មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានបដិសេធ ក្រោយរងការចោទថា បានចាប់ពលរដ្ឋពីរនាក់ ដែលចូលទៅកាន់កាប់ដីព្រៃ នៅកណ្តាលដែនជម្រកសត្វព្រៃ-ព្រៃឡង់ ទារលុយ ៤ពាន់ដុល្លារ ជាថ្នូរនឹងការដោះលែង ខណៈសំណុំរឿងត្រូវបានបញ្ជូនទៅតុលាការ

0

ខេត្តស្ទឹងត្រែង៖ នាយកដែនជម្រកសត្វព្រៃ-ព្រៃឡង់ នៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង លោក ទូច វិចិត្រ បានបដិសេធ ក្រោយរងការចោទថា បានចាប់ប្រជាពលរដ្ឋពីរនាក់ ដែលកាន់កាប់ដីព្រៃខុសច្បាប់ នៅក្នុងដែនជម្រកសត្វព្រៃ-ព្រៃឡង់ ទារប្រាក់ ៤ពាន់ដុល្លារជាថ្នូរនឹងការដោះលែង។ តែធាតុពិតប្រាក់ទាំង ៤ពាន់ដុល្លារនោះ ត្រូវបានមន្ត្រីជំនាញតម្រូវឲ្យបង់ពិន័យអន្តរការ យកចំណូលចូលរដ្ឋ ស្របតាមច្បាប់ ស្តីពីតំបន់ការពារធម្មជាតិ នៃមាត្រា ៥៩។

មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ បានចេញលិខិតបដិសេធមួយច្បាប់  ឆ្លើយតបទៅនឹងការចុះផ្សាយរបស់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ដែលបានផ្សាយថា ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង លោក ស្រេង ជាហេង បានដោះលែងមនុស្សពីរនាក់ ជាថ្នូរនឹងលុយ ៤ពាន់ដុល្លារ ។ នេះបើយោងតាមសេចក្ដីបំភ្លឺរបស់មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣។

លិខិតបំភ្លឺរបស់មន្ទីរបរិស្ថានខេត្ត មានខ្លឹមសារថា សូមបដិសេធទាំងស្រុងដែលចោទថា ប្រធានមន្ទីរបរិស្ថានខេត្ត បានដោះលែងជនសង្ស័យចំនួន២នាក់ ជាថ្នូរលុយចំនួន ៤ពាន់ដុល្លារ ។ជាការពិតជនសង្ស័យចំនួន២នាក់ ១-ឈ្មោះ វែន វុទ្ធី អាយុ៥៣ ,២-ឈ្មោះ វ៉ន ថា អាយុ៤២ ឆ្នាំ ដែលមត្រូវបានន្ត្រីជំនាញឃាត់ខ្លួន នាំកាន់មកមន្ទីរបរិស្ថានខេត្តនោះ ត្រូវបានធ្វើការពិន័យអន្តរការ យកថវិកាបង់ចំណូលចូលរដ្ឋ ទៅតាមច្បាប់ ស្តីពីតំបន់ការពារធម្មជាតិ ក្នុងមាត្រា៥៩ ចំណុចទី០១ អប់រំណែនាំ និងធ្វើកិច្ចសន្យា។

គួរបញ្ជាក់ថា មន្ត្រីបរិស្ថាន ៣នាក់ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ​បានចុះទៅត្រួតពិនិត្យតំបន់កើតហេតុខាងលើ និងបានឃើញជនសង្ស័យឈ្មោះ វ៉ែន វុទ្ធី និងឈ្មោះ វ៉ន ថា បានទៅធ្វើខ្ទមនៅលើដីខាងលើ ដែលជាដីស្ថិតនៅក្នុងដែនជម្រកសត្វព្រៃ-ព្រៃឡង់។ បន្ទាប់មកមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្ត ក៏បាននាំខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើ យកមកសួរនាំនៅមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ។

