ខេត្តកំពតះ ផ្លូវ១ខ្សែស្ថិតខាងកើតតារាងបាល់ទាត់ខេត្តកំពត ឥឡូវចាប់ផ្តើមក្លាយជាជង្ហុកនិងរណ្តៅធំអាចយកត្រីដាក់ចិញ្ចឹមបានហើយ ប៉ុន្តែអាជ្ញាធរក្នុងតំបន់ក៏ដូចជាជំនាញហាក់មើលរំលង ដោយបានបណ្តែតបណ្តោយឲ្យផ្លូវ១ខ្សែនេះកាន់តែមានស្ថានភាពយ៉ាប់យឺនពី១ខែទៅ១ឆ្នាំ។
ប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវព្រមទាំងអ្នកដំណើរតាមមធ្យោបាយផ្សេងៗបានត្អូញត្អែរថា ដងផ្លូវ១ខ្សែនេះរងភាពខូចខាតជាយូរណាស់មកហើយប៉ុន្តែបើទោះជាផ្លូវនេះបានក្លាយជាថ្លុកក្របីបែបណាហាក់គ្មានអាជ្ញាធរឬផ្នែកពាក់ព័ន្ធចោលភ្នែកមើលដែរ ហើយការខូចខាតផ្លូវដ៏ឆាប់រហ័សនេះបណ្តាលមកពីមានរថយន្តខ្នាតធំផ្ទុកលើសចំណុះចរាចរទៅមកទាំងយប់ទាំងថ្ងៃមិនដែលខកខានម្តងណាឡើយ។
ពួកគាត់រង់ចាំមើលថា តើខែណា ឆ្នាំណាទើបអាជ្ញាធរនិងជំនាញសម្លឹងឃើញនោះ។គេបានលើកឡើងទៀតថា ផ្លូវមួយខ្សែខាងលើបើគិតចម្ងាយវិញប្រហែលជាង១គីឡូម៉ែត្រប៉ុណ្ណោះ ចុះហេតុម្តេចក៏គ្មានអ្នកគិតគូរបែបនេះ ស្រួលមិនស្រួលជង្ហុកនិងរណ្តៅដ៏ធំនេះនឹងមានក្តាម ត្រី និងកងែបមករស់នៅក៏អាចថាបាន ព្រោះផ្លូវដែលគាត់ធ្វើចរាចរបានក្លាយជាថ្លុក មានទឹកដក់រួចជាស្រេចទៅហើយ។
គេបានឲ្យដឹងទៀតថា កាលពីប៉ុន្មានខែមុន ផ្លូវនេះក្រៅពីមានសភាពរដិករដុបក៏បានបង្ហុយធូលីដីជាប្រចាំដែលបង្កការរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ លុះក្រោយពីមានភ្លៀងកក់ខែ១មេស្រាប់តែត្រូវលិចលង់ប្រែជាថ្លុកក្របីតែម្តង ហើយក៏នាំផលវិបាកដល់ការធ្វើដំណើរផងដែរ។
ទាក់ទិននឹងដងផ្លូវ១ខ្សែដែលកំពុងក្លាយជាជង្ហុកធំៗនេះ កន្លងមកលោក លឹម សំបូរ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពតបានប្រាប់កម្ពុជាថ្មី តាមទូរស័ព្ទថា ផ្លូវនេះជាគម្រោងរបស់ក្រសួង ដោយបានរៀបចំគ្រោងចាក់បេតុងដែលមានប្រវែង១គីឡូម៉ែត្រហើយក៏តម្រូវឲ្យក្រុមហ៊ុនដេញថ្លៃរួចហើយ ប៉ុន្តែដោយសារគម្រោងថវិកាសម្រាប់ស្ថាបនាត្រូវបានបង្វែរទៅសង្គ្រោះអ្នករងគ្រោះនឹងទឹកជំនន់កាលពីឆ្នាំមុនទើបការស្ថាបនាផ្លូវខាងលើមានសភាពយឺតយ៉ាវបែបនេះ។លោកបានបញ្ជាក់ថា ទោះជាយ៉ាងណាផ្លូវដ៏សែនលំបាកនេះនឹងត្រូវរៀបចំស្ថាបនាក្នុងអំឡុងពេលខាងមុខនេះហើយ៕Jhon ny





































