ប្រជាពលរដ្ឋជិតមួយពាន់គ្រួសារ កំពុងប្រឈមកង្វះទឹកប្រើប្រាស់ អាជ្ញាធរខេត្តស្ទឹងត្រែង ក៏កំពុងខ្នះខ្នែងរិះរកវិធានការជួយសង្គ្រោះប្រជាពលរដ្ឋ នៅក្នុងរដូវរាំងស្ងួតនេះ !

0

ខេត្តស្ទឹងត្រែង៖ អាជ្ញាធរខេត្តស្ទឹងត្រែង កំពុងរិះរកវិធានការក្នុងការចុះផ្តល់ទឹក និងប្រភពទឹក ជូនប្រជាពលរដ្ឋប្រមាណជិត ១ពាន់គ្រួសារ គ្រាដែលពួកគាត់កំពុងប្រឈមនឹងកង្វះទឹកប្រើប្រាស់ នៅក្នុងដែនដីក្រុង និងបណ្តាស្រុកនានាទៀតក្នុងខេត្ត ពិសេសស្រុកថាឡាបរិវ៉ាត់ ខណៈសត្វពាហនៈ (គោ) ១០ក្បាល បានងាប់ជាបន្តបន្ទាប់ នៅក្នុងរដូវរាំងស្ងួតនេះ។

នាយករងរដ្ឋបាលខេត្ត និងជាមន្ត្រីអ្នកនាំពាក្យរដ្ឋបាលខេត្តស្ទឹងត្រែង លោក ម៉ែន គង់ បានប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃ៣ឧសភានេះថា ប្រជាពលរដ្ឋនៅក្នុងក្រុង-ស្រុកទាំង៦ នៃខេត្តស្ទឹងត្រែង ក្នុងនោះ ប្រជាជនដែលងាយរងគ្រោះ ដោយកង្វះខាតទឹកប្រើប្រាស់មុនគេបំផុតនោះ គឺនៅក្នុងស្រុកថាឡាបរិវ៉ាត់ ដែលមានចំនួនកើនឡើងរហូតដល់ជិត ១ពាន់គ្រួសារនោះហើយ ប្រសិនបើភ្លៀងនៅតែមិនព្រមធ្លាក់ ក្នុងរយៈពេល២-៣សប្តាហ៍ទៀត ខាងមុខនេះ។

លោក ម៉ែន គុង បានបន្តថា គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដែលមានលោក ស្វាយ សំអ៊ាង អភិបាលខេត្ត និងជាប្រធានគណៈកម្មការ ​បានបញ្ជាឲ្យក្រុមការងារ និងអាជ្ញាធរភូមិ ឃុំ ចុះពិនិត្យមើលប្រភពទឹកជាក់ស្តែង នៅតាមមូលដ្ឋានរបស់ខ្លួន ចំពោះប្រភពទឹកដែលអាចស្តារ ជួសជុល ឬកែកុនយកមកប្រើប្រាស់ឡើងវិញបាន ដូចជា៖ ស្រះទឹក ត្រពាំងទឹក និងអណ្តូងស្តប់ជាដើម។

មន្ត្រីនាំពាក្យរដ្ឋបាលខេត្តស្ទឹងត្រែង លោក ម៉ែន គង់​ បានបន្តទៀតថា នៅរយៈកាលកន្លងមក គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានចុះពិនិត្យ និងជួសជុលអណ្តូងស្នប់ដែលមានស្រាប់ ដើម្បីជូនប្រជាពលរដ្ឋបានប្រើប្រាស់ឡើងវិញហើយដែរ។

ស្របពេលជាមួយគ្នានោះដែរ គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក៏បានត្រៀមខ្លួនជាស្រេច ដើម្បីជួយសង្រ្គោះប្រជាជនក្នុងគ្រប់កាលៈទេសៈ នៃរដូវរាំងស្ងួតនេះ ដូចជាត្រៀម រថយន្តដឹកទឹក គោយន្ត រឺម៉ក ម៉ូតូ អាងស្តុកទឹក ធុងដាក់ទឹក និងសម្ភារមួយចំនួនទៀតផងដែរ ។

លោក ម៉ែន គង់ បានបញ្ជាក់ថា កន្លងមកក្នុងរដូវក្តៅនេះ មានសត្វគោបានងាប់ជាង ១០ក្បាលមកហើយ ដោយសារខ្វះទឹក ខ្វះចំណី ព្រមទាំងខ្វះការថែទាំឲ្យបានល្អពីម្ចាស់ ប៉ុន្តែពុំមានតួលេខ ស្តីពីមនុស្សស្លាប់នៅឡើយទេ នាពេលបច្ចុប្បន្ននេះ។

ប្រជាពលរដ្ឋទាំងក្នុងក្រុងស្ទឹងត្រែង និងនៅតាមបណ្តាស្រុក ៥ទៀត ពិសេសប្រជាពលរដ្ឋនៅទីជនបទដាច់ស្រយាល ដែលកំពុងប្រឈមកង្វះទឹកប្រើប្រាស់ ស្នើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជួយពន្លឿនក្នុងការផ្តល់ប្រភពទឹកជូនពួកគាត់ឱ្យបានឆាប់ គ្រាដែលរដូវប្រាំងនៅតែបន្តអូសបន្លាយគ្មានភ្លៀងធ្លាក់សូម្បីតែមួយមេ រីឯត្រពាំង បឹង បួរ ក៏រីងស្ងួតហួតហែងអស់ បង្កឱ្យផលកសិកម្ម និងសត្វពាហនៈ រងនឹងការអត់ចំណី និងទឹក ក្រៀមស្វិត និងបានស្លាប់ជាបន្តបន្ទាប់៕ដោយ៖ឡុង សំបូរ