ខេត្តស្ទឹងត្រែង៖ គណៈកម្មការសម្របសម្រួល កម្មវិធីសហគមន៍ព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពីរ គឺខេត្តស្ទឹងត្រែង និងខេត្តកំពង់ធំ បានជួបពិភាក្សាគ្នា ដើម្បីរិះរកយន្តការក្នុងការធានា នូវនិរន្តរភាពគ្រប់គ្រងព្រៃឈើ និងសត្វព្រៃប្រកបដោយចិរភាព ក្រោយពេលគម្រោង RECOTC ត្រូវបានបញ្ចប់នៅពាក់កណ្តាលឆ្នាំនេះ។
កិច្ចពិភាក្សារួមគ្នាដែលបានធ្វើឡើង នៅថ្ងៃទី៣០មីនា២០២៣ នោះ គឺបានធ្វើឡើងក្រោមវត្តមាន អភិបាលរងខេត្តកំពង់ធំ និងជាប្រធានគណៈកម្មការសហគមន៍ព្រៃឈើថ្នាក់ខេត្ត លោក ព្រឹម រដ្ឋា ,ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តស្ទឹងត្រែង លោក ទុំ នីរ៉ូ ដែលជាប្រធានគណៈកម្មការសហគមន៍ព្រៃឈើថ្នាក់ខេត្ត និងលោក ហេង ដា នាយករងអង្គការ RECOFTC ប្រចាំប្រទេសកម្ពុជា និងមានការចូលរួមពី អភិបាលស្រុក ថ្នាក់ដឹកនាំមន្ទីរ អង្គការដៃគូ អង្គភាពពាក់ព័ន្ធ រួមទាំងមន្ត្រីខណ្ឌ ផ្នែក សង្កាត់រដ្ឋបាលព្រៃឈើ និងគណៈកម្មការសហគមន៍ព្រៃឈើខេត្តទាំងពីរ គឺខេត្តកំពង់ធំ និងខេត្តស្ទឹងត្រែង នៅមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តស្ទឹងត្រែង។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង លោក ទុំ នីរ៉ូ បានថ្លែងថា សហគមន៍ព្រៃឈើនៅខេត្តស្ទឹងត្រែង បានបង្កើតឡើងតាំងពីដើមឆ្នាំ ២០០០ រហូតដល់បច្ចុប្បន្ន បង្កើតបានចំនួន ២១ សហគមន៍ មានផ្ទៃដីជាង ៥ ម៉ឺនហិកតា ក្រោមការជួយគាំទ្រពីអង្គការដៃគូជាតិ និង អន្តរជាតិ។
លោក ទុំ នីរ៉ូ បានបន្តថា សហគមន៍ព្រៃឈើ បានរួមចំណែកយ៉ាងសកម្ម ក្នុងការអភិរក្សធនធានព្រៃឈើ និងសត្វព្រៃ ដោយធ្វើឲ្យប្រសើរឡើងនូវផលិតភាពរបស់ព្រៃ និងដើម្បីគាំទ្រដល់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន ព្រមទាំងរក្សាបាននូវលំនឹងប្រព័ន្ធអេកូឡូស៊ី និងចូលរួមកាត់បន្ថយនូវការប្រែប្រួលអាកាសធាតុផងដែរ។
អភិបាលរងខេត្តកំពង់ធំ និងជាប្រធានគណៈកម្មការសហគមន៍ព្រៃឈើថ្នាក់ខេត្ត លោក ព្រឹម រដ្ឋា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា តាមរយ:រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំបង្កើតនូវក្របខណ្ឌគោលនយោបាយ និងច្បាប់សម្រាប់គាំទ្រ ដល់ការគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ព្រៃឈើ ក្នុងនោះរួមមាន៖ គោលនយោបាយវិស័យព្រៃឈើជាតិឆ្នាំ ២០០២ ច្បាប់ស្តីពីព្រៃឈើ ត្រូវបានរដ្ឋសភាអនុម័ត និងបានប្រកាសឲ្យប្រើតាំងពីឆ្នាំ២០០២ អនុក្រិត្យ ស្តីពីគ្រប់គ្រងសហគមន៍ព្រៃឈើឆ្នាំ២០០៣ និងប្រកាសស្តីពីគោលការណ៍ណែនាំ អំពីសហគមន៍ព្រៃឈើឆ្នាំ២០០៦ និងកម្មវិធីព្រៃឈើជាតិ អនុម័តដោយ រាជរដ្ឋាភិបាលកម្ពុជា នៅចុងឆ្នាំ២០១០ ដែលក្នុងនោះកម្មវិធីទី៤ គឺជាកម្មវិធីសហគមន៍ព្រៃឈើ។
