ភ្នំពេញ៖ របាំងថ្មចែកទ្រូងផ្លូវមួយកន្លែងស្ថិតនៅចំណុចមុខក្រុមហ៊ុន ថុន មាងពាណិជ្ជ តាមបណ្តោយផ្លូវ ម៉ៅសេ ទុង សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ត្រូវរងការខូចខាតបាក់អស់ចំនួន៣កង់ខ្ទាតរាយបាយពេញផ្លូវ កាលពីវេលាម៉ោង ១ នឹង ២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០១៤ ដោយសារតែយុវជន ម្នាក់បើកបររថយន្តកាមរីបាឡែនមួយគ្រឿងក្នុងល្បឿនលឿន ហើយរេចង្កូតបុករះយ៉ាងពេញទំហឹង ។
យោងតាមប្រភពព័ត័មានពីសាក្សីដែលបានឃើញហេតុការណ៍ខាងលើនេះបានឲ្យដឹងថា មុនពេល កើតហេតុមានយុវជន ២នាក់ បានរួមដំណើរក្នុងរថយន្តមួយគ្រឿង ម៉ាកកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2Y 5390 ធ្វើដំណើរក្នុងល្បឿនយ៉ាងលឿន តាមបណ្តោយផ្លូវម៉ៅសេទុង ទិសដៅពីកើតទៅលិច លុះដល់ចំណុចខាងលើទំនងជាយុវជនជាអ្នកបើកបរងងុយដេកពេក ទើបបណ្តាលឲ្យទល់ស្មារតីមិនបានរេចង្កូត រថយន្តបុករះរបាំងថ្មចេញទ្រូងផ្លូវទាំងកម្រោលតែម្តងទៅ ។
គួរបញ្ជក់ថាក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលឲ្យរបាំងថ្មចែកទ្រូងផ្លូវចំនួន ៣កង់ ត្រូវបាក់ បែកខ្ទេចខ្ទី ខ្ទាតរាយប៉ាយពេញផ្លូវ ចំណែករថយន្តបង្កហេតុត្រូវក្រឡាប់ផ្ងារជើងច្រងាងខូចខាតទាំងស្រុង ប៉ុន្តែ ទាក់ទិនករណីនេះដែរមិនបណ្តាលឲ្យមនុស្សណាម្នាក់ត្រូវរងរបួសធ្ងន់ធ្ងរឡើយ ។ ដោយក្រោយកើតហេតុ យុវជនបើកបររថយន្តបង្កហេតុបានលូនចេញពីក្នុងរថយន្តជិះម៉ូតូឌុបគេចខ្លួនបាត់ស្រមោលភ្លាមៗតែម្តងទៅ។
ក្រោយកើតហេតុរថយន្តបង្កហេតុត្រូវបាននគរបាលមូលដ្ឋានសហការជាមួយនគរបាលជំនាញ ចុះវាស់ វែងអូសយករថយន្តបង្កហេតុទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញរង់ចាំដដោះស្រាយ នាពេលក្រោយ ។ ហើយសមត្ថកិច្ចបញ្ជាក់ថាគ្រោះថ្នាក់នេះបង្កឡើងដោយអ្នកបើកបររថយន្តកាមរីបាឡែននេះ ទំនងជាស្រវឹង បានជាបើករថយន្តលឿនគ្មានការប្រុងប្រយ័ត្នបង្កឲ្យមានគ្រោះថ្នាក់តែម្តងទៅ ។