ខេត្តព្រះវិហារ៖ អភិបាលរងខេត្តព្រះវិហារ លោក អ៊ុក គឹមសាន្ត បានថ្លែង បំផុសដល់ប្រជាពលរដ្ឋទូទៅបែបនេះ ក្នុងពេលដែលលោកអភិបាលរងខេត្ត បានអញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលមួយ ស្តីពី ការជម្រុញ និងពន្លឿនស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ដែលបានរៀបចំឡើងដោយ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ សហការជាមួយ អង្គការ UNICEF ។
សិក្ខាសាលានេះ បានធ្វើឡើងក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ នៅភោជនីយដ្ឋានមួយ ស្ថិតក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ ក្រោមការចូលរួមពី អភិបាលក្រុង/ស្រុកទាំង៨ មន្ទីរ-អង្គភាពពាក់ព័ន្ធ និងអង្គការដៃគូរជាច្រើនទៀត ផងដែរ។
អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ លោកស្រី ឆាយ សុវណ្ណា បានបង្ហាញរបាយការណ៍ឲ្យដឹងថា គិតត្រឹមខែសីហារ ឆ្នាំ២០២៣ អត្រាគ្របដណ្ដប់អនាម័យទូទាំងខេត្តស្មើនឹង៦៨ភាគរយ ក្នុងនោះភូមិ-ឃុំ ដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល មាន៤៦ភូមិ ក្នុងចំណោម ២៣២ភូមិ និងមាន ៤ឃុំ ក្នុងចំណោម ៥១ឃុំ-សង្កាត់ ទូទាំងខេត្តព្រះវិហារ។
លោកស្រី ឆាយ សុវណ្ណា បានបន្តឲ្យដឹងទៀតថា នៅក្នុងស្រុកជ័យសែន មានអត្រាគ្របដណ្ដប់អនាម័យស្មើ ៧៦ភាគរយ ស្រុកឆែបស្មើ ៦៨ភាគរយ ស្រុកជាំក្សាន្តស្មើ ៧០ភាគរយ ស្រុកគូលែនស្មើ ៦៧ភាគរយ ស្រុករវៀងស្មើ ៦៨ភាគរយ ស្រុកសង្គមថ្មីស្មើ ៥៣ភាគរយ ស្រុកត្បែងមានជ័យស្មើ ៧៤ភាគរយ និងក្រុងព្រះវិហារស្មើ ៨០ភាគរយ ដោយផ្អែកលើទិន្ន័យនេះ នៅទូទាំងខេត្តព្រះវិហារ ភាគរយនៃខ្នងផ្ទះ ដែលគ្មានបង្គន់អនាម័យប្រើប្រាស់ស្មើ ៣២ភាគរយ។
អភិបាលរងខេត្តព្រះវិហារ លោក អ៊ុក គឹមសាន្ត បានថ្លែងអំណរគុណ អង្គការ UNICEF ដែលបានសហការជាមួយ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ ក៏ដូចជាមន្ទីរពាក់ព័ន្ធមួយចំនួនទៀត រួមជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការពន្លឿនស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនាថ្ងៃនេះ។
លោកអភិបាលរងខេត្តព្រះវិហារ បានបន្តថា អាជ្ញាធរខេត្តបានផ្ដល់ក្ដីសង្ឃឹមថា វគ្គបណ្ដុះបណ្ដាលនាថ្ងៃនេះ គឺជាធាតុចូលដ៏សំខាន់ក្នុងការផ្ដល់នូវបទពិសោធន៍ និងចំណេះដឹងល្អៗ ក៏ដូចជាគន្លឹះសំខាន់ៗ ទៅដល់សិក្ខាកាមទាំងអស់ ដែលបានចូលរៀននៅក្នុងវគ្គនេះ។
លោក អ៊ុក គឹមសាន្ត បានថ្លែង រកការជម្រុញទៅដល់សិក្ខាកាមទាំងអស់ ឲ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការស្ដាប់ និងតាមដាននូវការពន្យល់របស់គ្រូឧទ្ទេស ដែលមានបទពិសោធន៍ក្នុងការងារជម្រុញ បំផុសប្រជាពលរដ្ឋលើការសាងសង់ និងប្រើប្រាស់បង្គន់អនាម័យ។
លោក អ៊ុក គឹមសាន្ត បានសម្តែង នូវក្តីសង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់ នឹងយកចំណេះដឹងពីវគ្គបណ្ដុះបណ្ដាលនេះ ទៅដឹកនាំបំផុស និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីឲ្យពួកគាត់ចូលរួមអនុវត្តន៍លើការសាងសង់ និងប្រើប្រាស់បង្គន់អនាម័យនៅតាមមូលដ្ឋានរបស់ពួកគាត់ ដើម្បីឲ្យខេត្តខេត្តព្រះវិហារ ក្លាយទៅជាខេត្តទទួលបានការ បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល នៅក្នុងឆ្នាំ២០២៥ ខាងមុខនេះជាក់ជាមិនខាន៕ដោយ៖ឡុង សំបូរ