រដ្ឋមន្រ្តីក្រសួងយុត្តិធម៌មានប្រសាសន៍ថា រដ្ឋាភិបាលបានដាក់ចេញនូវកិច្ចការអាទិភាពសំខាន់ៗ ចំនួន៣ សម្រាប់ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ នៅកម្ពុជា

0

សៀមរាប: ឯកឧត្តមឧបនាយករដ្ឋមន្រ្ដី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានថ្លែងនៅក្នុងពិធីប្រកាសមុខតំណែង ឯកឧត្តម ហុក វ៉ាន់ធីណា ជាប្រធានសាលាដំបូងខេត្តសៀមរាប ជំនួស ឯកឧត្តម ជឺ សុខ ដែលត្រូវបានផ្ទេរទៅកាន់ជាប្រធានសាលាដំបូងខេត្តកណ្តាល នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នេះថា ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ គឺជាកិច្ចការអាទិភាពជាប់ជាប្រចាំ ព្រោះកិច្ចការនេះមានសារៈសំខាន់ ដើម្បីលើកស្ទួយសង្គមនីតិរដ្ឋនៅកម្ពុជា ដែលជាមូលដ្ឋានគ្រឹះ នៃការថែរក្សាសន្តិសុខ ស្ថេរភាព សណ្ដាប់ធ្នាប់សាធារណៈ ភាពសុខសាន្តរបស់ប្រជាជន ហើយនិងការអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយចិរភាព។ ឯកឧត្តមបន្តថា ការងារកែទម្រង់វិស័យយុត្តិធម៌របស់រាជរដ្ឋាភិបាលនីតិកាលទី៧នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តចាត់ទុក “ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌” ជាការងារអាទិភាព និងបានរៀបចំការងារកែទម្រង់នេះជាមុំមួយដ៏សំខាន់ក្នុងចំណោមមុំទាំង ៥ ដែលបង្កើតបានជាស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ – ដំណាក់កាលទី១ ហើយសម្តេចប្រមុខរាជរដ្ឋាភិបាល បានសម្រេចប្រគល់ភារកិច្ចនេះជូនក្រសួងយុត្តិធម៌ ក្នុងការរៀបចំផែនការសកម្មភាពជាក់ស្តែង សំដៅធ្វើយ៉ាងណាសម្រេចឱ្យបាននូវកិច្ចការអាទិភាពសំខាន់ៗចំនួន ៣ ដែលក្នុងនោះរួមមាន៖ (ទី១)-ការបង្កើតយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បន្ថែមលើយន្តការដែលមានស្រាប់ ដើម្បីជួយសម្រុះសម្រួលដោះស្រាយវិវាទឱ្យបានឆាប់រហ័ស ជាពិសេស វិវាទរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន, (ទី២)-ការជំរុញ និងពន្លឿនការដោះស្រាយសំណុំរឿងក្តីនៅតាមតុលាការឱ្យបានឆាប់រហ័ស និង (ទី៣)-ការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ សំដៅជួយដោះស្រាយរកយុត្តិធម៌ជូនប្រជាពលរដ្ឋ ក៏ដូចជា លើកកម្ពស់តម្លាភាព សុចរិតភាព និងភាពត្រឹមត្រូវ ក្នុងការអនុវត្តច្បាប់ និងចំណាត់ការរឿងក្តីដោយតុលាការ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្ដីបន្តថា ដើម្បីកែទម្រង់ប្រព័ន្ធយុត្តិធម៌របស់យើងបាន គឺត្រូវអនុវត្តតាមសសរស្តមពីរ ទី១ គឺត្រូវខិតខំកែទម្រង់ប្រព័ន្ធតុលាការឱ្យបានស៊ីជម្រៅ ធ្វើម៉េចឱ្យមានសេវាល្អ គុណភាពល្អ ទី២ គឺការកែទម្រង់ប្រព័ន្ធយុត្តិធម៌ គឺការដាក់ចេញការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលនេះក្រសួងយុត្តិធម៌ចាត់ទុកថា ជាការកែទម្រង់ ដ៏សំខាន់នៅកម្ពុជា ហើយអាចហៅបានថា ការកែទម្រង់ដោះស្រាយវិវាទនៅកម្ពុជាតែម្តង។ ហើយដើម្បីធ្វើឱ្យការងារនេះមានភាពជោគជ័យ យើងត្រូវចាប់ផ្តើមវាយតម្លៃសភាពការនៃស្ថាប័នតុលាការ និងមន្រ្តីយុត្តិធម៌នៅកម្ពុជា ដែលបប្បន្ននេះ យើងមានចៅក្រុម និងព្រះរាជអាជ្ញានៅទូទាំងប្រទេសកម្ពុជាមានប្រមាណជាង៧០០នាក់ ក្នុងនោះព្រះរាជអាជ្ញាមានប្រហែល៥០ភាគរយ ហើយតុលាការ គឺមាននៅតែក្នុងទីរួមខេត្តប៉ុនណ្ណោះ។ ហើយចំនួនប្រជាជនកម្ពុជាមាននៅក្នុងរង្វង់១៧លាននាក់ ដូចនេះចំនួនចៅក្រុម និងព្រះរាជអាជ្ញា មិនទាន់អាចឆ្លើយតបទៅនឹងការដោះស្រាយវិវាទតម្រូវការរបស់ប្រជាពលរដ្ឋបាននោះទេ។ ដូចនេះបើផ្អែកតាមចក្ខុវិស័យនៃការកែទម្រង់ និងបទពិសោធន៍ដែលយើងមានពីសង្គម និងពិភពលោក ទៅថ្ងៃអនាគត់អាចក្នុងរង្វង់២០ទៀត កម្ពុជាប្រហែលត្រូវមានតុលាការថ្នាក់ស្រុក ដែលជាប្រភេទតុលាការ លហុ មានតួនាទីសមត្ថកិច្ចដោះស្រាយបទល្មើស លហុ ឬបទល្មើសតូចតាច ដើម្បីឱ្យប្រជាពលរដ្ឋអាចទទួលបានសេវាយុត្តិធម៌ និងដោះស្រាយវិវាទជូនពួកគាត់បានលឿន និងទាន់ពេលវេលា៕