ពលរដ្ឋ ស្រុកស្ទឹងត្រង់ បាន ស្នើ សុំ ដោះស្រាយ បញ្ហា ផ្សេងៗ ចំនួន១៩ករណី ក្នុងអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម

0

កំពង់ចាម: ប្រជាពលរដ្ឋ បានលើកឡើងជាសំណើរ សំណូមពរ និងកង្វល់សរុប ចំនួន ១៩ករណី ត្រូវបានអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត លើកទី៥ អាណត្តិទី៣ ធ្វើការឆ្លើយតបភ្លាមៗ បាន ចំនួន ៩ករណី អ្វី ដែល នៅ សេសសល់ ត្រូវបានយកទៅពិភាក្សា ដើម្បីដោះស្រាយទៅតាមប្រភេទរដ្ឋបាលនិមួយៗ ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ០២៣ នៅវត្តសន្ទិច ស្ថិត ក្នុង ភូមិសន្ទិច ឃុំដងក្តា ស្រុកស្ទឹងត្រង់ ក្រោមវត្តមាន ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្តកំពង់ចាម ។

ក្នុងអង្គវេទិកានោះ តំណាង របស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ឯកឧត្តម ស្រី សុភ័ក្ដ្រ បានដឹកនាំការឆ្លើយតបចំពោះ សំណើរ សំណូមពរ និងកង្វល់ ដែលបងប្អូនប្រជាពលរដ្ឋបានលើកឡើងរួមមាន បញ្ហា ចោរកម្ម ចោរលួច ជ័រ កៅស៊ូ បញ្ហា តម្លៃ ប្រេង ឥន្ធនៈ និង បញ្ហា កសិផល ស្នេី សុំ ឱ្យ ជំរុញ ការ ស្ថាបនា ផ្លូវ សុំ ផ្លូវ មួយ ខ្សែ ប្រវែង ជាង ៨គីឡូម៉ែត្រ សុំ ជួសជុល ផ្លូវ សុំ ស្ពាន និង ផ្លូវ មួយ ខ្សែ ប្រវែង ៩គីឡូម៉ែត្រ សុំ សូឡា ១៤ដេីម សម្រាប់ ដាក់ បំភ្លឺ តាម ផ្លូវ សាធារណៈ សុំ ផ្លូវ គ្រួស ក្រហម ប្រវែង ៣០០ម៉ែត្រ សុំ ឱ្យ មន្ត្រី សុរិយោដីកុំ យក លុយ ថ្លៃ វាស់វែង ដីធ្លី សុំ កសាង វត្ត ក្នុង ឃុំ ដងក្តា ពលរដ្ឋ ក្រីក្រ ដែល មាន កូន ច្រើន សុំ ផ្ទះ ស្នាក់នៅ ។ ល ។

ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានថ្លែងថា ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើនការងារសមធម៌ ប្រសិទ្ធភាព និងចីរភាព ព្រមទាំងបន្តការអនុវត្ត អភិក្រម ឆ្លុះបញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់។ យុទ្ធសាស្ត្រ-ដំណាក់កាលទី១ កំណត់យកនូវអាទិភាព គន្លឹះចំនួន ៥ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

ជាមួយគ្នានោះ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានគូសបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ យេីង បានពិភាក្សា ពិគ្រោះយោបល់ជាមួយអ្នកចូលរួមទាំងអស់ បានរកឃើញនូវបញ្ហាអាទិភាពសំខាន់ៗសម្រាប់រដ្ឋបាលខេត្តយកទៅពិនិត្យ ពិចារណាក្នុងការឆ្លើយតប ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ជាពិសេស ពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលក្នុងកិច្ចអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានរបស់គាត់ឱ្យកាន់តែល្អប្រសើរឡើង ក្នុងគោលបំណងពង្រឹងយន្តការតម្លាភាព ព្រមទាំងលើកកម្ពស់គោលការណ៍អភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ផងដែរ ៕