សៀមរាបៈ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤ លោក ភួង លីណា ប្រធានស្តីទីមន្ទីរបរិស្ថានខេត្តសៀមរាប លោកបានដឹកនាំមន្ត្រីជំនាញបរិស្ថាន ចុះត្រួតពិនិត្យជាក់ស្តែងដល់ទីលានចាក់សំរាម នៅចំណុចភូមិប៉ាតត ឃុំគោកធ្លកក្រោម
ស្រុកជីក្រែង ខេត្តសៀមរាប ក្រុមការងារបានពិនិត្យឃើញថាមាន បញ្ហាមួយចំនួនដូចខាងក្រោម៖
១. សំរាមស្ថិតនៅរាយប៉ាយនៅតាមមាត់រណ្តៅ និងក្រៅរណ្តៅ ទីលានបណ្តាលអោយក្លិនស្អុយ និងអាចកើតមានជំងឺដល់ប្រជា ពលរដ្ឋជិតខាង។
២. បង្ករអោយមានសត្វល្អិតដូចជា (រុយ និងមូសជាដើម) ។
៣. ការដឹកជញ្ជូនសំរាម ពីទីផ្សារមកកាន់ទីលានចាក់សំរាម ពុំមានការវិចខ្ចប់អោយបានត្រឹមត្រូវ ។
ក្រោយពីបានចុះត្រួតពិនិត្យទីលានចាក់សំរាមរួចមក លោក ភួង លីណា ប្រធានស្តីទីមន្ទីរបរិស្ថានខេត្តសៀមរាប និងក្រុមការងារ មន្ត្រីថ្នាក់ភូមិ ឃុំ ស្រុក បានចុះទៅសួរសុខទុក្ខប្រជាពលរដ្ឋដែលរស់នៅជិតទីលានចាក់សំរាមចំងាយប្រហែល ៧០ម៉ែត្រ ទៅ៨០ម៉ែត្រ មានចំនួន៤គ្រួសារ បានរៀបរាប់ថា៖ នៅពេលដែលមានខ្យល់បក់បោកមកចំផ្ទះគាត់ម្តងៗ គាត់ទទួល នូវក្លិនស្អុយរហូតពេលខ្លះទ្រាំពុំបាន ម្យ៉ាងទៀតក្នុងផ្ទះរបស់គាត់មានរុយក្បាលខៀវជាច្រើនមកទំលើចំណីអាហារផ្សេងៗ ជាពិសេសឆ្កែ បានពាំឆ្អឹងគោ ឬជ្រូក មកដាក់នៅក្រោយ ឬក្រោមផ្ទះរបស់គាត់ ជារៀងរាល់ថ្ងៃ។
បន្ទាប់ពីបានទទួលពត៌មានពីប្រជាពលរដ្ឋ លោក ភួង លីណា ប្រធានស្តីទីមន្ទីរបរិស្ថានខេត្តសៀមរាប និងក្រុមការងារ បានធ្វើដំណើរមកកាន់សាលាស្រុកជីក្រែងដើម្បីធ្វើការប្រជុំពិភាក្សា ដោះស្រាយពីបញ្ហាទីលានចាក់សំរាមនៅផ្សារកំពង់ក្តី។
កិច្ចប្រជុំដោះស្រាយស្តីពីបញ្ហាទីលានចាក់សំរាមដែលបានបង្ករអោយមានក្លិនស្អុយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋក្រោមអធិបតីភាព លោក ភួង លីណា ប្រធានស្តីទីមន្ទីរបរិស្ថានខេត្តសៀមរាប។
