ខេត្តកែប: កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំត្រួតពិនិត្យ ផ្តល់យោបល់ និងកែសម្រួលលើសេចក្តីព្រាងកម្មវិធីវិយោគបីឆ្នាំរំកិល(២០២៤-២០២៦) និងប្រតិទិនការងារសម្រាប់រៀបចំ កសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៥-២០២៧)របស់រដ្ឋបាលខេត្ត។
ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានមានប្រសាសន៍ក្នុងកិច្ចប្រជុំនោះថា៖ ដោយអនុវត្តតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលបានប្រកាសឱ្យប្រើកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលបានកំណត់ក្នុងមាត្រា៣៧ មាត្រា៣៨ មាត្រា៣៩ និងស្របតាមខ្លឹមសារអនុក្រឹត្យលេខ ២១៩ អន.ក្រ ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៩ ស្តីពីការរៀបចំផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងលិខិតបទដ្ឋានគតិយុត្តិសំខាន់ៗមួយចំនួនទៀត ដែលតម្រូវឱ្យរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រៀបចំផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ និងធ្វើបច្ចុប្បន្នភាពជាប្រចាំ តាមរយៈកម្មវិធីវិនិយោគបីឆ្នាំរំកិល។
ឯកឧត្តមបន្តថា ក្នុងអណត្តិទី៣របស់ក្រុមប្រឹក្សាខេត្ត បានរៀបចំផែនការអភិវឌ្ឍរយៈពេលប្រាំឆ្នាំ(២០២០-២០២៤) ដោយបានកំណត់ចក្ខុវិស័យ «ខេត្ត ជាតំបន់ទេសចរណ៍ សម្រាកលម្ហែកម្សាន្តប្រណិតកម្រិតខ្ពស់ បរិស្ថានល្អ ភ្ញៀវទេសចរមានកំណើន និងមកស្នាក់នៅរយៈពេលយូរ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈល្អ ប្រជាពលរដ្ឋគោរពច្បាប់ សុខុមាលភាព សមភាពយេនឌ័រ សីលធម៌រស់នៅថៃ្លថ្នូរ វប្បធម៌រុងរឿង ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍ ក្នុងគោលបំណងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ»។
កន្លងមកការដឹកនាំ និងការអភិវឌ្ឍន៍ខេត្ត បានអនុវត្តស្របតាមច្បាប់ យុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ និងយុទ្ធសាស្រ្តដែលបានកំណត់ក្នុងផែនការអភិវឌ្ឍន៍ខេត្ត ដោយខិតខំរួមគ្នាអភិវឌ្ឍន៍ឱ្យមានការរីកចម្រើន នាំមកនូវភាពសុខដុមរមនា ធានាបាននូវសុខសន្តិភាព និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ មានសុខុមាលភាពសង្គម ជីវភាពប្រជាជនកាន់តែល្អប្រសើរ។ កត្តាទាំងអស់នេះ គឺអាស្រ័យដោយមានការខិតខំប្រឹងប្រែង សហការ និងយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ អង្គការសង្គមស៊ីវីល វិស័យឯកជន និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបាន និងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម សម្រេចបានការកាត់បន្ថយភាពក្រីក្រគួរឱ្យកត់សម្គាល់ ស្របតាមគោលដៅរបស់រាជរដ្ឋាភិបាល ស្តីពីការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនឱ្យបាន១% ក្នុងមួយឆ្នាំ។ ជាក់ស្តែងតាមរយៈទិន្នន័យមូលដ្ឋានប្រចាំឆ្នាំ អត្រាភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងខេត្ត មានការថយចុះជាលំដាប់គឺ ១២.៨៤% នៅឆ្នាំ២០១៧ មកត្រឹម ២.៤១% នៅឆ្នាំ២០២៣។
ខេត្តកែបបានបង្កើនសន្ទុះ នៃការអភិវឌ្ឍន៍ថែមទៀត ពិសេសចូលរួមការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដែលមកដល់ពេលនេះបានឈានចូលដល់ដំណាក់កាលកាន់តែស៊ីជម្រៅដោយតម្រូវឱ្យមានការលើកកម្ពស់គុណភាពប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈ ដែលកំពុងមានការកើនឡើងស្របពេលដែលស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ជាតិមានការរីកចម្រើន។ ថ្នាក់ដឹកនាំខេត្ត មានក្តីសង្ឃឹមយ៉ាងមុតមាំបំផុត ចំពោះការចូលរួមពីគ្រប់ស្ថាប័នជំនាញរបស់រាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល វិស័យឯកជន និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានបន្តការប្រឹងប្រែងប្រមូលផ្តុំកម្លាំងធនធាននិងថវិកាដើម្បីជំរុញការអភិវឌ្ឍន៍ខេត្ត ឱ្យសម្រេចនូវចក្ខុវិស័យអភិវឌ្ឍន៍របស់ខេត្តដែលបានកំណត់និងរួមចំណែកអភិវឌ្ឍន៍គោលដៅជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ឯកឧត្តមបន្ថែមទៀតថា កិច្ចប្រជុំត្រួតពិនិត្យ ផ្តល់យោបល់ និងកែសម្រួលលើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៤-២០២៦) និងប្រតិទិនការងាររៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៥-២០២៧) របស់រដ្ឋបាលខេត្តពិតជាមានសារៈសំខាន់ខ្លាំងណាស់ យើងនឹងទទួលបានសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៤-២០២៦) និងប្រតិទិនការងារ រៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៥-២០២៧) របស់រដ្ឋបាលខេត្ត មានភាពជាក់លាក់ មានសង្គតិភាពជាមួយនឹងក្របខ័ណ្ឌអភិវឌ្ឍន៍ខេត្ត និងស្របតាមសេចក្តីណែនាំបច្ចេកទេស ដើម្បី ដាក់ជូនក្រុមប្រឹក្សាខេត្ត ពិនិត្យ និងអនុម័ត ដើម្បីអនុវត្តនៅឆ្នាំខាងមុខប្រកបដោយប្រសិទ្ធិភាពខ្ពស់៕ សេង ណារិទ្ធ