លោក ព្រឹម រដ្ឋា បានថ្លែងសង្កត់ធ្ងន់ថា ដើម្បីធានានូវនិរន្តរភាព ក្នុងការគ្រប់គ្រងព្រៃឈើ និងសត្វព្រៃទាំងនោះ ត្រូវអនុវត្តតាមគោលនយោបាយ និងលិខិតបទដ្ឋានច្បាប់ ព្រមទាំមានការចូលរួមគាំទ្រ ពីភាគីពាក់ព័ន្ធ គិតត្រឹមខែតុលា ឆ្នាំ២០២២ នៅប្រទេសកម្ពុជា បានបង្កើតសហគមន៍ព្រៃឈើ សរុប ៦៤៥កន្លែង គ្របដណ្តប់លើផ្ទៃដីព្រៃទំហំ ៥២ម៉ឺន ២ពាន់ ៨០៨ហិកតា ស្ថិតនៅក្នុង ២១ខេត្ត ,៩៩ស្រុក ,៣១២ឃុំ ,៩៥៤ភូមិ និងមានការចូលរួមពីសហគមន៍នៅមូលដ្ឋាន ១៧ម៉ឺន ៦៥៨គ្រួសារ ក្នុងនោះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញប្រកាស ស្តីពីការបង្កើត និងការគ្រប់គ្រងតំបន់ព្រៃឈើសហគមន៍ សរុប ៥៣៨សហគមន៍ គ្របដណ្តប់លើផ្ទៃដីព្រៃទំហំ ៤៥ ម៉ឺន ៩ហិកតា រដ្ឋបាលព្រៃឈើ បានចុះកិច្ចព្រមព្រៀងព្រៃសហគមន៍ រវាងខណ្ឌរដ្ឋបាលព្រៃឈើសាមី និងគណ:កម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ សរុប ៤៥៣សហគមន៍ គ្របដណ្តប់លើផ្ទៃដីព្រៃទំហំ ៣៧ម៉ឺន ៧ពាន់ ៧២២ហិកតា និងរដ្ឋបាលព្រៃឈើ បានឯកភាពលើផែនការគ្រប់គ្រងព្រៃសហគមន៍សរុប ១០៦សហគមន៍ គ្របដណ្តប់លើផ្ទៃដីព្រៃទំហំ ៧ម៉ឺន ២ពាន់ ៦២១ហិកតា។
អភិបាលរងខេត្តកំពង់ធំ លោក ព្រឹម រដ្ឋា បានបញ្ជាក់ថា ដើម្បីផ្តល់លទ្ធភាពឲ្យអាជ្ញាធរមូលដ្ឋាន ( ឃុំ ស្រុក ខេត្ត ) និងស្ថាប័នជំនាញ បន្តការគាំទ្រ និងតាមដានការគ្រប់គ្រងសហគមន៍ព្រៃឈើ នៅក្រោយពេលគម្រោងបញ្ចប់ RECOTC ដោយមានសំណូមពរពី គណ:កម្មការសម្របសម្រួលកម្មវិធីសហគមន៍ព្រៃឈើខេត្ត និងរៀបចំកិច្ចប្រជុំ គណ:កម្មការសម្របសម្រួលកម្មវិធីសហគមន៍ព្រៃឈើ ខេត្តកំពង់ធំ និងខេត្តសឹ្ទងត្រែង ដើម្បីពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ និងលើកឡើងនូវផែនការយុទ្ធសាស្រ្ត ដើម្បីបន្តការគ្រប់គ្រងសហគមន៍ព្រៃឈើ នៅក្រោយបញ្ចប់គម្រោង។
គួរបញ្ជាក់ផងដែរថា នៅក្រោយកិច្ចប្រជុំមួយថ្ងៃ គឺនៅថ្ងៃទី៣១មីនា២០២៣ ខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពីរ គឺខេត្តកំពង់ធំ និងខេត្តស្ទឹងត្រែង បានចុះធ្វើទស្សនកិច្ចសិក្សា នៅសហគមន៍ព្រៃឈើ ស្ថិតក្នុងស្រុកបុរីអូរស្វាយសែនជ័យ ខេត្តសឹ្ទងត្រែង ដែលមានអ្នកចូលរួម ៧០នាក់ ស្រី ៧នាក់ ក្នុងនោះ ខេត្តសឹ្ទងត្រែង ៣២នាក់ ស្រី ២ នាក់ និងខេត្តកំពង់ធំ ៣៨នាក់ ស្រី ៥នាក់៕ ដោយ៖ឡុង សំបូរ