អភិបាលរងខេត្តកំពង់ធំ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយផែនការអនុវត្តកិច្ចការពារកុមារខេត្តរយៈពេល៣ឆ្នាំ (២០២៣-២០២៥)

(កំពង់ធំ)÷ លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ លោកជំទាវ សុខ ចាន់ធូ សមាជិកក្រុមប្រឹក្សាខេត្ត ​លោក លោកស្រី ក្រុមការងារកិច្ចការពារកុមាររបស់អគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងអង្គការយូនីសេហ្វ​ បានអញ្ជើញចូលរួម កិច្ចប្រជុំស្តីពីការផ្សព្វផ្សាយផែនការអនុវត្តកិច្ចការពារកុមារខេត្យរយៈពេល៣ឆ្នាំ (២០២៣-២០២៥) នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលាខេត្តកំពង់ធំ។

ឆ្លៀតក្នុងឱកាសនេះលោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ បានមានប្រសាសន៍ថា ដើម្បីពង្រឹងប្រព័ន្ធកិច្ចការពារកុមារ ការសម្របសម្រួលរវាង​អង្គភាពពាក់ព័ន្ធ ការផ្តោតលើការសមាហរណកម្ម​កុមារ​ពីមណ្ឌលថែទាំកុមារ​ទៅគ្រួសារ ការថែទាំតាមសហគមន៍ និងទប់ស្កាត់ការបំបែកកុមារពីគ្រួសារ ការបង្ការទប់ស្កាត់ និងឆ្លើយតបអំពើហិង្សាគ្រប់ទម្រង់លើកុមារ ការគោរពសិទ្ធិកុមារគ្រប់រូប រួមទាំងកុមារទំនាស់នឹងច្បាប់ផងដែរ។ ក៏ដូចជាការផ្តោតលើការផ្ដល់សេវាដល់កុមារងាយរងគ្រោះ​ កុមាររងគ្រោះ និងកុមារទំនាស់នឹងច្បាប់ ពង្រឹង​ប្រព័ន្ធនានា សម្រាប់កិច្ចការពារកុមារ ទប់ស្កាត់និងឆ្លើយតបចំពោះ​អំពើហិង្សា ការកេងប្រវ័ញ្ច ការរំលោភបំពាន និងការបំបែកកុមារពីគ្រួសារ​ដោយមិនចាំបាច់ និងឱ្យកុមារគ្រប់រូប​នៅក្នុងខេត្តកំពង់ធំមានសុវត្ថិភាព និងអាចសម្រេចបានសក្ដានុពលពេញលេញរបស់ពួកគេ។

លោកជំទាវអភិបាលរងខេត្ត ក៏បានបន្តទៀតថា គឺទប់ស្កាត់ និងអន្តរាគមន៍គ្រប់ជ្រុងជ្រោយករណីហិង្សា ការជួញដូរ និងការរំលោភបំពាន​លើ​កុមារ និង​ទប់​ស្កាត់​ការបំបែកកុ​មារពីគ្រួសារដោយមិនចាំបាច់រៀបចំផែនការការងារ និងថវិកា ដើម្បីគាំទ្រដល់ការអនុវត្ត។ តាមដានផែនការកិច្ចការពារកុមារ និងជំរុញអ្នកទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ សង្កាត់ ក្នុងការរៀបចំផែនការ ដែលឆ្លើយតបទៅនឹងបញ្ហាស្ត្រី និងកុមារ រួចបញ្ចូលទៅក្នុងផែនការ និងកម្មវិធីវិនិយោគ ឃុំ សង្កាត់ ព្រមទាំងអនុញ្ញាត​ឱ្យកុមារបានចូលរួមគ្រប់សកម្មភាពនៃការរៀបចំផែនការផងដែរ។

ជាចុងក្រោយលោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំក៏បានមានមតិផ្ដាំផ្ញើដល់អ្នកចូលរួមទាំងអស់ ត្រូវ ស្វែងរកការគាំទ្រ និងកៀរគរធនធានរៀបចំកិច្ចប្រជុំជាទៀងទាត់ ដើម្បីពិនិត្យតាមដានការអនុវត្ត បញ្ហាប្រឈម និងរកដំណោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព។ គាំទ្របុគ្គលិកសង្គមកិច្ចក្នុងការគ្រប់គ្រងករណី ទាំង​ការស្វែងរក ការប៉ាន់ប្រមាណ និងសមាហរណកម្មគ្រួសារ ព្រមទាំង​ការគាំទ្រដល់កុមារដែលមានហានិភ័យ​ និងជនរងគ្រោះ​នៃការរំលោភបំពាន អំពើហិង្សានិងការកេងប្រវ័ញ្ច និងកុមារទំនាស់នឹងច្បាប់កំណត់រកគ្រួសារ និងកុមារ ដែលមានហានិភ័យ​នៃការបំបែកពីគ្រួសារ និងសម្របសម្រួល​ជាមួយអាជ្ញាធរ​មូលដ្ឋាន និងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីផ្ដល់​សេវាចាំបាច់ និងសមស្របនៅកម្រិតឃុំសង្កាត់ ដែលទប់ស្កាត់​ការទុកដាក់កុមារនៅក្នុងការថែទាំកុមារនៅក្នុងមណ្ឌលដោយមិនចាំបាច់។