ក្រុមប្រតិបត្តិការរុករក និងសង្គ្រោះ លេខ៧២១ កងពលធំអន្តរាគមន៍លេខ៣ បានបើកវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញបច្ចេកទេសរុករក និងសង្គ្រោះគ្រោះមហន្តរាយទឹកជំនន់

0

ខេត្តព្រះវិហារ៖ លោកគីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តព្រះវិហារ នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាពបើកវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញបច្ចេកទេសរុករក និងសង្គ្រោះគ្រោះមហន្តរាយទឹកជំនន់ ដល់ក្រុមប្រតិបត្តិការរុករក និងសង្គ្រោះ លេខ៧២១ កងពលធំអន្តរាគមន៍លេខ៣ ។

លោក ឃុន សុខា អគ្គលេខាធិការរង គណៈកម្មាធិកាជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានលើកឡើងថា៖ វគ្គបណ្តុះបណ្តាលស្តីពីជំនាញបច្ចេកទេសរុករក និងសង្គ្រោះគ្រោះមហន្តរាយទឹកជំនន់ ចាប់ដំណើរការរៀបចំឡើងក្រោមការសម្របសម្រួល ពីលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយនៃក្រសួងការពារជាតិ និងមានការគាំទ្រថវិការពីប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តព្រះវិហារ លើការពង្រឹងសមត្ថភាពអោយបានល្អរប្រសើរក្នុងការបំពេញការងារជួយសង្គ្រោះប្រជាជនដែលជួបគ្រោះមហន្តរាយទឹក ជំនន់។ បន្ថែមលើសពីនេះសិក្ខាកាមមានឱកាសក្នុងការសម្របសម្រួលរវាងកងកម្លាំងរុករក និងសង្គ្រោះ និងផ្នែកស៊ីវិលផងដែរ។

លោក ឃុន សុខា បានលើកឡើងបន្ថែមថា៖ បច្ចុប្បន្ននេះលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងថ្នាក់ជាតិបានដើតួនាទីយ៉ាងសំខាន់ក្នុងការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពដល់ក្រុមរុករក និងសង្គ្រោះ និងគាំទ្រក្នុងការផ្គត់ផ្គង់នូវសម្ភារៈប្រើប្រាស់សម្រាប់រុករក និងសង្គ្រោះសម្រាប់យកទៅអនុត្តក្នុងការឆ្លើយតប ។

អគ្គលេខាធិការរង គណៈកម្មាធិកាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏បានបញ្ជាក់ឲ្យដឹងដែរថា៖ វគ្គបណ្តុះណ្ដាលដែលបាន និងកំពុងរៀបចំបើកនៅថ្ងៃនេះមានចំនួន ១២០នាក់ រយៈពេល៥ថ្ងៃ សិក្សាជំនាញរួមមាន៖

១.ច្បាប់គ្រប់គ្រងគ្រោះមហន្តរាយ និងយន្តការគ្រប់គ្រងគ្រោះមហន្តរាយ និងយន្តការសម្រប សម្រួលរវាងផ្នែកស៊ីវិល និងយោធា ។ ២.រចនាសម្ព័ន្ធនៃប្រព័ន្ធបញ្ហាឧប្បត្តិហេតុកងរុករកសង្គ្រោះលេខ៧២១ ។

៣.គ្រោះមហន្តរាយទឹកជំនន់, បទដ្ឋាននៃការឆ្លើយតបគ្រោះមហន្តរាយ និងការជម្លៀស និងការ គ្រប់គ្រងការជម្លៀស ។ ៤.ជំនាញសង្គ្រោះបឋម និងជំនាញនៃការប្រើប្រាស់ខ្សែចំណងសុវត្ថិភាព ។

៥.លំហាត់សង្គ្រោះលើផ្ទៃទឹក(វិញ្ញាសារហែលសង្គ្រោះ, វិញ្ញាសារប្រើខ្សែសង្គ្រោះ,វិញ្ញាសារប្រើ ពោងសង្គ្រោះ,វិញ្ញាសារប្រើទូកសង្គ្រោះ និងការហ្វឹកហាត់ដៃចង្កូត)ការប៉ាន់ប្រមាណឧប្បត្តិហេតុ ។ ៦.ការគ្រប់គ្រងទូក និងជុសជុលម៉ាស៊ីនទូក ។ ៧.ការសិក្សាពីភូមិសាស្ត្រ ការរៀបចំផែនការរុករក និងសង្គ្រោះ និងការចុះអនុវត្តលើប្រព័ន្ធបញ្ហា ឧប្បត្តិហេតុគ្រោះមហន្តរាយទឹកជំនន់ ។ ៨.ការគ្រប់គ្រងធនធាន សម្ភារៈរុករក និងសង្គ្រោះ ។

អគ្គលេខាធិការរង គណៈកម្មាធិកាជាតិគ្រប់គ្រងគ្រោះមហន្តរាយបន្តថា ការហ្វឹកហ្វឺនត្រូវបានបែងចែកជាពីរ គឺការសិក្សាផ្នែកទ្រឹស្តី និងអនុវត្តលើទីលានជាក់ស្តែង។ ក្រោមការសម្របសម្រួលពីគ្រូហ្វឹកហ្វឺនចំនួន ១០នាក់ ក្នុងនោះមកពី> គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយចំនួន ២រូប > គ្រូបង្គោលកងពលធំអន្តរាគមន៍លេខ៣ចំនួន ១០រូប > E 70 ចំនួន ១រូប > កងពលតូចអន្តរាគមន៍លេខ១ ចំនួន ៥រូប ។

អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ លោកគីម រិទ្ធី បានថ្លែងនូវការផ្តាំផ្ញើ ដល់សិក្ខាកាមទាំងអស់ ដោយធ្វើយ៉ាងណាខិតខំប្រឹងប្រែងសិក្សារៀនសូត្រ និងបទពិសោធន៍ថ្មីៗ នៅក្នុងអំឡុងពេលគណៈគ្រប់គ្រងវគ្គបានបណ្តុះបណ្តាល យកទៅបម្រើការងារ ចំគោលដៅ និងទាន់ពេលវេលា ឲ្យមានប្រសិទ្ឋភាព បច្ចេកទេសរុករក និងសង្គ្រោះ ប្រជាជនចេញពីកន្លែងគ្រោះមហន្តរាយ ទឹកជំនន់ និងកន្លែងផ្សេងៗទៀត ដែលកើតឡើងជាយថាហេតុ ឲ្យទទួលបាននូវសុខសន្តិភាព ។

យោងតាមសេចក្តីរាយការណ៍ របស់លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានលើកឡើងជូនគណៈអធិបតី ស្តីអំពីការខ្វះខាត អភិបាលខេត្ត លោកគីម រិទ្ធី បានជួយឧបត្ថម្ភឃ្លាំង១ខ្នង ធ្វើអំពីដែកប្រក់ស័ង្កសី ទំហំ៨×១២ម៉ែត្រ ក្រោមការចំណាយអស់ទឹកប្រាក់ប្រមាណ ៦៥០០ដុល្លាសហរដ្ឋអាមេរិច សម្រាប់ទុកដាក់សម្ភារៈ សង្គ្រោះគ្រោះមហន្តរាយ និង បន្ថែមនូវថវិកាចំនួន ១៤លានរៀល នៅក្នុងការផ្គត់ផ្គង់នៃដំណើរការបើកវគ្គ បណ្តុះបណ្តាលជំនាញបច្ចេកទេសរុករក និងសង្គ្រោះគ្រោះមហន្តរាយទឹកជំនន់ នេះផងដែរ ៕ សួន លីណា