្លួន ដោយស្រែកហ៊ោកញ្ជ្រៀវនូវពាក្យស្លោកថា “ដល់ពេលដែលត្រូវផ្តាច់ខ្លួន” ។ សកម្មភាពខាងលើជាការគាំទ្រដល់ សម្ព័ន្ធមិត្តប្រជាធិបតេយ្យរបស់មេដឹកនាំនៅតំបន់ Catalonia ក្នុងការធ្វើប្រជាមតិ«ចែកផ្លូវគ្នា»ជាមួយអេស្ប៉ាញនាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៤ ។ Catalonia ជា តំបន់ដែលមានបំផុតនៅក្នុងប្រទេសអេស្ប៉ាញ ហើយក៏ត្រូវទទួលរងនូវឥទ្ធិពលពីវិបត្តិបំណុលរបស់អេស្ប៉ាញ ធ្វើឲ្យពលរដ្ឋក្នុងតំបន់នេះមានអារម្មណ៍ថា ខ្លួនត្រូវបានរដ្ឋាភិបាលអេស្ប៉ាញដាក់គំនាបយ៉ាងខ្លាំងលើវិ ស័យសេដ្ឋកិច្ច ។ ចាប់តាំងពីឆ្នាំ២០១០ មកទល់ពេលនេះ មានពលរដ្ឋធ្វើបាតុកម្មជាញឹកញាប់ដោយមានការចូលរួមពីពលរដ្ឋជាង ១លាននាក់ក្នុងចំណោមពលរដ្ឋសរុបជាង៧លាននាក់នៅក្នុងតំបន់ Catalonia ។ ពលរដ្ឋនៅទីនោះទាមទារ សម្រេចវាសនាខ្លួនដោយខ្លួនឯង មិនចង់រងគំនាបណាមួយពីរដ្ឋាភិបាលនោះឡើយ ។ បើទោះមានការជំទាស់ពីរដ្ឋាភិបាលទីក្រុងរៀលម៉ាឌ្រិត ប៉ុន្តែមេដឹកនាំ Catalonia លោក Artus Mas ប្រកាសថានឹងរៀបចំធ្វើប្រជាមតិពលរដ្ឋដោយមានសំណួរ២ គឺ ១-អ្នកចង់ឲ្យ Catalonia ក្លាយជាប្រទេសមួយ ? និង២-តើអ្នកចងឲ្យប្រទេសនេះឯករាជ្យ ? ការធ្វើបាតុកម្មរបស់ពលរដ្ឋនៅក្នុងតំបន់ Catalonia កាន់តែតានតឹងខ្លាំងឡើង ក្នុងពេលដែល ការធ្វើប្រជាមតិផ្តាច់ខ្លួនចេញពីប្រទេសអង់គ្លេសរបស់ពលរដ្ឋ Scotland នឹងធ្វើឡើងនៅថ្ងៃទី១៨ ខែកញ្ញា ខាងមុខ ។
កាលពីខែតុលា ឆ្នាំ២០១២ នាយករដ្ឋមន្ត្រីអង់គ្លេស លោក David Cameron បានឯកភាពទុកឲ្យ Scotland ធ្វើ ប្រជាមតិផ្តាច់ខ្លួន ។ ទាំងនោះហើយបានធ្វើឲ្យពលរដ្ឋនៅក្នុងប្រទេសអេស្ប៉ាញក៏បះបោរ ចង់ធ្វើប្រជាមតិឯករាជ្យដូចនៅ Scotland ផងដែរ ។រយៈពេល២ឆ្នាំកន្លងមក ពលរដ្ឋ Catalonia បានស្នើដល់រដ្ឋាភិបាលអេស្ប៉ាញយកតម្រាប់តាមប្រទេសអង់គ្លេស ។
មន្ត្រីទទួលបន្ទុកកិច្ចការបរទេសរបស់តំបន់ Catalonia លោកRoger Al Binyana បានប្រកាសថា «យើងបានស្នើដល់នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Mariano Rajoy ទុកឲ្យពលរដ្ឋ Catalonia មានសិទ្ធិសេរីភាពពេញលេញធ្វើអ្វីដែលខ្លួនចងបាន ។ រដ្ឋាភិបាលទីក្រុងឡុង ក៏បានផ្តល់អាទិភាពដល់ពលរដ្ឋ Scotland មានសេរីភាព ធ្វើប្រជាមតិតាមអ្វីដែលខ្លួនចង់ធ្វើ»។ ឆ្លើយ តបទៅនឹងសំណើខាងលើ នាយករដ្ឋមន្ត្រីអេស្ប៉ាញបានបញ្ជាក់ថា «អង់គ្លេសមិនបានកំណត់ច្បាប់ធ្វើប្រជាមតិនៅក្នុងរដ្ឋធម្មនុញ នោះឡើយ ដូច្នេះពលរដ្ឋនៅទីនោះគ្រាន់តែទទួលបានការយល់ព្រមពីរដ្ឋាភិបា ល គឺអាចធ្វើបាន ។
ចំណែកអេស្ប៉ាញវិញ ក្នុងមាត្រ២នៃរដ្ឋធម្មនុញ្ញបានបញ្ជាក់យ៉ាងច្បាស់ថា «មិនអាចកាត់ផ្តាច់ទឹកដីនោះឡើយ» ហើយនៅក្នុងមាត្រា ៩២ក៏បានបញ្ជាក់ថា ការធ្វើប្រជាមតិ គឺត្រូវតែធ្វើឡើងនៅទូទាំងប្រទេស មិនអាចធ្វើឡើងតែតំបន់មួយនោះទេ ។ នៅពេលនេះរដ្ឋាភិបាលបានត្រៀមលក្ខណៈទប់ទល់ ប្រសិនបើមានការធ្វើប្រជាមតិខុសច្បាប់កើតឡើង ៕ដោយផន សុខជាតិ