​បុរស​ម្នាក់​ជិះ​ម៉ូតូ​សង់​កូរ៉េ​លឿន​រេ​ចង្កូត​ដួល​ប្រាវ​សន្លប់​ជាង​១០​នាទី​ភ្ញាក់ឡើង វិញ​ជិះ​ម៉ូតូ​គេចខ្លួនបាត់​

0

​ភ្នំពេញ ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បង្កឡើង​ដោយសារ​បុរស​ម្នាក់​វ័យ​ជាង​៤០ ឆ្នាំ ជិះ​ម៉ូតូ សង់​កូរ៉េ​មួយគ្រឿង​ក្នុង​ល្បឿន​លឿន ហើយ​រេ​ចង្កូត​ដួល​ប្រាវ​ទៅលើ​ថ្នល់​ផ្លូវ​បេតុង​តែឯង សន្លប់​ស្តុក​ស្តឹង​នៅ នឹង​កន្លែងកើតហេតុ​ជាង ១០ នាទី​ត្រូវបាន​ប្រជាពលរដ្ឋ​ជួយ​ធ្វើ​សរសៃ​ដឹងខ្លួន​វិញ​លើ​ម៉ូតូ​ជិះ​ទៅ​បាត់ កាលពី​វេលា​ម៉ោង ១២ នឹង ៣០ នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​ចំរើន​ផល សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ ។ ​ ​

យោងតាម​ប្រភពព័ត៌មាន​ពី​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​គ្រោះថ្នាក​ចរាចរណ៍​ខាងលើ​បាន​ឲ្យ​ដឹង មុនពេល​កើតហេតុ​មាន​បុរស​ម្នា​ក់វ័យ​ជាង ៤០ ឆ្នាំ បាន​ជិះ​ម៉ូតូ​សង់​កូរ៉េ ពណ៌​ក្រហម​ពាក់​ស្លាក​លេខ ឈ ៩៦១០ ភព​១ ជិះ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ ២៧១ ហើយ​ជិះ​ចុះ​ចំណោត​តាម​ច្រក​ផ្លូវ​បេតុង ក្នុង​ល្បឿន​លឿន ល្មម តែ​ចាប់​ជាន់​ហ្វ្រាំង​មិនទាន់​បណ្តាល​ឲ្យ​រអិល​រេ​ចង្កូត​ដួល​ខ្លួន​ប្រាវ​ទៅលើ​ថ្នល់ សន្លប់​ស្តុក​ស្តឹង​នៅនឹងកន្លែង កើតហេតុ ប៉ុន្តែ​មិន​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ​ទេ ។

ពេល​សន្លប់​បាន​ជាង ១០​នាទី ក្រុម​ប្រជាពលរដ្ឋ​នឹង​អ្នកដំណើរ​បាននាំគ្នា​ជួយ​ធ្វើ​សរសៃ​ឲ្យ​រហូត​ដឹងខ្លួន​វិញ រូបគេ​បាន​លើក​ម៉ូតូ​ជិះ​គេចខ្លួន បាត់ស្រមោល​តែម្តង​ពុំ​រំខាន​ដល់​សមត្ថកិច្ច​ចុះ​វាស់វែង​អូស​យក​ម៉ូតូ​របស់គេ​ទៅ​រក្សាទុក​ឡើយ ។ ​

​សមត្ថកិច្ច​បញ្ជាក់ថា​គ្រោះថ្នាក់​នេះ​បង្កឡើង​ដោយសារ​បុរស​ម្ចាស់​ម៉ូតូ​សង់​កូរ៉េ​ស្រវឹងស្រា ហើយ​ជិះ​ម៉ូតូ ចូល​តាម​ច្រក​ចំណោត​ខ្លាំងពេក ទល់​ចង្កូត​មិនទាន់​ក៏​បណ្តាល​ឲ្យ​ដួល​ប្រាវ​តែម្នាក់ឯង តែម្តងទៅ​៕​02 01