អាជ្ញាធរសម្រេចតាមការស្នើសុំ របស់សហគមន៍មេទឹកបឹងក្រោល ដើម្បីស្ដារមេទឹកឱ្យមានជម្រៅ បម្រើដល់ផលប្រយោជន៍រួម ខណៈក្រុមហ៊ុនទទួលការ បានអនុវត្តទៅតាមបច្ចេកទេស  

0

កំពង់ចាម: មកដល់ពេលនេះ ក្រុមហ៊ុនទទួលការ កំពុងយកចិត្តទុកដាក់អនុវត្តគម្រោងស្ដារអាង នៅចំណុចភូមិ-ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ទៅតាមការណែនាំបច្ចេកទេស ពីស្ថាប័នជំនាញ ក្រោយពីមានការឯកភាពពីអាជ្ញាធរ លើសំណើសុំ របស់សហគមន៍មេទឹកបឹងក្រោល ដើម្បី ស្ដារមេទឹកមួយនេះ ឱ្យមានជម្រៅជ្រៅ ដើម្បី បានស្តុកទឹក ទុកបម្រើដល់ផលប្រយោជន៍រួមទាំងអស់គ្នា ខណៈបច្ចុប្បន្ននេះ មានសភាពគោករាក់ ហើយប៉ុន្មានឆ្នាំចុងក្រោយនេះ ទឹកទន្លេមេគង្គមិនបានហូរចូល តាមតម្រូវការនោះឡើយ ។

បើតាមលោក សៀម សុផល ប្រធានសហគមន៍មេទឹកបឹងក្រោល រស់នៅឃុំបាយ ស្រុកបាធាយ បានឱ្យដឹងថា ដោយសារបឹងក្រោលនេះ បានរីងរាក់ និងកង្វះខាតទឹកស្រោចស្រពស្រែប្រាំង ដែលមានទំហំប្រមាណជា ២០ហ.ត អស់រយៈពេលជាង ១០ឆ្នាំ មកហើយ ទើបតែពេលនេះ ពួកគាត់បានសម្រេចស្នើទៅសុំអាជ្ញាធរ ដើម្បី ស្ដារមេទឹកនេះឱ្យមានជម្រៅជ្រៅ សម្រាប់ស្តុកទឹកបម្រើដល់ផលប្រយោជន៍ របស់ប្រជាកសិករ ប្រមាណជា ១៩គ្រួសារ ដែលបង្កបង្កើនផល នៅក្នុងតំបន់មួយនោះ។

បើតាមការបញ្ជាក់ ពីលោក ហ៊ីម ច័ន្ទមករា ម្ចាស់ក្រុមហ៊ុន ទទួលការគម្រោងស្ដារមេទឹក តំបន់នោះ ក៏បានឱ្យដឹងដែរថា អ្វីដែលក្រុមរបស់លោកមកស្ដារអាងទឹកនេះ គឺទទួលបានការស្នើសុំពីសហគមន៍ផ្ទាល់ ក៏ដូចជា ការឯកភាព និងការអនុញ្ញាតពីអាជ្ញាធរ ផងដែរ ។ ហើយការស្ដារអាងនេះដែរ គឺយើងអនុវត្តទៅតាមការណែនាំបច្ចេកទេសពីស្ថាប័នជំនាញ នៅលើផ្ទៃដីទំហំប្រមាណជា ២ហ.ត ប៉ុណ្ណោះ ។  មកដល់បច្ចុប្បន្ន ក្រុមហ៊ុនរបស់លោក បានអនុវត្តការងារ សម្រេចបានប្រមាណជា ៤០% ហើយ ដោយគ្រោងបញ្ចប់ នាពេលឆាប់ៗខាងមុខនេះ ។

បើតាម លោក ឃុត ឃីម មេឃុំបាធាយ បានឱ្យដឹងថា មេទឹកបឹងក្រោលនេះ ពុំមែនស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋឡើយ ពោលគឺ ជាអាងកម្មសិទ្ធិរបស់បងប្អូនប្រជាពលរដ្ឋ បានរួមគ្នាថែរក្សា រាប់ចាប់តាំងពីសម័យសង្គមរាស្ត្រនិយមមក ដើម្បីធ្វើអាងទប់ទឹកសម្រាប់ស្រោចស្រពដំណាំ ។ លោកបន្តថា ដោយស្ថានភាពទឹកក្នុងអាងនេះរីងរាក់ ពួកគាត់ក៏បានដាក់សំណើមកអាជ្ញាធរ ដើម្បី ស្ដារមេទឹកនេះ សម្រាប់ប្រើប្រាស់បម្រើដល់សហគមន៍របស់គាត់ តទៅអនាគត ។

បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ លោក ផេន សុផល អភិបាលស្រុកបាធាយ បានគូសបញ្ជាក់ថា ផ្ទៃដីមេទឹកបឹងក្រោល នាបច្ចុប្បន្ន មានសភាពគោករាក់ ហើយប៉ុន្មានឆ្នាំមកនេះ ទឹកទន្លេមេគង្គមិនបានហូរចូលតាមតម្រូវការ របស់ប្រជាកសិករឡើយ ធ្វើឱ្យមានការខ្វះខាតទឹក សម្រាប់ស្រោចស្រពផ្ទៃដីស្រែប្រាំង ប្រជាពលរដ្ឋ ជារៀងរាល់ឆ្នាំ ។ ម្យ៉ាងវិញដីនៅតំបន់នេះ មិនមែនជាព្រៃលិចទឹកនោះទេ តែជាអាងសម្រាប់ស្តុកទឹកប្រើប្រាស់ របស់សហគមន៍ផ្ទាល់ ។ បន្ទាប់ពីទទួលបានការស្នើសុំ និងស្នាមមេដៃ របស់សហគមន៍ក្នុងតំបន់នោះ អាជ្ញាធរ ក៏បានធ្វើការពិនិត្យលក្ខណៈបច្ចេកទេស ជាមួយមន្ត្រីជំនាញ និងមន្ទីរពាក់ព័ន្ធ ហើយក៏សម្រេចយល់ព្រមអនុញ្ញាត ជូនសហគមន៍ ដើម្បី ស្ដារមេទឹកនេះ ឱ្យមានជម្រៅជ្រៅ ដែលអាចរក្សាបានទឹកទុកប្រើប្រាស់ ដើម្បី ជាប្រយោជន៍រួមទាំងអស់គ្នា ៕