កំពង់ចាម: លោក ហាវ ធិន នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម បានអះអាងថា ក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ វគ្គ១មានសិស្សជំនាញការថែទាំ និងជួសជុលរថយន្ត និងការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ សរុបចំនួន ៣៩នាក់ បានចុះកម្មសិក្សានៅតាមក្រុមហ៊ុន និងយានដ្ឋាន ហើយទទួលបានការងារផងដែរ។ ថ្លែងបែបនេះក្នុងឱកាសប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ ” TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ” ដែលបានធ្វេីឡេីងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ក្រោមវត្តមានឯកឧត្តម ចាន់ ផល្លី អភិបាលរង តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ។
ក្នុងឱកាសនោះដែរ លោក ហាវ ធិន បានឱ្យដឹងថា បច្ចុប្បន្ន វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម មានបណ្ដុះបណ្ដាលលើជំនាញ ដូចជា ៖ វិស្វកម្មអគ្គិសនី វិស្វកម្មអេឡិចត្រូចនិក វិស្វកម្មយន្តសាស្ត្ររថយន្ត វិស្វកម្មសំណង់ស៊ីវិល បរិក្ខារត្រជាក់ឧស្សាហកម្ម វិទ្យាសាស្ត្រកុំព្យូទ័រ និងមានជំនាញជាច្រើនទៀតស្របតាមតម្រូវការទីផ្សារការងារ។ វិទ្យាស្ថានបានបណ្តុះបណ្តាលចាប់ពីកម្រិតវិញ្ញាបនបត្រ រហូតដល់កម្រិតបរិញ្ញាបត្រ (ដោយសិក្សាចាប់ពីមួយសប្តាហ៍ រហូតដល់៥ឆ្នាំ)។
លោក ហាវ ធិន នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម បានបន្តថា វិទ្យាស្ថានបានខិតខំលើកកម្ពស់ការបណ្តុះបណ្តាល និងការងារ ដើម្បីបង្កើនផលិតភាព និងភាពប្រកួតប្រជែង ដោយខិតខំស្វែងរកដៃគូ ដូចជាក្រុមហ៊ុន រោងចក្រ សហគ្រាស ដើម្បីឲ្យសិស្ស និស្សិតចុះហាត់ការការងារ និងកម្មសិក្សា។ ជាពិសេសស្វែងរកការងារជូននិស្សិតក្រោយបញ្ចប់ការសិក្សាស្របតាមជំនាញ និងសមត្ថភាពរបស់សិស្ស និស្សិត។
ជាមួយគ្នានោះ លោក ហាវ ធិន បានសង្កត់ធ្ងន់ថា ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈTVET DAYលើកទី៧ ក្រោមប្រធានបទ “TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ” ជាលើកទី៣ សម្រាប់ខេត្តកំពង់ចាម ដែលអាចនាំអារម្មណ៍ ប្រជាពលរដ្ឋ អាណាព្យាបាល ប្អូនៗសិស្សនិស្សិត និងអ្នកប្រើប្រាស់កម្លាំងពលកម្មចាប់អារម្មណ៍ក្នុងវិស័យអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ជាពិសេសយើងអាចរំលេចឱ្យឃើញអំពីតម្លៃនៃជំនាញ ពីតម្រូវការពិតប្រាកដ នៃទីផ្សារការងារបច្ចុប្បន្ន ក៏ដូចជាការលើកកម្ពស់ខឿនសេដ្ឋកិច្ចជាតិ តាមរយៈមនុស្សម្នាក់ត្រូវមានជំនាញជាក់លាក់មួយជាចាំបាច់ ៕