ខេត្តកំពង់ធំ៖ ផ្ទៃដីស្រូវស្រែប្រមាណ៩ពាន់ហិចតា ដែលស្មើនឹងចំនួនមនុស្សយ៉ាងហោចជាង ១ម៉ឺនគ្រួសារ បានរងការលិចលង់ ខូចខាត និងរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ហើយអាជ្ញាធរខេត្តកំពង់ធំ គ្រោងនឹងស្តារដំណាំស្រូវនោះឡើងវិញ ក្រោយរដូវទឹកសម្រក។
អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោកទេសរដ្ឋមន្រ្តី គន់ គីម នៅថ្ងៃទី៩តុលា ម្សិលមិញ បានចុះបេសកកម្មបន្ទាន់មួយ តបតាមបទបញ្ជារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជុំវិញការស្តារដំណាំស្រូវខូចខាតដោយទឹកជំនន់ បានចុះជួបប្រជុំជាមួយអាជ្ញាធរ និងមន្ទីរជំនាញ នៅតាមបណ្តាខេត្តជាប់បឹងទន្លេសាប។
លោកទេសរដ្ឋមន្រ្តី គន់ គីម នៅក្នុង កិច្ចពិភាក្សាបន្ទាន់នោះ បានណែនាំដល់មន្ទីរជំនាញខេត្តកំពង់ធំ ឲ្យត្រៀមលក្ខណៈគ្រប់បែបយ៉ាង ដើម្បីស្តារដំណាំស្រូវដែលរងការខូចខាត ខណៈអាជ្ញាធរខេត្តកំពង់ធំ គ្រោងនឹងស្តារឡើងវិញ ដែលខូចខាតទំហំ ៩ពាន់ហិកតា ស្មើនឹងចំនួនមនុស្សជាង ១ម៉ឺនគ្រួសារ ។ នេះបើតាមការបញ្ជាក់របស់ លោកទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ។
គួរបញ្ជាក់ផងដែរថា តាមរយៈសារសំឡេង កាលពីយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឲ្យលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីស្តីទីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាត់មន្រ្តីជំនាញ ចុះទៅតាមបណ្តាខេត្តជាបន្ទាន់ ដើម្បីវាយតម្លៃពីផលប៉ះពាល់ដំណាំស្រូវ របស់បងប្អូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះដោយសារទឹកជំនន់ ដើម្បីត្រៀមដឹកជញ្ជូនគ្រាប់ពូជ ផ្តល់ជូនសម្រាប់ពួកគាត់ ធ្វើការដាំដុះឡើងវិញ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងថា តាមតួលេខរបស់គណៈកម្មាធិការជាតិគ្រប់គ្រោះមហន្តរាយ បានបង្ហាញថា ស្រូវលិចទឹក ចំនួន ១៥១ពាន់ ៤១២ហិកតា, និងដំណាំរួមផ្សំផ្សេងៗទៀតមានចំនួន ៤១ពាន់ ២៤ហិកតា ដូច្នេះ ដើម្បីឲ្យដឹងស្ថិតិច្បាស់លាស់បន្ថែមទៀត។
សម្តេចតេជោ បានបញ្ជាឲ្យមានកិច្ចសហការរួមគ្នាវាយតម្លៃ ដើម្បីត្រៀមបម្រុងដឹកពូជស្រូវ និងពូជដំណាំ ទៅដល់គោលដៅ ដែលរងផលប៉ះពាល់ខូចខាត និងជួយអន្តរាគមន៍ ដល់ពលរដ្ឋឲ្យបានទាន់ពេលវេលា។
តាមរយៈសំឡេងដដែលនេះដែរ សម្តេចតេជោ នាយករដ្ឋមន្រ្តី ក៏បានឲ្យដឹងផងដែរថា រហូតមកដល់ពេលនេះ មានប្រជាពលរដ្ឋចំនួន ៤នាក់ បានស្លាប់ ដោយសារទឹកជំនន់ ខណៈខេត្តដែលបានប៉ះពាល់ ចំនួន២២ ,ក្រុង/ស្រុក/ខណ្ឌ ចំនួន៩៦ និង៧៧០ឃុំ ដែលបានលិចលង់ ហើយបងប្អូនប្រជាពលរដ្ឋជាច្រើនគ្រួសារ បានជម្លៀសទៅរកទីទួលសុវត្ថិភាព៕ អត្ថបទ៖ឡុង សំបូរ