នៅចំពោះមុខមន្ត្រីជំនាញ ជនសង្ស័យ វ៉ែន វុទ្ធី និង វ៉ន ថា បានសារភាពថា ដីដែលខ្លួនសង់ខ្ទមនេះ បានមកពីស្ត្រីឈ្មោះ ជាតិ ត្រូវជាប្រពន្ធលោក អ៊ុក ម៉ៅ ដែលជាបណ្តាញវិទ្យុអាស៊ីសេរី ។ មូលហេតុដែលពួកគេទាំងពីរនាក់ មកសង់ខ្ទមលើដីនេះ ព្រោះស្ត្រីឈ្មោះ ជាតិ បានជំពាក់លុយពួកគាត់ចំនួន ៤ពាន់ដុល្លារ  ហើយស្ត្រីឈ្មោះ ជាតិ ក៏បានកាត់ដីព្រៃនោះឲ្យមកពួកគេទាំងពីរនាក់ ដោយសារអត់លុយសង។ បុរស ស្ត្រីទាំងពីរនាក់ បានប្រាប់សមត្ថកិច្ចទៀតថា ពួកគេមិនបានកាប់ព្រៃខាងលើ ដើម្បីវាទយកដីជាកម្មសិទ្ធិនោះទេ។

យោងតាមចម្លើយការសារភាពរបស់ជនសង្ស័យទាំងពីរនាក់ មន្ត្រីបរិស្ថានខេត្ត បានកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការខេត្ត ហើយតំណាងអយ្យការអមសាលារដំបូងខេត្តស្ទឹងត្រែង ក៏បានបង្គាប់ឲ្យជនសង្ស័យខាងលើ អនុវត្តដោយបង់ពិន័យអន្តរការតាមច្បាប់ ស្តីពីតំបន់ការពារជាតិ មានទឹកប្រាក់ ៨លានរៀល។ ប៉ុន្តែ ដោយយោងថា ជនសង្ស័យគ្មានលុយគ្រប់ ហើយបានសុំបង់មិនដល់ ៨លានរៀលផងនោះទេ និងថវិកាទាំងនេះបានបង់ចំណូលចូលមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ដោយមានវិក័យប័ត្រត្រឹមត្រូវ និងបានដោះលែងអ្នកទាំងពីរ ឲ្យមានសេរីភាពឡើងវិញ ដោយសារអ្នកទាំងពីរមិនមានជាប់ពាក់ព័ន្ធ នឹងកាប់រុករានទន្ទ្រានដីព្រៃ ក្នុងដែនជម្រកសត្វព្រៃ-ព្រៃឡង់នោះ ជាកម្មសិទ្ធិនោះទេ។ ចំណែក អ្នកកាប់ដីព្រៃរដ្ឋនោះ គឺប្រពន្ធ លោក អ៊ុក ម៉ៅ ឯណោះវិញទេ។

គួរបញ្ជាក់ថា ក្រោយពីមន្ត្រីបរិស្ថានខេត្ត ទទួលបានចម្លើយសារភាពរបស់ បុរស ស្ត្រីទាំងពីរនាក់ខាងលើនោះមក មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃ-ព្រៃឡង់ បានបន្តចុះស្រាវជ្រាវសាវតា ស្ត្រី ឈ្មោះ ជាតិ ដែលជាម្ចាស់ដីដើម និងមន្ត្រីជំនាញបានរកឃើញថា ស្ត្រីម្ចាស់ដីដើម គឺ មានឈ្មោះ ឯក ជាតិ ត្រូវជាប្រពន្ធ លោក អ៊ុក ម៉ៅ បណ្តាញវិទ្យុអាស៊ីសេរី ហើយស្ត្រីនេះ ត្រូវបានមន្ត្រីជំនាញ កសាងសំណុំរឿង បញ្ជូនទៅតុលាការខេត្តស្ទឹងត្រែង ដើម្បីចាត់ការបន្តតាមច្បាប់ ហើយដែរ។ រីឯសំណុំរឿងនេះ នឹងត្រូវបើកសវនានៅក្នុងខែតុលា២០២៣ ខាងមុខនេះ។ ចំណែក បុរស និងស្ត្រីទាំងពីរនាក់វ៉ែន វុទ្ធី និង វ៉ន ថា​ នឹងក្លាយជាសាក្សីដ៏សំខាន់នៅក្នុងសំណុំរឿងព្រហម្មទណ្ឌមួយនេះ៕ដោយ៖ឡុង សំបូរ