កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា ការចុះកិច្ចសន្យាសម្រាប់ការងារគ្រប់គ្រងសំរាម និងសំណល់រឹង រវាងរដ្ឋបាលក្រុងកំពង់ចាម និងក្រុមហ៊ុនស៊ីនទ្រី នាពេលនេះ បន្ទាប់ពីយើងបានអនុវត្តសាកល្បងដោយជោគជ័យក្នុងឆ្នាំ២០២៣កន្លងមក។ ថ្លែងបែបនេះក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាប្រមូលដឹកជញ្ជូនសំរាម និងសំណល់រឹង ទីប្រជុំជន នៅក្រុងកំពង់ចាម នាព្រឹកថ្ងៃទី៤ ខែមិនា ឆ្នាំ២០២៤ ក្រោមវត្តមាន ឯកឧត្តម ចាយ សាមិត្ត រដ្ឋលេខាធិការក្រសួងបរិស្ថាន ។
ក្នុងឱកាសនោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ការអនុវត្តមុខងារប្រមូលសំរាមស្របតាមអនុក្រឹត្យលេខ១១៣នេះ គឺទទួលបានជោគជ័យនៅក្នុងក្រុងកំពង់ចាម ដោយសារមានការគាំទ្រ និងជំរុញ ជាពិសេស គឺឯកឧត្ដម សាយ សំអាល់ ដែលបានជួយតាំងពីដំបូង រហូតដល់បច្ចុប្បន្ននេះ ក៏ដូចជាឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថានបច្ចុប្បន្ន ដែលបានជួយជំរុញការងារយើងឱ្យទទួលបានជោគជ័យ រហូតឈានទៅដល់សម្រេចបានការចុះកិច្ចសន្យាក្នុងថ្ងៃនេះ ។
ឯកឧត្ដមអភិបាលខេត្ត បានណែនាំឱ្យអាជ្ញាធរក្រុង ត្រូវពិនិត្យលិទ្ធភាពនៃការពង្រីកទីតាំងបន្ថែមទៀត ត្រូវប្រមូលឱ្យអស់លិទ្ធភាព ព្រោះក្នុងក្រុងកំពង់ចាមបច្ចុប្បន្ននេះសឹងតែជាផ្លូវកៅស៊ូ និងផ្លូវបេតុង ត្រូវធ្វើការផ្សព្វផ្សាយធ្វើយ៉ាងណាកុំឱ្យមានការដុតសំរាមបន្តទៀត ពោលគឺ ឱ្យសក្កិសមជាទីក្រុង ដែលទទួលបានជ័យលាភី រំដួល ៣ទង ។ ចំពោះខាងក្រុមហ៊ុនដូចគ្នា គឺត្រូវពិនិត្យលិទ្ធភាពបន្ថែមនូវមធ្យោបាយ ក៏ដូចជាកម្មករ ជាច្រើនទៀត ឱ្យស្របតាមកិច្ចសន្យាដែលបានកំណត់ ។
ជាមួយគ្នានោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានលេីកឡើងថា ចំពោះទីលានចាក់សំរាមថ្មី ដែលមានចម្ងាយប្រមាណជា៥គីឡូម៉ែត្រពីក្រុងកំពង់ចាម បន្ទាប់ពីសាងសង់រួច គឺរដ្ឋបាលខេត្ត នឹងមានការសិក្សាលិទ្ធភាព នៃការរៀបចំ ក្រុមការងារគ្រប់គ្រងទីលានចាក់សំរាមនោះឱ្យបានល្អ ហើយក្រុមហ៊ុនស៊ីនទ្រី ក៏លែងមានការព្រួយបារម្ភ ចំពោះការដឹកជញ្ជូនផ្លូវឆ្ងាយទៀតដែរ ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ចាយ សាមិត្ត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា ខេត្តកំពង់ចាម គឺជាខេត្តមួយឈានមុខគេនៃបណ្ដាខេត្តទូទាំងប្រទេស ក្នុងការអនុវត្តអនុក្រឹត្យលេខ ១១៣ ពោលគឺ រដ្ឋបាលក្រុងកំពង់ចាម អាចមានលទ្ធភាព បង់ថ្លៃសេវានៃការប្រមូលសំរាមនេះ ដោយមិនត្រូវការថវិកាជំនួយពីរដ្ឋបាលខេត្ត ។ ហើយការងាររបស់រដ្ឋបាលក្រុងកំពង់ចាមនេះ អាចជាបទពិសោធន៍ សម្រាប់ធ្វើការផ្សព្វផ្សាយ ទៅតាមបណ្ដាក្រុង នៃខេត្តផ្សេងៗទៀតយកគំរូតាមផងដែរ៕