ខេត្តស្ទឹងត្រែង ទទួលបានភ្ញៀវទេសចរជាង ១ម៉ឺននាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិរយៈពេល ៣ថ្ងៃ

0

ខេត្តស្ទឹងត្រែង៖ ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ១ម៉ឺននាក់ បានចូលមកទស្សនាកំសាន្ត នៅតាមរមណីដ្ឋាននានា ក្នុងខេត្តស្ទឹងត្រែង នាឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៤ និងថ្ងៃទី១៥តុលា២០២៣ កន្លងមកនេះ។

ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង លោក អ៊ន់ ប៉ោសឿន បានបង្ហាញរបាយការណ៍ឲ្យដឹងថា នៅក្នុងរយៈពេល ៣ថ្ងៃ នាឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៣-១៤ និងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ មានភ្ញៀវទេសចរជាតិ និងទេសចរអន្តរជាតិ ១ម៉ឺន ៤៣៥នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិ ១ម៉ឺន ៤១៥នាក់ និងភ្ញៀងទេសចរអន្តរជាតិ ២០នាក់ បានចូលមកទស្សនាកម្សាន្ត នៅតាមរមណីដ្ឋាននានា នៅក្នុងខេត្តស្ទឹងត្រែង។

លោក អ៊ន់ ប៉ោសឿន បានឲ្យដឹងទៀតថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទាំង ១ម៉ឺន ៤៣៥នាក់ ដែលបានមកទស្សនាខេត្តស្ទឹងត្រែង នាឆ្នាំ២០២៣នេះ បើប្រៀបធៀបឆ្នាំ២០២២ ភ្ញៀវទេសចរកើនឡើង ៩៨៧នាក់ ស្នើ១០,៤៤ ភាគរយ ក្នុងនោះ ភ្ញៀវជាតិកើនឡើង៩៨៦ នាក់ ស្នើ១០,៤៥ ភាគរយ និងភ្ញៀវអន្តរជាតិកើនឡើង ១ នាក់ ស្មើ៥,២៦ ភាគរយ។

លោក អ៊ន់ ប៉ោសឿន បានបន្តថា តំបន់រមណីដ្ឋានអេកូទេសចរណ៍ធម្មជាតិនានា ក្នុងខេត្តស្ទឹងត្រែង បានទាក់ទាញអ្នកទេសចរពីទីជិត និងទីឆ្ងាយ ក្នុងប្រទេសកម្ពុជា ឲ្យចូលមកកម្សាន្តសប្បាយ ព្រោះជាតំបន់ទេសចរណ៍ដែលសុវត្ថិភាពខ្ពស់។ លោកថា ប្រជាសហគមន៍បានរៀបចំរមណីយដ្ឋានបានស្អាតល្អ ទៅតាមស្តង់ដារដែលបានណែនាំ   អ្នកលក់ម្ហូបអាហារមានអនាម័យ រសជាតិឆ្ងាញ់ តម្លៃសមរម្យ  មានបរិស្ថានល្អ   កន្លែងកម្សាន្តធានាមានសុវត្ថិភាព  នេះជាផ្នែកមួយ  បានជំរុញឱ្យភ្ញៀវទេសចរ  មកស្គាល់រមណីយដ្ឋានធម្មជាតិ នៅក្នុងខេត្តស្ទឹងត្រែង ភាគឦសានកម្ពុជា ។

លោក អ៊ន់ ប៉ោសឿន បានបញ្ជាក់ថា មានកត្តាធំៗ ៤យ៉ាង  បានធ្វើឱ្យភ្ញៀវទេសចរធ្វើដំណើរមកកម្សាន្ត ដូចជា កត្តាសន្តិភាព-ផ្លូវគមនាគមន៍ល្អ- ប្រជាពលរដ្ឋមានជីវភាពធូរធារ និងកត្តាមធ្យោបាយធ្វើដំណើរ បានបង្កលក្ខណៈងាយស្រួល ដល់ប្រជាពលរដ្ឋទូទៅ ពិសេសប្រជាពលរដ្ឋនៅក្នុងតំបន់។

អ្នកទេសចរក្នុងខេត្តស្ទឹងត្រែង បានទទួលស្គាល់ថា ដោយសារកត្តាសុខសន្តិភាពនេះហើយ បានធ្វើឲ្យវិស័យទេសចរណ៍មានសក្តានុពល ប្រកបដោយការទាក់ទាញ និងមានការផ្តាស់ប្តូរជានិរន្តន៍ ព្រោះត្បិតតំបន់ទេសចរណ៍នីមួយៗក្នុងខេត្ត មានការរៀបចំបានល្អ មានទេសភាព សោភណ្ឌភាពស្អាត មានផាសុខភាពល្អ និងបានបង្កលក្ខណៈងាយស្រួល ដល់ភ្ញៀវទេសចរ ចូលមកកម្សាន្តបានយ៉ាងល្អថែមទៀតផង៕ដោយ៖ឡុង សំបូរ