អភិបាលខេត្តកំពង់ចាម បានថ្លែងថា ការថែទាំសុខភាពបឋម គឺជាអភិក្រមរបស់សង្គមទាំងមូល ដើម្បីសុខភាព

0

កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា ការថែទាំសុខភាពបឋម គឺជាអភិក្រមរបស់សង្គមទាំងមូល ដើម្បីសុខភាព សំដៅធានាធ្វើឱ្យប្រសើរឡើងនូវសុខភាព និងសុខុមាលភាព  ដោយផ្តោតលើតម្រូវការរបស់ប្រជាជន និងការឆ្លើយតបតាមតម្រូវការទាំងនេះឱ្យបានទាន់ពេល ចាប់ពីការលើកកម្ពស់សុខភាព និងការបង្ការជំងឺ រហូតដល់ការព្យាបាល ការស្តារនីតិសម្បទា និងការព្យាបាលសម្រន់ ។ ថ្លែងបែបនេះក្នុងកិច្ចប្រជុំតម្រង់ទិសដល់ក្រុមការងារការអនុវត្ត ក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម នៅក្នុងខេត្តកំពង់ចាម នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលេីកឡេីងថា ការថែទាំសុខភាពបឋម ផ្តោតលើទិដ្ឋភាពឱ្យបានគ្រប់ជ្រុងជ្រោយ និងប្រទាក់ក្រឡាគ្នារវាងសុខភាពរាងកាយ ផ្លូវចិត្ត និងសង្គម ព្រមទាំងសុខមាលភាពពេញមួយជីវិត ។  មានការទទួលស្គាល់យ៉ាងទូលំទូលាយថាប្រព័ន្ធសុខាភិបាលផ្អែកលើការថែទាំសុខភាពបឋម គឺជាមធ្យោបាយប្រកប ដោយប្រសិទ្ធភាពសមធម៌ និងជាមាគ៌ាប្រកបដោយចីរភាពឆ្ពោះទៅសម្រេចបាន ការគ្របដណ្តប់សុខភាពជាសកល និងគោលដៅអភិវឌ្ឍន៍។ ដោយប្រព័ន្ធសុខាភិបាលរបស់ប្រទេសកម្ពុជាយើង គឺផ្តោតការយចិត្តទុកដាក់លើការថែទាំសុខភាពបឋម បានជួយឲ្យប្រទេសកម្ពុជាសម្រេចបានសមិទ្ធិផលសុខាភិបាលយ៉ាងច្រើននាពេលកន្លងមក និងពេលបច្ចុប្បន្ននេះ។

ឯកឧត្ដមអភិបាលខេត្ត បានបន្តថា ការថែទាំសុខភាពបឋម រួមចំណែកដល់ការកាត់បន្ថយអត្រាមរណភាពមាតា ទារក និងកុមារអាយុក្រោមប្រាំឆ្នាំ និងកាត់បន្ថយជំងឺឆ្លងដូច ជាជំងឺអេដស៍ ជំងឺគ្រុនចាញ់ និងជំងឺរបេងជាដើម ហើយអាយុរំពឹងរស់របស់ប្រជាជនបានកើនឡើងដល់ ៧៥,៥ឆ្នាំ នាពេលបច្ចុប្បន្ននេះ។ ទោះបីជាយ៉ាងណាក៏ដោយ យើងត្រូវជំរុញ និងបង្កើនការងារថែទាំសុខភាពបឋមបន្ថែមទៀត ដោយសារយើងកំពុងជួបប្រទះបញ្ហាប្រឈមថ្មីៗ ដូចជាសន្ទុះកើនឡើងនៃជំងឺមិនឆ្លងក្នុងនោះមានជំងឺលើសសម្ពាធឈាម ជំងឺទឹកនោមផ្អែម  បញ្ហាសុខភាពផ្លូវចិត្ត កំណើនតម្រូវការសុខភាពមនុស្សចាស់ និងជំងឺឆ្លងដែលអាចនឹងរាតត្បាតខ្លាំងនៅពេលណាមួយ។

ជាមួយគ្នានោះ ឯកឧត្ដម អ៊ុន ចាន់ដា ក៏បានជំរុញឱ្យធ្វើផែនការវិនិយោគក្រុង-ស្រុក ឃុំ-សង្កាត់ ដើម្បីអនុវត្តសកម្មភាពស្នូលទាំង៦ របស់ ក្របខ័ណ្ឌ អនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម ឲ្យបានសម្រេចទៅតាមផែនការរបស់ក្រសួងសុខាភិបាល ដោយមានការផ្តល់លទ្ធភាព និងការចូលរួមរបស់បុគ្គល គ្រួសារ និងសហគមន៍។ ការតម្រង់ទិសឡើងវិញនូវគំរូកញ្ចប់ផ្តល់សេវាសុខភាព។ ការពង្រឹងសមត្ថភាពធនធានមនុស្សសុខាភិបាលឆ្លើយតបទៅនឹងការថែទាំសុខភាពបឋម។ ការប្រើប្រាស់នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល។ ការវិនិយោគលើការថែទាំសុខភាពបឋម សម្រាប់ការគ្របដណ្តប់សុខភាពសកល និងការលើកកម្ពស់អភិបាលកិច្ច និងការពង្រឹងភាពជាដៃគូផងដែរ ៕