សិក្ខាសាលាផ្សព្វផ្សាយអំពី កសិកម្មបែបទំនើបថ្មី (សហគមន៍បែបថ្មី)

0

សៀមរាប៖ សិក្ខាសាលាផ្សព្វផ្សាយអំពី កសិកម្មបែបទំនើបថ្មី(សហគមន៍បែបថ្មី) អនុវត្តស្របតាម កម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីកម្ពុជា។ វត្តមានចូលរួម លោក ឧត្តមសេនីយ៍ឯក ពៅ ស៊ា អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ និងជានាយក មជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧គូលេនសៀមរាប លោក ទា គឹមសុទ្ធ ប្រធានមន្ទីរ កសិកម្មរុក្ខាប្រមាញ់និង នេសាទ ខេត្តសៀមរាប លោក សួន សីលា ទីប្រឹក្សា កម្មវិធី ASPIRE-AT លោក នាយករង នាយផ្នែក មេក្រុម យោធិន គ្រួសារយោធិន អជ្ញាធរដែនដី និងប្រជាពលរដ្ឋ ជិត១០០នាក់ នៅអាគាររដ្ឋបាល មជ្ឈមណ្ឌល ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣។
បន្ទាប់ពី លោក សួន សីលា បានធ្វើបទបង្ហាញអំពី កសិកម្មបែបទំនើបថ្មី (សហគមន៍បែបថ្មី) លោក ទា គឹមសុទ្ធ បានថ្លែងថា ក្រសួងកសិកម្ម បានបង្កើតឡើងសហគមន៍បែបថ្មី ដោយមានការមើលឃើញពី ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម តំបន់ភូមិស្នារតេជោ ឃុំបល្ល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប មានដីនៅសល់ទំនេរច្រើន ទើបឯកឧត្តម ជំរុញឲ្យបង្កើតសហគមន៍បែបថ្មី ចំពោះដីតំបន់នេះការធ្វើកសិកម្មក៏មានភាពងាយស្រួល ព្រោះមានតំបន់ពិភពទឹកនៅក្បែរ យើងងាយស្រួលក្នុងការធ្វើការងារកសិកម្ម។
ដោយមានការពិភាក្សាជាមួយឯកឧត្តមនាយកមជ្ឈមណ្ឌល៣១៧គូលេនសៀមរាបហើយបានឯកភាពគ្នាបង្កើតឲ្យមានការចូលរួម។ លោក ទា គឹមសុទ្ធបញ្ជាក់ថា កាលដែលធ្វើកន្លងមកទ្រុងទ្រាយតូច ផ្គត់ផ្គង់ទីផ្សារតម្រូវការមិនបានគ្រប់គ្រាន់ ដោយសារ យើងធ្វើជាលក្ខណៈបុគ្គល ដូច្នេះទើបក្រសួងសម្រេចឱ្យបង្កើតសហគមន៍បែបថ្មី ដោយឯកឧត្តម ឃឹម ហ្វីណង់ ជាអ្នកទទួលបន្ទុកការងារសហគមន៍បែបថ្មី ទើបឯកឧត្តម ចង់ឲ្យកើតមាននៅលើទឹកដីខេត្តសៀមរាប ដែលជាទឹកដីកំណើតរបស់ឯកឧត្តមផង និងអតីតធ្លាប់បម្រើការងារនៅខេត្តសៀមរាបផង។
គោលដៅមានភូមិសសីនិងភូមិស្នាតេជោ នៅពេលដែលយើងកំណត់បានផ្ទៃដីអ្នកដែលបានស្មគ្រចិត្តចូលរួម និងបានផលតាមទំហំនៃផ្ទៃដីសម្រាប់ធ្វើការដាំដុះ។ ប្រជាពលរដ្ឋចូលរួមដីជាដើមទុន សម្រាប់ចូលរួមនៅក្នុងសហគមន៍បែបថ្មីនេះ យើងនឹងជ្រើសរើសក្រុមបច្ចេកទេសក្នុងការផលិត តម្រូវតាមទីផ្សារ ជាពិសេសអ្នកដែលចូលរួមជាដី ហើយចង់ចូលរួមជាកម្លាំងពលកម្ម ដើម្បីថែទាំការពារ យើងនឹងផ្តល់ប្រាក់កម្រៃថែមទៀត។
