ក្រសួងព័ត៌មានបានដាក់ចេញផែនការ ពិនិត្យប្រព័ន្ធផ្សព្វផ្សាយ ប្រកបដោយក្រមសីលធ៌ម វិជ្ជាជីវៈ ដើម្បីអនុវត្តឱ្យមានតុល្យភាព និងគុណភាពខ្ពស់

0

ខេត្តស្ទឹងត្រែង៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា បានដាក់ចេញផែនការ ពិនិត្យប្រព័ន្ធផ្សព្វផ្សាយ ដើម្បីអនុវត្តឱ្យមានគុណភាព ព្រោះត្បិតប្រព័ន្ធផ្សព្វផ្សាយមួយចំនួនមិនបានដំណើរការនោះទេ  ឯមួយចំនួនទៀតក៏មិនមានអាជ្ញាប័ណ្ណត្រឹមត្រូវ  ដូច្នេះ ការផលិតព័ត៌ផ្សព្វផ្សាយ បានប្រាស់ចាកទៅនឹងក្រមសីលធ៌មវិជ្ជាជីវៈ។

ប្រសាសន៍របស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែង ក្នុងពិធីជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំមន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្ត និងអ្នកសារព័ត៌មានក្នុងខេត្តស្ទឹងត្រែង នៅមន្ទីរព័ត៌មានខេត្ត  នាថ្ងៃទី២៥មិនាឆ្នាំ២០២៤ ដែលមានការអញ្ជើញចូលរួមពី មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ,អភិបាលស្តីទីខេត្តស្ទឹងត្រែង លោក ស៊ី សួន ,អភិបាលរងខេត្ត លោក ថោង ស្រាន់ ,នាយករងរដ្ឋបាលខេត្ត លោក ម៉ែន គង់ ថ្នាក់ដឹកនាំមន្ទីរ មន្ត្រីនៃមន្ទីរព័ត៌មានខេត្ត និងអ្នកសារព័ត៌មានក្នុងខេត្ត សរុបជាង ៥០នាក់។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា មានប្រសាសន៍ថា អ្វីដែលយើងត្រូវតម្រង់ទិស គឺសន្តិសុខព័ត៌មាន ដែលខុសពីព័តមានសន្តិសុខ ដើម្បីពង្រឹងគុណភាពព័ត៌មានដែលបានផ្សាយចេញ ហើយគ្រប់អ្នកសារព័ត៌មាន ត្រូវសរសេរព័ត៌មាន ប្រកបដោយគតិយុត្ត យុត្តិធ៌ម សច្ចធ៌ម ​មានភាពទទួលខុសត្រូវ ឯករាជ និងមានគុណភាព សម្រាប់ផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានយល់ដឹង។

ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍បន្ថែមថា ការសរសេរព័ត៌មានដែលមានតុល្យភាព ឬក្រមសីលធ៌មវិជ្ជាជីវៈ អ្នកសារព័ត៌មានមិនអាចបញ្ចេញទស្សនៈផ្ទាល់ខ្លួនបានទេ  ព្រោះវាខុសទៅនឹងក្រមសីលធ៌មវិជ្ជាជីវៈ (អញ្ចឹងបានក្រសួងយើងត្រូវបើកឡើងវិញ នៅមណ្ឌលបណ្ដុះបណ្ដាល ដើម្បីពង្រឹងសមត្ថភាពរបស់អ្នកសារព័ត៌មាន ទាំងខាងក្នុងផ្ទៃក្នុងក្រសួង និងអ្នកនៅខាងក្រៅ ដើម្បីចូលរួម ហើយខ្ញុំចំណាយពេលថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដើម្បីចុះបង្រៀន ជាមួយនឹងសមាគមសារព័ត៌មាននានា ដើម្បីផ្ដល់នូវចំណេះដឹង ក្រមសីលធ៌មវិជ្ជាជីវៈ ដល់ពួកគាត់ឱ្យអនុវត្ត   ពីព្រោះបើសិនជាយើងអត់មានក្រមសីលធម៌វិជ្ជាជីវៈទេ   អាចនឹងបំពានអ្នកដទៃ ហើយបើបំពានអ្នកដទៃ វាខុសច្បាប់)។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា សារព័ត៌មាន គឺជាអំណាចសង្គម ដែលប្រជាជនអាចបញ្ចេញមតិដោយសេរីភាព តាមរយៈសារព័ត៌មាន ហើយសារព័ត៌មាន មានតួនាទីសម្រាប់នាំយកព័តមានពីថ្នាក់ដឹកនាំទៅដល់ប្រជាជន និងពីមូលដ្ឋានទៅថ្នាក់ដឹកនាំវិញ ប្រកបដោយជាក់លាក់ ងាយស្រួលដល់ថ្នាក់ដឹកនាំបានដោះស្រាយបញ្ហា ជូនប្រជាជនទាន់ពេលវេលា និងមានប្រសិទ្ធភាព ។

ឯកឧត្តម នេត្រ ភក្ត្រា បានក្រើនរំលឹកអ្នកសារព័ត៌មានទាំងអស់ សូមឱ្យផលិតព័ត៌មានបែបគុណភាព និងការពិត ជៀសវៀងមានការប្រឈមនឹងផ្លូវច្បាប់ បើទោះបីវិស័យសារព័ត៌មាន ស្ថិតនៅក្នុងអំណាចទី៤ នៃនយោបាយរបស់រាជរដ្ឋាភិបាលក៏ដោយ ។

ប្រធានមន្ទីរព័ត៌មានខេត្តស្ទឹងត្រែង លោក ស៊ុន ប៊ុនធឿន បានគាំទ្រការដាក់ចេញផែនការនេះ ព្រោះបច្ចុប្បន្នមន្ត្រីមន្ទីរព័ត៌មានខេត្តស្ទឹងត្រែង កំពុងត្រូវការបណ្តុះបណ្តាលពង្រឹងសមត្ថភាពបន្ថែម ដើម្បីបំពេញការងារផ្នែកសរសេរព័ត៌មាន ឱ្យមានគុណភាព ប្រកបដោយវិជ្ជាជីវៈ និងមានក្រមសីលធ៌មល្អ សម្រាប់ការផ្សព្វផ្សាយ។

គួរបញ្ជាក់ថា មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង មានមន្ត្រីបំរើការងារចំនួនជាង ៣០នាក់  ដោយឡែក អ្នកសារព័ត៌មានផ្សេងៗទៀត មានចំនួនជាង ១០ស្ថាប័ន និងមានអ្នកព័ត៌មានប្រមាណជិត ២០នាក់ កំពុងបំពេញវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ប្រចាំខេត្តស្ទឹងត្រែង៕ដោយ៖ឡុង សំបូរ