រដ្ឋបាលខេត្តកែប បានរៀបចំកិច្ចប្រជុំជាលើកទី២ ដើម្បីផ្តល់យោបល់លើ សេចក្តីព្រាងច្បាប់ ស្តីពី ការរៀបចំដែនដី និងនគរូបនីយកម្ម

0

ខេត្តកែប: នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ លោក វ៉ៅ សុខា អភិបាលរងខេត្តកែប បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំលើកទី២ ជាមួយមន្ទីរ អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់  និងនាយកទីចាត់ការអន្តរវិស័យ ដើម្បីបូកសរុបលើការងារផ្តល់យោបល់ លើសេចក្តីព្រាងច្បាប់ ស្តីពី ការរៀបចំដែនដី នគរូបនីយកម្ម ។
លោក ឈុន ច័ន្ទវ៉ាន់ថុន នាយករងរដ្ឋបាលសាលាខេត្ត បានស្រង់យកនូវ ជំពូក និងមាត្រាសំខាន់ៗ ក្នុងសេចក្តីព្រាងច្បាប់ ស្តីពីការរៀបចំដែនដី នគរូបនីយកម្ម ដើម្បីបង្ហាញជូន ដល់អង្គប្រជុំផ្តល់យោបល់ ដែលពាក់ព័ន្ធ ដល់ការអនុវត្តការងារប្រចាំថ្ងៃនៅថ្នាក់ក្រោមជាតិ ។

ក្នុងនោះដែរលោក វ៉ៅ សុខា អភិបាលរងខេត្ត មានប្រសាសន៍ថា សេចក្តីព្រាងច្បាប់ ស្តីពី ការរៀបចំដែនដី និងនគរូបនីយកម្មនេះនឹងធ្វើការអនុម័ត និងដាក់អោយប្រើជាធរមាន បន្ទាប់ពី បានផ្តល់យោបល់គ្រប់គ្រាន់ ពីគ្រប់ផែ្នកពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិ ។

ដូច្នេះក្នុងនាម មន្ត្រីអនុវត្តច្បាប់នៅថ្នាក់ក្រោមជាតិ ត្រូវពិនិត្យខ្លឹមសារច្បាប់ និងផ្តល់យោបល់ អោយបានផុលផុស ដើម្បីច្បាប់ថ្មីនេះ មានអនុភាពគ្រប់គ្រាន់ សម្រាប់ជាត្រីវិស័យ ក្នុងការយកមកអនុវត្ត នៅថ្នាក់ក្រោមជាតិ ពិសេស លើកកំពស់ការគ្រប់គ្រង ការរៀបចំដែនដី  និងនគរូបនីយកម្ម ការពារសិទ្ធ ផលប្រយោជន៍ សុខមាភាពសាធារណៈ និងឯកជន ការពារនិងរក្សាសម្បត្តិធម្មជាតិ វប្បធម៌ ប្រវត្តិសាស្តជាដើម។ លោកអភិបាលរងខេត្ត ស្នើអោយ អ្នកកត់ត្រា ស្រង់យកអោយអស់ នូវ ចំណុចដែលសមាជិកអង្គប្រជុំបានចូលរួមផ្តល់យោបល់ និងបំពេញបន្ថែម សម្រាប់ផ្តល់ជូន ដល់ថ្នាក់ជាតិវិញ៕ សេង ណារិទ្ធ