លោកទាគឹមសុទ្ធបញ្ជាក់ថា ពាក់ព័ន្ធទៅនឹងដើមទុនក្នុងការផលិត ប្រជាពលរដ្ឋដែលបានចូលរួមសហគមន៍ គឺមានតែផ្ទៃដីសម្រាប់ដាំដុះ ចំពោះថវិកាចំណាយដើមទុនផ្សេងៗសហគមន៍និងរៀបចំជូនទាំងស្រុង។
សហគមន៍បែបថ្មីនេះ មានការចូលរួមគាំទ្រពីរាជរដ្ឋាភិបាល ពេលដំណើរការ និងមានការគាំទ្រពីក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងធនធានទឹក ដើម្បីងាយស្រួលក្នុងការផលិតការដឹកជញ្ជូនផលិតផល ដែលយើងធ្វើបានបាន ដោយសហគមន៍បែបថ្មីនេះ ជួយរកទីផ្សារ កាត់បន្ថយថ្លៃដើមផលិត ធ្វើយ៉ាងណាឲ្យបានផលចំណេញច្រើន ដល់សមាជិកសហគមន៍។
លោកឧត្តមសេនីយ៍ឯក ពៅ ស៊ា ថ្លែងថា គោលការណ៍នៃការកែទម្រង់ របស់រាជរដ្ឋាភិបាល បញ្ជ្រាបតាមខ្សែបណ្ដោយ នៃការងាររបស់ថ្នាក់ជាតិ ក៏ដូចជាថ្នាក់ក្រោមជាតិ ថ្ងៃនេះយើងទទួលបានព័ត៌មានថ្មី គោលការណ៍ថ្មី ល្អប្រសើរបំផុត សម្រាប់ថ្ងៃអនាគត គឺ(សង្ឃឹម) នៃការរស់នៅរបស់យោធិនពិការ និងគ្រួសារយោធិន។
យោធនពិការនិងគ្រួសារយោធិន បងប្អូនប្រជាពលរដ្ឋបានចូលរួម ពីគ្រោះយោបល់ក្នុងសិក្ខាសិលាសហគមន៍បែបថ្មី ដែលមានមន្ត្រីជំនាញ ជាខ្សែបណ្ដោយរបស់រាជរដ្ឋាភិបាលពីថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ រចនាសម្ព័ន្ធនៃការកែទម្រង់ បច្ចេកទេសបែបថ្មីនៃការដាំដុះ របស់ប្រជាកសិករទូទៅ មានលក្ខណៈសុក្រឹត យើងសិក្សាពិគ្រោះយោបល់រកអ្នកស្ម័គ្រចិត្ត ទំហំផ្ទៃដីដែលយើងត្រូវបញ្ចូល ក្នុងក្របខណ្ឌសហគមន៍បែបថ្មី យើងត្រូវច្បាមយកផ្នែកបច្ចេកទេស ដែលមន្ត្រីជំនាញដល់ឱ្យ កុំរក្សាផ្នត់គំនិតការដាំដុះបែបបូរាណ នោះយើងមិនអាចទៅមុខរួចនោះទេ។
កាកែទម្រង់គ្រួសារគឺកែទម្រង់តាំងពីសុខភាព ព្រោះការដាំដុះ បច្ចេកទេសបែបទំនើបលើកនេះ យើងមិនពាក់ព័ន្ធទៅនឹងគីមីនោះទេ ពេលដែលយើងទទួលទាន ឬអ្នកទិញយកទៅទទួលទាន ក៏មិនប៉ះពាល់ផ្នែកសុខភាពដែរ អ្វីដែលយើងអាចធ្វើបានដោយខ្លួនយើង តើមានហេតុផលអ្វីដែលយើងមិនព្រមធ្វើ។
លោកឧត្តមសេនីយ៍ឯក ពៅ ស៊ា មានក្តីសង្ឃឹមយ៉ាងមុតមាំថាបងប្អូនយោធិននិងគ្រួសារយោធិន បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងភូមិស្នាតេជោទាំងអស់ និងចូលរួមយ៉ាងផុលផុសជាមួយសហគមន៍បែបថ្មី និង មានជីវភាពកាន់តែល្អប្រសើរទៅថ្ងៃអណាគត៕