សមាសភាពចូលរួមមានៈ តំណាងសាលាស្រុកជីក្រែង លោក លី ប៊ុនជន , តំណាងសាលាឃុំគោកធ្លកក្រោម លោក ជៀប សាន , តំណាងមេភូមិប៉ាតត លោក មី ស៊ង់ , តំណាងប៉ាស៊ីផ្សារកំពង់ក្តី លោក ជា ប៊ុនណារិទ្ធ និងតំណាងប្រជពលរដ្ឋ១០០គ្រួសារ អ្នកស្រី ហុង គា សរុបទាំងអស់១៣នាក់ ។នៅក្នុងកិច្ចប្រជុំ លោក ភួង លីណា ប្រធានស្តីទីមន្ទីរបរិស្ថានខេត្តសៀមរាប បានលើកឡើងនៅក្នុងអង្គប្រជុំសម្រាប់អោយ លោក ប៊ុន ណារិទ្ធ ដែលជាម្ចាស់ផ្សារកំពង់ក្តី អនុវត្តន៍គោលការណ៍ដូចខាងក្រោម៖
១. ហាមដុតសំណល់រឹង ឬសំរាមនៅទីលានចាក់សំរាម២. ប្រមូលសំរាមនៅមាត់រណ្តៅ និងនៅក្រៅរណ្តៅ ដាក់បញ្ចូលទៅក្នុងទីលានរណ្តៅអោយបានល្អ៣. ត្រូវធ្វើរបងស័ង្កសី ព័ទ្ធជុំវិញ ទីលានរណ្តៅដើម្បីកុំអោយ មានក្លិនស្អុយភាយទៅដល់ប្រជាពលរដ្ឋ៤. ត្រូវប្រើផេះ អង្កាម កំបោរ និងទឹក SMយកទៅចាក់ពីលើសំរាមដើម្បីសំលាប់សតុ្វល្អិតនិងដើម្បីកាត់បន្ថយក្លិនស្អុយ៥. ត្រូវដាំដើមឈើហ៊ុំព័ទ្ធជុំវិញទីលានចាក់សំរាម៦. ម្ចាស់ទីលានចាក់សំរាមត្រូវបំពេញសំណុំបែបបទស្របទៅតាមគោលការណ៍ច្បាប់ ។
បន្ទាប់ពី លោក ភួង លីណា ប្រធានស្តីទីមន្ទីរបរិស្ថានខេត្តសៀមរាប បានលើកឡើងនូវគោលការណ៍ទាំង ៦ចំណុចខាងលើ លោក ជា ប៊ុនណារិទ្ធ តំណាងអោយប៉ាស៊ីផ្សារកំពង់ក្តី លោកបានទទួលស្គាល់កំហុស ពីការចាក់សំរាមខ្ជះខ្ជាយគ្មានអនាម័យកន្លងមក ក្រោយពីការធ្វើប្រជុំរួច លោកក៏បានសន្យា និងផ្តេជ្ញាជូនចំពោះមុខអង្គប្រជុំថា នឹងអនុវត្តន៍អោយបាននូវគោលការណ៍ទាំង៦ចំណុចខាងលើ ដែលលោក ភួង លីណា ជាប្រធានស្តីទីមន្ទីរបរិស្ថានខេត្តសៀមរាបបានដាក់អោយអនុវត្តន៍។
ក្រោយពីមានការចង្អុលបង្ហាញពី លោក ភួង លីណា ប្រធានស្តីទីមន្ទីរបរិស្ថានខេត្តសៀមរាប ដល់លោក ជា ប៊ុនណារិទ្ធ ជាប្រធានផ្សារកំពង់ក្តី ក្រុមការងារនិងមន្ត្រីពាក់ព័ន្ធ ស្រុក ភូមិ ឃុំ ក៏បានឯកភាពយល់ព្រមនិងកំណត់ពេលវេលាដល់ លោក ជា ប៊ុន ណារិទ្ធ ជាប្រធានផ្សារកំពង់ក្តីអោយរៀបចំទីលានចាក់សំរាមអោយបានរួចរាល់ក្នុងរយៈពេល១ខែ គិតចាប់ពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤ នេះតទៅ។
កំពង់ក្តី ដោយ រៀម រិទ្ធី